សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាបានដើរតួយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ការធានានូវបរិយាប័ន្នសកល និងកំណើនសេដ្ឋកិច្ចជាតិ។ បច្ចេកវិទ្យាឌីជីថលមានសក្តានុពលក្នុងការជម្រុញផលិតភាព និងការរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យម ហើយសេដ្ឋកិច្ចកំពុងធ្វើឌីជីថលូបនីយកម្មយ៉ាងឆាប់រហ័ស ដូច្នេះហើយទើបសហគ្រាសធុនតូច និងមធ្យមត្រូវការចាប់យកដំណោះស្រាយឱ្យបានទាន់ពេលវេលាដើម្បីប្រកួតប្រជែង និងបន្តអាជីវកម្មដោយរលូន។
ផ្សារខេមបូឌាត្រេដ ដែលត្រូវបានស្គាល់ជា cambodiatrade.com ជាផ្សារពាណិជ្ជកម្មបែបអេឡិចត្រូនិកក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម បានធ្វើការយ៉ាងសកម្មដើម្បីជួយគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមនៅក្នុងស្រុក និងបង្កើនឱកាសសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។
ផ្សារពាណិជ្ជកម្មបែបអេឡិចត្រូនិកក្នុងទម្រង់ ពីអាជីវកម្មទៅអាជីវកម្ម និងពីអាជីវកម្មទៅកាន់អ្នកប្រើប្រាស់ (B2B2C) នេះ មានគោលបំណងជម្រុញការលក់ផលិតផលដែលមានសក្តានុពលផលិតដោយប្រជាជនខ្មែររបស់សហគ្រាសធុនតូច និងមធ្យម ឱ្យបានកាន់តែទូលំទូលាយទៅកាន់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស។ ផ្សារខេមបូឌាត្រេដ ក៏មានបំណងបង្កើនឱកាសសេដ្ឋកិច្ចដល់សហគ្រាសធុនតូច និងមធ្យម តាមរយៈការចូលរួមក្នុងសេដ្ឋកិច្ចឌីជីថល ជាពិសេសសហគ្រិនស្រ្តី និងសហគ្រាសធុនតូច និងមធ្យមនៅតាមបណ្តាខេត្ត។
ផលិតផលជាង ១៥០០ មុខ បានកំពុងដាក់តាំងបង្ហាញនៅលើវេបសាយខេមបូឌាត្រេដដូចជា ផលិតផលកសិកម្ម និងផលិតផលកសិ-កែច្នៃ ផលិតផលសម្គាល់ភូមិសាស្ត្រកម្ពុជា អាហារនិងភេសជ្ជៈ វត្ថុអនុស្សាវរិយ៍និងផលិតផលសិប្បកម្ម សុខភាពនិងវេជ្ជសាស្រ្ត សម្លៀកបំពាក់ និងវាយនភណ្ឌជាដើម។
ផ្សារពាណិជ្ជកម្មនេះ ស័ក្តិសមសម្រាប់លោកអ្នកដែលកំពុងមានតម្រូវការចង់ទិញផលិតផលខ្មែរសុទ្ធ និងមានគុណភាពខ្ពស់។ កាន់តែពិសេសនោះ ផ្សារខេមបូឌាត្រេដ អនុញ្ញាតឱ្យអតិថិជនទទួលយកនូវបទពិសោធន៍ មិនត្រឹមតែជាការទិញទំនិញរាយប៉ុណ្ណោះទេ តែក៏អាចទិញសម្រាប់ការលក់ដុំបានផងដែរ។ អតិថិជនទាំងក្នុងស្រុក និងក្រៅស្រុក អាចជ្រើសរើសសេវាកម្មដឹកជញ្ជូន និងការទូទាត់សាច់ប្រាក់ជាច្រើនជម្រើស ដែលស័ក្តិសមសម្រាប់លោកអ្នក។
គិតមកត្រឹមពេលនេះ ផ្សារខេមបូឌាត្រេដបានបញ្ចូលមុខងារពេញលេញ មានការចូលរួមពី ១៦៤ ក្រុមហ៊ុនក្នុងចំណោម ២៥ ខេត្តរាជធានីនៃប្រទេសកម្ពុជា ដែលសុទ្ធសឹងជាផលិតផលខ្មែរមានគុណភាពខ្ពស់។ ពីក្រុមការងារផ្សារខេមបូឌាត្រេដបានឱ្យដឹងថា មានសហគ្រិនជាស្រ្តីរហូតដល់ ៤៩% ដែលបានចូលរួមជាមួយផ្សារខេមបូឌាត្រេដ។ ផ្សារពាណិជ្ជកម្មនេះ ត្រូវបានអភិវឌ្ឍឡើងដោយមានការគាំទ្រថវិកាពី កម្មវិធីពង្រឹងក្របខ័ណ្ឌសមាហរណកម្មពាណិជ្ជកម្ម (EIF) ក្រោមគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកកម្ពុជា (Go4eCAM) និងមួយចំណែកទៀតមានការចូលរួមពីរដ្ឋាភិបាល ដោយផ្តោតសំខាន់លើការជម្រុញដើម្បី ទទួលបានអត្ថប្រយោជន៍ពីការលក់ផលិតផលរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាតាមប្រព័ន្ធអេឡិចត្រូនិក។
ក្រោមការផ្តួចផ្តើមរបស់ក្រសួងពាណិជ្ជកម្មនេះ បានផ្តល់នូវផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដ៏មានប្រសិទ្ធភាពមួយ ដែលមិនយកកម្រៃជើងសារពីសហគ្រាសធុនតូច និងមធ្យមក្នុងការដាក់លក់ផលិតលើផ្សារពាណិជ្ជកម្មនេះឡើយ។ អាជីវករអាចបញ្ចូលព័ត៌មាន និងដាក់បង្ហាញផលិតផលរបស់ខ្លួនបានយ៉ាងងាយស្រួល។ ផ្សារពាណិជ្ជកម្មនេះផងដែរ ត្រូវបានរចនាឡើងដោយផ្តោតលើបទពិសោធន៍អ្នកប្រើប្រាស់ជាគោល ដែលអ្នកប្រើប្រាស់ (អ្នកលក់ និងអតិថិជន) ងាយស្រួលចូលទៅកាន់វេបសាយបានទាំងកុំព្យូទ័រលើតុ/កុំព្យូទ័រយួរដៃ និងទូរស័ព្ទដៃ។
ផ្សារខេមបូឌាត្រេដ បានជម្រុញឱ្យសហគ្រាសធុនតូច និងមធ្យមក្នុងស្រុកមានឱកាសប្រកួតប្រជែងបែបវិជ្ជមានដើម្បីផ្តល់នូវផលិតផលដែលមានគុណភាពខ្ពស់ជាមួយតម្លៃសមរម្យ ហើយអាចពង្រីកកេរ្តិ៍ឈ្មោះរបស់ខ្លួនមិនត្រឹមតែក្នុងស្រុកប៉ុណ្ណោះទេ ទៅកាន់អតិថិជនមានសក្តានុពលរបស់ខ្លួននៅក្រៅប្រទេសបានថែមទៀតផង។
សម្រាប់ផលវិជ្ជមានគួរឱ្យកត់សម្គាល់មួយទៀតពីការជម្រុញឱ្យមានពិពិធកម្មផ្នែកសេដ្ឋកិច្ចនេះ គឺការចូលរួមចំណែកលើការលូតលាស់ផ្នែកសេដ្ឋកិច្ចរបស់ប្រទេសទាំងមូល។ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្លឹងឃើញនូវតម្រូវការត្រូវសម្រប និងទាញយកផលប្រយោជន៍ពីផ្សារពាណិជ្ជកម្មអនឡាញ ជាពិសេសនោះការផ្លាស់ប្តូរទិសដៅទៅបែបឌីជីថលសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ កត្តាចូលរួមចំណែកផ្សេងទៀតនោះ គឺការទាក់ទាញអតិថិជនពីក្រៅប្រទេស ដែលនឹងរួមចំណែកលើការរីកចម្រើនផ្នែកទេសចរណ៍ផងដែរ។
មានផលវិជ្ជមានជាច្រើនទៀតចំពោះសហគមន៍ក្នុងស្រុកដូចជា ការផ្តល់ការងារដល់ប្រជាជនក្នុងស្រុក ដែលផ្តល់ជូនដោយសហគ្រាសធុនតូច និងមធ្យម ការកើនឡើងនៃចំនួនការនាំចេញ និងការកើនឡើងផ្នែកផលិតភាពដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់អតិថិជន។
គួរឱ្យកត់សម្គាល់ផងដែរថា ក្រៅពីអតិថិជនក្នុងស្រុកក៏មានប្រទេសផ្សេងៗចំនួន ១៥០ ប្រទេសផងដែរ ដែលបានចូលទៅកាន់វេបសាយរបស់ផ្សារខេមបូឌាត្រេដ។ កន្លងមក ផ្សារខេមបូឌាត្រេដទទួលបានការបញ្ជាទិញពី អតិថិជនមកពីក្រៅប្រទេសដូចជា៖ ប្រទេសស្វីស ហូឡង់ អូស្រ្តាលី សិង្ហបុរី បារាំង ជប៉ុន និងសហរដ្ឋអាមេរិច នេះបានបញ្ជាក់ពីការត្រៀមខ្លួនរួចរាល់របស់សហគ្រាសធុនតូច និងមធ្យមកម្ពុជាដែលមានសមត្ថភាពនាំយកផលិតផលមានគុណភាពរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិ។
ទាំងនេះជាសមិទ្ធិផលការងារដ៏ធំមួយរបស់ផ្សារខេមបូឌាត្រេដ ដែលឆ្លុះបញ្ចាំងពីតាមរយៈការគាំទ្រសហគ្រាសក្នុងស្រុក ក្នុងការវិនិយោគនៅក្នុងសហគមន៍របស់យើង និងរក្សាបាននូវផលិតផលដែលជាអត្តសញ្ញាណរបស់ជាតិខ្មែរ។ ដូច្នេះ សូមជ្រើសរើសគាំទ្រផលិតករក្នុងស្រុក និងរីករាយជាមួយអត្ថប្រយោជន៍នៃផលិតផលសុខភាព គុណភាពខ្ពស់ ទាំងនេះជាការចូលរួមគាំទ្រសកម្មភាពដើម្បីនាំចេញផលិតផលពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ចុចទីនេះដើម្បីចូលទៅកាន់ទីផ្សារខេមបូឌាត្រេដ៖ www.cambodiatrade.com