ស្អាត ឆ្លាត ពូកែ! ថៅកែវ័យក្មេងយីហោ Costme ចេញរកស៊ីតាំងពីមានលុយ២០$ រហូតបើកហាងបាន៣
Ping Chou EngDECEMBER 15 20231 K views

បើនិយាយអំពីហាងលក់គ្រឿងថែទាំស្បែកនិងគ្រឿងសម្អាង យុវវ័យភាគច្រើនប្រាកដជាស្គាល់យីហោ Costme ដែលមាន អ្នក​នាង លីម គីមជា គឺជាស្ថាបនិក និងជាម្ចាស់ហាងសម្បូរវេហា៍ពូកែធ្វើមាតិកានៅលើបណ្តេញសង្គមមួយរូប អំពីការថែទាំសម្រស់និងផលិតផល។

 

Screenshot 2023 12 15 132443

 

មិនមែនជារឿងចៃដន្យទេដែលស្រ្តីជើងខ្លាំងរូបនេះអាចឈានដល់ចំណុចនេះ ថ្លែងប្រាប់ក្រុមការងារ Business Cambodia នៅក្នុងបទសម្ភាសន៍មួយថៅកែស្រីវ័យក្មេងរូបនេះបានឱ្យដឹងថា “របរអនឡាញនេះខ្ញុំធ្វើជាង៩ឆ្នាំមកហើយ ខ្ញុំចាប់ផ្តើមតូចតាំងពីមានលុយ២០$ តែយើងអាចឈានមកដល់ថ្ងៃនេះគឺមានតែពាក្យថាធ្វើសកម្មភាពឱ្យច្រើនៗប៉ុណ្ណោះ”។

 

Screenshot 2023 12 15 131914

 

បន្តជាមួយសំឡេងដែលពោរពេញដោយទំនុកចិត្ត ជើងខ្លាំងរូបស្រស់នេះបានឱ្យដឹង “ខ្ញុំចាប់ផ្តើមដំបូងគឺមានទុនតិចតួចដែលវាជាការលំបាកជាខ្លាំង តែចំណង់ ឆន្ទៈ និងក្តីស្រឡាញ់លើមុខរបរហ្នឹងគឺធំ កាលនោះឆ្នាំ២០១៤ ខ្ញុំលក់អីវ៉ាន់អនឡាញចេញពីតៀមកាហ្វេតូច១ របស់គ្រួសារប៉ុណ្ណោះ ហើយខ្ញុំប្រើទូរស័ព្ទស្ទើរតែ១៥ម៉ោងក្នុងមួយថ្ងៃ ដើម្បីលក់ផលិតផលនៅលើអនឡាញ ដើម្បីឡាយ ថតវីដេអូផលិតផលជារៀងរាល់ថ្ងៃ ទោះចាប់ផ្តើមដំបូងរៀងអៀននិងរឹងខ្លួនបន្តិចក្តី តែមិនចេះហត់សោះ”។

 

Screenshot 2023 12 15 132302

 

លក់អនឡាញបាន៣ឆ្នាំ ក្នុងឆ្នាំ២០១៧ អ្នកនាង គីមជា​ ហៅ(Mice) ក៏អាចមានលទ្ធភាពក្នុងការបើកហាងផ្ទាល់ខ្លួនបាន ក្នុងនោះមានកត្តាធំៗចំនួន៣ ដែលអាចធ្វើឱ្យគូស្វាមី-ភរិយាវ័យក្មេងមួយគូនេះអាចពង្រីកខ្លួនបានលឿន ធ្វើឱ្យអាជីវកម្មខ្លួនក្លាយជាយីហោគ្រឿងសម្អាងមួយដែលមានសក្តានុពលក្នុងទីផ្សារ៖

 

Screenshot 2023 12 15 132016

 

១. ទំនុកចិត្ត

 

ទំនុកចិត្តគឺជាខែលដ៏ធំក្នុងអាជីវកម្ម តែ Costme មិនត្រឹមតែផ្តល់ទំនុកចិត្តលើគុណភាពផលិតផលដល់ភ្ញៀវនោះទេ តែម្ចាស់ហាងរូបនេះផ្តោតសំខាន់បំផុតលើការកសាងទំនុកចិត្តសេវាកម្ម។ ដោយសេវាកម្មល្អ ផ្គាប់ចិត្តតម្រូវការរបស់ភ្ញៀវបានពេញលេញ ពោលគឺធ្វើឱ្យភ្ញៀវយល់ថាចូលដល់ហាង Costme កាលណាគឺស្អាតពីក្បាលដល់ចុងជើងជាមួយស្តង់ដារសម្រស់របស់ខ្លួនឯង។

 

ជាក់ស្តែងដូចជាអ្នកនាងផ្ទាល់មិនត្រឹមតែបង្ហាញពីចំណេះដឹងក្នុងការថែទាំស្បែកដល់អតិថិជនប៉ុណ្ណោះទេ ពេលខ្លះនៅហាងផ្ទាល់គឺធ្វើការប្រៀបដូចបុគ្គលិកដែរ ដោយណែនាំផលិតផលដែលស័ក្តិសមទៅកាន់ភ្ញៀវក្នុងហាងតែម្តង ដើម្បីធានាដល់ទំនួលខុសត្រូវលើប្រសិទ្ធិភាពផលិតផលទៅកាន់អតិថិជន។  

 

២. ខុសពីគេ

 

Costme ជាហាងគ្រឿងសម្អាងនិងផលិតផលថែរក្សាសម្រស់ពិតមែនតែហាងមិនលក់ផលិតផលដូចៗគេនៅលើទីផ្សារនោះទេគឺ Costme យកតែផលិតផលណា ដែលមិនសូវល្បីឈ្មោះមកបង្កើតទីផ្សារឱ្យវាពេញនិយមដោយខ្លួនឯងតែម្តងដោយមិនរត់តាមនិន្នាការផលិតផលល្បីពេកឡើយ ឬមានការប្រកួតប្រជែង ហើយនេះជាចក្ខុវិស័យរបស់សហគ្រិនស្រ្តីរូបនេះគឺធ្វើអ្វីមិនឱ្យដូចគេឡើយ។

 

៣. គំនិតច្នៃប្រឌិត

 

បើយើងក្រឡេកទៅមើលការរចនាខាងក្រៅរបស់ហាងនេះវិញគឺមានពណ៌ដិតចម្រុះគ្នា និងប្តូរជាប្រចាំផងដែរ ដោយឡែកនៅខាងក្នុងហាងវិញក៏បានគិតគូលើសោភ័ណភាពនិងតម្រូវការតូចតាចរបស់អតិថិជនដែរ ដូចជាការធ្វើឱ្យកន្លែងខ្លះមានពន្លឺតិចឬខ្លាំងទៅតាម Zone របស់ផលិតផលនិងតម្រូវការប្រើប្រាស់។ ចំណុចដែលកាន់តែពិសេសយីហោនេះគឺតុបតែងទាំងហាងតុបតែងទាំងមនុស្ស ពោលគឺម្ចាស់ហាងចូលចិត្តការតុបតែងខ្លួនឱ្យមានទំនោរដូចរូបរាងហាងនិងផលិតផលតែម្តង។

 

នាពេលបច្ចុប្បន្ននេះយីហោ Costme អាចពង្រីកខ្លួនបានសាខានៅភ្នំពេញ​ហើយអាចទាញអ្នកតាមដានជាង២០០Kហើយនៅលើផ្លាតហ្វូមចំនួន៣ដូចជា Instagram , Facebook, និង TikTok ខណៈអ្នកនាង លីម គីមជា ក៏បានបង្ហើបផងដែរថារបៀបធ្វើទីផ្សារលើផ្លាតហ្វូមទាំង៣នេះគឺមានលក្ខណៈខុសៗគ្នា ដោយហ្វេកប៊ុកល្អបំផុតដើម្បីជំរុញការលក់ តិកតុកជួយបង្កើនប្រជាប្រិយភាព និងអីនស្តារក្រាមជាកន្លែងកសាងទំនុកចិត្ត៕

 

Screenshot 2023 12 15 132204

 

អត្ថបទដោយ៖ ពីង ជូអេង

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia