កញ្ញា ឆម ស្រីផាច គឺជាអ្នកធ្វើវីដេអូចម្អិនអាហារបែបស្រុកស្រែចំការមួយរូប ដែលកំពុងទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងនៅលើ Facebook ជាពិសេសគឺមួយរយៈចុងក្រោយនេះ ដែលគ្រប់វីដេអូរបស់កញ្ញាមានអ្នកទស្សនារាប់លាន និងមានវីដេអូខ្លះមានអ្នកមើលរហូតដល់ទៅ ៦.២លាននាក់ឯណោះ។
ក្នុងកិច្ចសម្ភាសន៍ជាមួយ Business Cambodia កញ្ញា ឆម ស្រីផាច បានប្រាប់ឱ្យដឹងថាកញ្ញាគឺជាកូនអ្នកខេត្តបន្ទាយមានជ័យ មុនកញ្ញាបោះជំហានធ្វើវីដេអូ កញ្ញាជាសិស្សដែលទើបនឹងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញ Business ហើយការធ្វើវីដេអូនេះទៀតសោតគឺកញ្ញាបានចាប់ផ្តើមធ្វើតាំងតែពីឆ្នាំ ២០១៧ មកម្លេះ ប៉ុន្តែដោយសារជាប់សិក្សាទើបកញ្ញាមិនសូវបានផ្តោតពេញលេញលើការធ្វើវីដេអូនោះទេ ហើយទើបតែរយៈពេល ៤ខែចុងក្រោយនេះ បន្ទាប់ពីបញ្ចប់ការសិក្សា ទើបកញ្ញាបានផ្តោតធ្វើពេញលេញទាំងស្រុង ហើយគ្រាន់តែចាប់ផ្តើមធ្វើពេញភ្លាមសន្ទុះនៃការគាំទ្រក៏មានការកើនឡើងខ្លាំង រហូតធ្វើឱ្យផេក Chhom Srey Pach ទទួលបានអ្នកតាមដានរហូតដល់ទៅ ១លាននាក់។
អ្នកផលិតវីដេអូវ័យ ២៤ ឆ្នាំរូបនេះបានបន្តទៀតថា ប៉ុន្តែទន្ទឹមនឹងការផលិតវីដេអូដែលល្អៗរហូតមានអ្នកទស្សនា មានភាពល្បីល្បាញនិងការគាំទ្រដ៏ច្រើននេះ នៅក្រោយការផលិតវីដេអូនីមួយៗកញ្ញាក៏ជួបផលលំបាកច្រើនផងដែរ ដោយហេតុថាការផលិតវីដេអូម្ហូបនីមួយៗកញ្ញាត្រូវចំណាយថវិកាសម្រាប់ការទិញគ្រឿងផ្សំដើម្បីធ្វើ ដែលពេលខ្លះកញ្ញាពុំមានថវិកាគ្រប់គ្រាន់សម្រាប់ទិញនោះទេ។ហើយផលលំបាកមួយទៀតនោះគឺកង្វះខាតឧបករណ៍សម្រាប់ថតគឺកញ្ញាមិនមានកាំមេរ៉ាដែលមានតម្លៃថ្លៃអ្វីថតនោះទេ គឺមានត្រឹមតែទូរស័ព្ទមួយគ្រឿងប៉ុណ្ណោះដើម្បីថតវីដេអូរាល់ថ្ងៃនេះ។
កញ្ញា ស្រីផាច ក៏បានបញ្ជាក់ផងដែរថា រីឯ Cameraman នៅពីក្រោយការផលិតវីដេអូល្អៗក្នុងផេក Chhom Srey Pach មិនមែនអ្នកឆ្ងាយមកពីណាឡើយ តែជាប្អូនប្រុសបង្កើតរបស់កញ្ញាផ្ទាល់តែម្តង ហើយពេលខ្លះក៏មានសកម្មភាពចូលរួមពីម្តាយឳពុករបស់កញ្ញាផងដែរ ទម្រាំតែអាចបង្កើតវីដេអូតែល្អសម្រាប់បងប្អូនបានទស្សនា។
បន្ថែមពីនេះទៅទៀត ម្ចាស់ផេក Chhom Srey Pach បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា សម្រាប់បងប្អូនដែលចង់ក្លាយខ្លួនទៅជាអ្នកផលិតវីដេអូ គួរតែខិតខំប្រឹងប្រែងផលិតវីដេអូល្អៗមានគុណភាព ប្រកបដោយភាពច្នៃប្រឌិត ហើយកុំខ្វល់ថាថារូបរាងយើងបែបណាសំខាន់យើងត្រូវធ្វើអ្វីដែលជាខ្លួនយើង មិនប៉ះពាល់ដល់អ្នកដទៃ និងច្បាប់នៅក្នុងប្រទេសកម្ពុជាគឺបានហើយ។កញ្ញា បន្តថា ក្នុងករណី បងប្អូនគាត់ពុំមានថវិកាគ្រប់គ្រាន់សម្រាប់ផលិតវីដេអូម្ហូប គាត់អាចងាកទៅរកម្ហូប និងធ្វើម្ហូបតាមបែបស្រុកស្រែចម្ការ ព្រោះការធ្វើម្ហូបស្រុកស្រែចម្ការដូចជាត្រី ឬ របស់ផ្សេងៗដែលមានស្រាប់ យើងមិនសូវប្រើប្រាស់ថវិកាច្រើនក្នុងការធ្វើនោះទេ ហើយវីដេអូប្រភេទនេះគឺពុកម៉ែបងប្អូនគាត់ចូលចិត្តមើលផងដែរ៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង