បច្ចុប្បន្ន ការងារជាអ្នកផលិតមាតិកា (Content Creator) កំពុងត្រូវប៉ាន់ខ្លាំង ដោយក្នុងនោះមិនថា អ្នកដែលមានវ័យច្រើនបន្តិចក្ដី ឬក្មេងៗដែលនៅជាសិស្សក្ដី ក៏អាចរកចំណូលបាន តាមរយៈការងានេះ។ សម្រាប់ជាអ្នកផលិតមាតិកា យើងមើលខាងក្រៅទៅដូចជាស្រួលនិងសប្បាយ ប៉ុន្តែការពិតនៅពីក្រោយខ្នង គឺត្រូវប្រឈមមុខនឹងការងារច្រើន និងការខិតខំប្រឹងប្រែងខ្លាំងណាស់ ដើម្បីជោគជ័យ និងអាចរកចំណូលបានស្ថិតស្ថេរដូចជាបុគ្គលល្បីៗទាំងនោះដែរ។ ដូច្នេះ អ្នកគួរបំប៉ន និងពង្រឹងខ្លួនឯងបន្ថែមសិន នូវជំនាញសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១.ជំនាញបច្ចេកទេស
-ការថតរូប និងវីដេអូ៖ ត្រូវចេះប្រើប្រាស់ទូរស័ព្ទ ឬកាមេរ៉ា ការរៀបចំពន្លឺ ការរៀបចំប្លង់ថត និងការថតសំលេងឲ្យច្បាស់។
-ការកាត់ត៖ ត្រូវចេះប្រើកម្មវិធីកាត់តលើទូរស័ព្ទ ឬកុំព្យូទ័រដូចជា CapCut, Premiere Pro, ឬ Canva ដើម្បីឲ្យវីដេអូមានទាក់ទាញ និងទាន់ចង្វាក់។
-ការសរសេរអត្ថបទ និងស្គ្រីប៖ ត្រូវចេះពីរបៀបសរសេរចំណងជើង (Hook) ឲ្យគេចាប់អារម្មណ៍ក្នុង ៣ វិនាទីដំបូង និងការរៀបចំសាច់រឿង (Storytelling) ឲ្យទាក់ទាញតាំងពីដើមដល់ចប់។
២.ជំនាញស្វែងយល់ពីទីផ្សារ និងបណ្តាញសង្គម
-ការយល់ដឹងពី Algorithm: ត្រូវចេះយល់ពីរបៀបប្រើប្រាស់ តិកតុក ហ្វេសប៊ុក អ៊ីនស្តាក្រាម យូធូប ឬ តេឡេក្រាម ថាគេ និយមផលិតវីដេអូប្រភេទណា។
-ការវិភាគទិន្នន័យ (Analytics): ត្រូវចេះមើលលេខ មើលទិន្នន័យលើ Platform នីមួយៗ (Views, Engagement, Reach) ដើម្បីដឹងថាទស្សនិកជនចូលចិត្តអ្វី និងត្រូវកែសម្រួលត្រង់ណា។
-ការស្គាល់ទស្សនិកជន៖ ត្រូវដឹងច្បាស់ថា អ្នកកំពុងធ្វើវីដេអូឲ្យអ្នកណាមើល? (ឧទាហរណ៍៖ សិស្សសាលា អ្នកធ្វើការ អ្នកចូលចិត្តម្ហូប អ្នកចូលចិត្តដំណើរកម្សាន្ត ឬអ្នកចូលចិត្តបច្ចេកវិទ្យា)។
៣.ជំនាញរកប្រាក់ និងទំនាក់ទំនង
-ការធ្វើកិច្ចចរចា និងការលក់៖ ត្រូវចេះរបៀបធ្វើការជាមួយ Sponsor ឬម្ចាស់ Brand ព្រមទាំងចេះកំណត់តម្លៃសេវាកម្ម និងការចុះកិច្ចសន្យាផងដែរ (ឧទាហរណ៍៖ ថតប្រូម៉ូតផលិតផលម្ដងតម្លៃប៉ុន្មាន? មួយខែចេញវីដេអូ ឬរូបភាពឲ្យអតិថិជនប៉ុន្មាន?)។
-ការប្រាស្រ័យទាក់ទង និងទំនុកចិត្ត៖ ការនិយាយស្តីត្រូវតែក្លាហាន មិនអៀនកាមេរ៉ា និងចេះបង្កើតទំនាក់ទំនងល្អជាមួយទស្សនិកជន (ហ្វេន) ទាំងក្នុងកញ្ចក់ទូរស័ព្ទ និងនៅខាងក្រៅ។
៤.ជំនាញគ្រប់គ្រង និងផ្នត់គំនិត
-ភាពទៀងទាត់៖ ក្នុងនាមជា Content Creator ច្រើនតែបរាជ័យ ដោយសារឈប់ពាក់កណ្តាលផ្លូវ ឬធ្វើវីដេអូតាមអារម្មណ៍ចង់ធ្វើ ដោយសារពេលខ្លះខំធ្វើវីដេអូបំផុសគំនិតច្រើន តែគ្មានអ្នកមើល ឬគាំទ្រ។ ដូច្នេះ អ្នកត្រូវតែមានវិន័យក្នុងការផលិតវីដេអូឲ្យបានទៀងទាត់។
-ការគ្រប់គ្រងពេលវេលា៖ ត្រូវបែងចែកពេលស្រាវជ្រាវ ពេលថត ពេលកាត់ត និងពេលផុស។
-ផ្លូវចិត្តរឹងមាំ៖ ត្រូវត្រៀមចិត្តទទួលយកការរិះគន់ វីដេអូដែលគ្មានអ្នកមើល និងសម្ពាធផ្លូវចិត្ត។
ទោះយ៉ាងណាក៏ដោយ កុំទាន់អាលលាលែងពីការងារ ឬចោលការសិក្សាដើម្បីមកធ្វើជា Content Creator នេះពេញសិទ្ធិ ដោយសារតែជោរតាមគ្នា ភ្លាមៗអី។ អ្នកគួរចាប់ផ្តើមធ្វើវាជា ការងារបន្ទាប់បន្សំ (Part-time) សិន។ នៅពេលដែលមានប្រាក់ចំណូលស្ថិតស្ថេរ ឬច្រើនជាងប្រាក់ខែបច្ចុប្បន្ន ចាំពិចារណាធ្វើវាទៅជាអាជីពពេញសិទ្ធិក៏មិនទាន់ហួសពេលដែរ៕


