រើសខុសទឹកភ្នែក! បុគ្គលឆ្នើម ៤រូប ប្រាប់ឲ្យមើលចំណុចទាំងនេះលើដៃគូសិន មុនសម្រេចចិត្តរៀបការ
Kan DaraFEBRUARY 5 202611 views

ជាទូទៅយើងតែងតែឮគេនិយាយថា រកប្រពន្ធត្រូវស្មើនឹងជោគជ័យ៥០% ចំណែកឯ៥០%ទៀត គឺស្ថិតលើការប្រឹងប្រែងរបស់អ្នក ដូចពាក្យចាស់ពោលថា «សំណាបយោងដី ស្រ្តីយោងបុរស» ឬ «សម្លឆ្ងាញ់ព្រោះគ្រឿងគ្រួសាររុងរឿងព្រោះភរិយា»។​ សម្រាប់ការជ្រើសរើសដៃគូនេះទៀតសោត ប្រសិនបើរើសចំដៃគូដែលយល់ចិត្ត អាចយល់ទុកធុរៈយើងបាននោះពិតជារឿងមួយដ៏ប្រពៃខ្លាំងណាស់។

 

ថ្ងៃនេះ Business Cambodia នឹងលើកយកក្បួនរើសប្រពន្ធរបស់សេដ្ឋី និងជនល្បីៗ ៤ រូបដែលអ្នកមិនគួរមើលរំលង៖

 

១/. លោកតាបណ្ឌិត កុល ផេង ស្ថាបនិក សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា

លោកបណ្ឌិតធ្លាប់មានប្រសាសន៍យ៉ាងដូច្នេះថា៖ «រកប្រពន្ធណាដែលហ៊ានទទួលស្គាល់ម្តាយយើងជាអ្នកក្រ ចិត្តស្មោះសរ ប្រសើរជាងរូបស្អាត»។ ពាក្យមួយឃ្លានេះលោកចង់ផ្ដល់សារអប់រំថា អ្នកគួរជ្រើសរើសមនុស្សដែលទទួលស្គាល់យើងជាយើង និងព្រមទាំងគោរពស្រលាញ់ពូជពង្សវង្សត្រកូលផៅសណ្តានរបស់យើងផង ជាពិសេសទាក់ទងនឹងកម្រិតជីវភាពក្នុងគ្រួសារ មិនថាឪពុកម្តាយយើងក្រ ក៏គេនៅតែស្ម័គ្រស្មោះសរព្រមរួមដំណើរជីវិតគូរកសាងភាពមានបានរុងរឿងជាមួយគ្នា និងគោរពឲ្យតម្លៃគ្រួសាររបស់យើង ប្រសើរជាងជ្រើសរើសមនុស្សល្អតែរូបសម្បត្តិខាងក្រៅ តែគេមិនពេញចិត្តមិនពេញថ្លើមជាមួយក្រុមគ្រួសារ ឬសាច់ញាតិរបស់យើង។ កំហុសដ៏ធំរបស់កុលបុត្រកុលធីតាមួយចំនួនគឺ ពេលដែលមានស្វាមីភរិយាគឺស្រលាញ់តែប្ដីប្រពន្ធខ្លួនឯងភ្លេចអ្នកមានគុណ ឬមិនគោរពស្រលាញ់ដល់សាច់ញាតិបងប្អូនខាងស្វាមី ឬភរិយារបស់ខ្លួនទៅវិញ។ 

 

/. លោកឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី

លោកឧកញ៉ាបណ្ឌិតធ្លាប់បានថ្លែងថា៖​ «អ្នកមានសិទ្ធរកប្រពន្ធយ៉ាងស្រួល រឿងអីអ្នកមិនរកប្រពន្ធឲ្យត្រូវនឹងជំនួញខ្លួនឯង ។ បើជំនួញខ្ញុំ ចុងសប្តាហ៍ត្រូវទៅជួបជាមួយអ្នកក្រ ចឹងត្រូវរកប្រពន្ធដែលព្រមទៅជួបអ្នកក្រជាមួយខ្ញុំ បើប្រពន្ធខ្លះអត់ទេ ឲ្យតែចុងសប្តាហ៍ត្រូវតែឌុបគេដើរផ្សារសូរិយា។ គ្រួសារចាំបាច់មានពេលវេលាច្រើនម្ល៉េះ បើប្តីធ្វើអី ប្រពន្ធធ្វើនឹងដែរទៅ បើខ្ញុំចិញ្ចឹមជ្រូក ពេលលក់បាន ប្រពន្ធនាំកូនរាប់លុយទៅ»។ ក្នុងនោះលោកក៏បានសង្កត់ធ្ងន់ផងដែរទៅលើរឿងធំៗ៣ ដែលគូស្នេហ៍ថ្មីត្រូវមានចំពោះគ្នាគឺ  ១.ផ្ដល់ទំនុកចិត្ត និងយល់ចិត្តគ្នា ២.ជាមនុស្សដែលមានលក្ខណៈស្រដៀងគ្នា និង ៣.រកមនុស្សដែលត្រូវជាមួយជំនួញរបស់យើង។

 

/. លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង

 

លោកអគ្គនាយកក្រុមហ៊ុន KWCambodia និង Khmer Real Estate បានលើកឡើងថា៖ ដើម្បី​ឲ្យ​គ្រួសារ​​មួយ​មាន​សុភមង្គល​​សេដ្ឋកិច្ច​ធូរធារ លុះត្រាតែ​ប្ដី​ប្រពន្ធ​​ក្នុង​គ្រួសារ​នោះ​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ បើប្រឹងតែប្តីប្រពន្ធមិនចេះទុកដាក់ មិនជួយជ្រោមជ្រែងក៏គ្រួសារពិបាករីកចម្រើនដែរ។ ហើយខាងក្រោមនេះគឺជាសារប្រយោល ៥ ឃ្លាដែលលោកឧកញ៉ា ធ្លាប់ដាស់តឿនដល់អ្នកចង់រើសដៃគូរជីវិត ឬប្រពន្ធឲ្យបានត្រឹមត្រូវគួរដឹង៖

 

.គ្រួសារមួយក្រីក្រ នោះ​គេមិនបន្ទោសភរិយាដែលមិនចេះទុកដាក់លុយទេ តែគេបន្ទោសស្វាមី​មិន​ចេះ​រក​លុយ!

.គ្រួសារមួយមិនសល់លុយ នោះគេមិនបន្ទោសស្វាមីមិនចេះរកលុយទេ តែគេ​បន្ទោសភរិយា​មិនចេះ​ទុកដាក់លុយ!

.ស្វាមីមានតួនាទីជាអ្នករកលុយ រីឯភរិយាជាអ្នកទុកដាក់លុយ ហើយបើភរិយាចេះរកលុយទៀត គ្រួសារនោះនឹងក្លាយជាអ្នកមានឆាប់!

.នៅក្នុងការងារ អាជីវកម្ម និងសង្គម គឺស្វាមីជាអ្នកដឹកនាំ តែនៅក្នុងក្រុមគ្រួសារ និងសាច់ញាតិ​សង​ខាង គឺភរិយាជាអ្នកដឹកនាំ!

.គ្មានទេការឈ្នះ ឬចាញ់រវាងគូស្វាមីភរិយា ព្រោះបើឈ្នះ ឬចាញ់ក៏ដោយ ក៏នៅតែជាស្វាមី ឬ​ភរិយា​របស់​យើង!

 

បើទោះបី ៥ ឃ្លាខាងលើនេះលោកបណ្ឌិតឧកញ៉ា គីម ហ៊ាង មិនបានដាស់តឿនផ្តោតទៅលើតែការរើសប្រពន្ធក៏ពិតមែន។ ប៉ុន្តែវាពិតជាបានឆ្លុះបញ្ចាំងពីរបៀបដែលលោកឧកញ៉ាស្មោះស្នេហ៍រូបនេះធ្លាប់បានដកបទពិសោធន៍ខ្លួនឯង ហើយក៏ដូចជាពន្លឺមួយជួយបង្ហាញផ្លូវដល់បុរសៗដែលចង់រើសភរិយាបានត្រឹមត្រូវ មិនខកបំណងផងដែរ។

 

/. មហាសេដ្ឋីវ័យក្មេង លោក Mark Zuckerberg

 

លោកធ្លាប់បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា លោកបានរៀបការជាមួយ លោកស្រី Priscilla Chan កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១២។ ពេលសម្រេចចិត្តជ្រើសរើសយកប្រពន្ធគាត់ដែលជាកូនកាត់ចិននិងវៀតណាមរូបនេះ លោក Mark Zuckerberg បានសម្លឹងឃើញ លក្ខណៈពិសេសរបស់ប្រពន្ធគាត់ ៣ចំណុចសំខាន់ៗ៖

 

១.ប្រពន្ធគាត់ជាមនុស្សពូកែ៖ លោកស្រី Priscilla មានដើមកំណើតចេញពីឪពុកម្តាយអាស៊ីដែលជាជនអន្តោប្រវេសន្ត៍ នៅអាមេរិក តែគាត់រៀនពូកែ រហូតបានចូលរៀនសាលា Harvard របស់អាមេរិក ដូចស្វាមីរបស់គាត់ដែរ។ មិនត្រឹមតែពូកែនៅសាលានោះទេ ​ភរិយាម្នាក់នេះ​ក៏ពូកែក្រៅសាលាដែរ ​ពោលទាំងការងារផ្ទះ​និង​ការងារផ្សេងៗថែមទៀតផង។

២.ប្រពន្ធគាត់មានឥទ្ធិពលទាញអារម្មណ៍គាត់នៅគ្រាជួបដំបូង៖ អ្នកទាំងពីរបានជួបគ្នាដំបូងបំផុត នៅពេលដែលពួកគេកំពុងតែតម្រង់ជួរចូលបន្ទប់ទឹកក្នុងកម្មវិធីជប់លៀងមួយ។ គ្រាន់តែបានឃើញភ្លាម ពេលនោះយុវជន Mark ដក់ចិត្តនឹងកញ្ញា Priscilla ភ្លាម។ គាត់បានប្រាប់ទៅប្រពន្ធគាត់ពេលនោះថា គាត់ស៊ូមិនធ្វើកិច្ចការសាលា ឬទៅប្រលងឆមាសទេ បើគាត់អាចចេញណាត់ជួបនឹងកញ្ញា Priscilla បាន។ អារម្មណ៍មួយនេះជាទំនាញខ្លាំងក្លាណាស់របស់​កញ្ញា Priscilla ​នាគ្រាដែលពួកគាត់ទើបជួបគ្នាលើកទី១។

៣.ប្រពន្ធគាត់ចូលចិត្តជីវិតដែលសាមញ្ញ៖ តាំងពីគាត់បានស្គាល់គ្នាមក អ្នកទាំងពីរនេះមានចំណុចរួមមួយដូចគ្នាណាស់ គឺពួកគេចូលចិត្តបំផុត ជីវិតដ៏សែនសាមញ្ញ មិនលេងខ្លួន មិនចូលចិត្តសម្ភារៈថ្លៃៗ។ រហូតពួកគេក្លាយជាមហាសេដ្ឋី ប្រាក់ពាន់លានដុល្លារហើយក៏ដោយ ក៏អ្នកទាំងពីរនៅតែរស់នៅយ៉ាងសាមញ្ញបំផុតដែរ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ 👇  បញ្ជាទិញតាម https://t.me/BusinessCambodiaBook

កកក

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia