តិចអត់ដឹង! នេះជាឯកសារស្នើសុំគោរមងារឧកញ៉ាទាំង ៣ ថ្នាក់ និងលក្ខខណ្ឌដែលត្រូវបំពេញ
Bunthoeun KoemSEPTEMBER 6 2024191 views

គោរមងារ «ឧកញ៉ា » គឺសំដៅដល់ងារ កិត្តិយស ដែលព្រះមហាក្សត្រទ្រង់ព្រះរាជទានដោយព្រះរាជក្រឹត្យទៅតាមលំដាប់ថ្នាក់ ដល់រូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរ ដែលមានគុណបំណាច់ក្នុងការចូលរួមជួយអភិវឌ្ឍ និងកសាងជាតិ។ ហើយបច្ចុប្បន្នគោរមងារឧកញ៉ានេះ ត្រូវបានចែកចេញជា ៣ លំដាប់ថ្នាក់ ដោយលំដាប់ថ្នាក់ទី លោកអ្នកឧកញ៉ា លំដាប់ថ្នាក់ទី២ អ្នកឧកញ៉ា និងលំដាប់ថ្នាក់ទី៣ គឺឧកញ៉ា។ ដូច្នេះដើម្បីទទួលបានគោរមងារជាឧកញ៉ា តើរូបវន្តបុគ្គលត្រូវមានឯកសារ និងលក្ខខណ្ឌបែបណាខ្លះ?

 

យោងតាមអនុក្រឹត្យស្ដីពី បែបបទនិងនីតិវិធីនៃការស្នើសុំ និងការវាយតម្លៃក្នុងការផ្ដល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ា ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ បានឲ្យដឹងថា សម្រាប់សំណុំឯកសារស្នើសុំផ្តល់គោរមងារឧកញ៉ា មានដូចជា៖  

 

១- ពាក្យស្នើសុំ ចំនួន១ ច្បាប់

២- ប្រវត្តិរូបសង្ខេប (ដោយមានបិទរូបថតថតថ្មី) ចំនួន១ ច្បាប់

៣- អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ (ថតចម្លងផ្លូវការ) ចំនួន១ ច្បាប់

៤- លិខិតឆ្លងដែន (ថតចម្លងផ្លូវការ) ចំនួន ១ ច្បាប់

៥- ព្រះរាជក្រឹត្យស្តីពីការចូលសញ្ជាតិខ្មែរ (ថតចម្លងផ្លូវការ) ចំនួន១ ច្បាប់ 

៦- សេចក្តីចម្លងសំបុត្រកំណើត (ច្បាប់ដើម) ចំនួន១ ច្បាប់

៧- សៀវភៅគ្រួសារ/សៀវភៅស្នាក់នៅ (ថតចម្លងផ្លូវការ) ចំនួន ១ ច្បាប់

៨- លិខិតបញ្ជាក់កិរិយាមារយាទ (ច្បាប់ដើម) ចំនួន១ ច្បាប់

៩- លិខិតថ្កោលទោស មានសុពលភាព (ច្បាប់ដើម) ចំនួន ១ ច្បាប់

១០- វិញ្ញាបនបត្រចុះបញ្ជីសហគ្រាសពាណិជ្ជកម្ម (ថតចម្លង) ចំនួន១ ច្បាប់ (ករណីជាសហគ្រិន/ពាណិជ្ជករអាជីវករ)

១១- ប័ណ្ណពន្ធប៉ាតង់ ឆ្នាំចុងក្រោយ (ថតចម្លង) (ករណីជាសហគ្រិន/ពាណិជ្ជករអាជីវករ) ចំនួន១ ច្បាប់

១២- លិខិតអនុញ្ញាតអាជីវកម្មតាមវិស័យពីស្ថាប័នពាក់ព័ន្ធ (ថតចម្លង) (ករណីជាសហគ្រិន/ពាណិជ្ជករអាជីវករ) ចំនួន១ ច្បាប់

១៣- រូបថត ទំហំ៤x៦ (ថតថ្មី) ចំនួន២ សន្លឹក។

 

ជាមួយគ្នានេះ ចំពោះលក្ខខណ្ឌនិងទំហំទឹកប្រាក់នៃការផ្តល់អំណោយ ដែលត្រូវផ្តល់គោរមងារឧកញ៉ាតាមលំដាប់ថ្នាក់នីមួយៗមានដូចខាងក្រោម៖

 

១. ការផ្តល់គោរមងារជារលោកអ្នកឧកញ៉ា ត្រូវអនុវត្តចំពោះគោរមវន្តដែលបានទទួលគោរមងារជាអ្នកឧកញ៉ា យ៉ាងតិច៥(ប្រាំ)ឆ្នាំ មានអាយុយ៉ាងតិច៤៥(សែសិបប្រាំ) ឆ្នាំ និងផ្តល់អំណោយជាថវិកាជូនរដ្ឋ ក្នុងទំហំទឹកប្រាក់ ចំនួន ១៦ ០០០ ០០០ ០០០ (ដប់ប្រាំមួយប៊ីលាន) រៀលឡើងទៅ បន្ថែមពីលើសមិទ្ធផលផ្សេងទៀតដែល ជាអត្ថប្រយោជន៍សម្រាប់សង្គមជាតិ។

 

២. ការផ្តល់គោរមងារជាអ្នកឧកញ៉ា ត្រូវអនុវត្តចំពោះគោរមវន្តដែលបានទទួលគោរមងារជាឧកញ៉ា យ៉ាងតិច ៣(បី)ឆ្នាំ និងផ្តល់អំណោយជាថវិកាជូនរដ្ឋ ក្នុងទំហំទឹកប្រាក់ចំនួន ៤ ០០០ ០០០ ០០០ (បួនប៊ីលាន) រៀល ឡើងទៅ បន្ថែមពីលើសមិទ្ធផលផ្សេងទៀតដែលជាអត្ថប្រយោជន៍សម្រាប់សង្គមជាតិ។

 

៣. រូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរ ដែលត្រូវផ្តលគោរមងារជាឧកញ៉ា ត្រូវមានអាយុយ៉ាងតិច១៨ (ដប់ប្រាំបី)ឆ្នាំ និងត្រូវផ្តល់អំណោយជាថវិកាជូនរដ្ឋ ក្នុងទំហំទឹកប្រាក់ចំនួន ២ ០០០ ០០០ ០០០ (ពីរប៊ីលាន) រៀលឡើងទៅ ឬកសាងសមិទ្ធផលនានាជាអត្ថប្រយោជន៍សម្រាប់សង្គមជាតិ ដែលមានតម្លៃសមមូលនឹងទំហំ ទឹកប្រាក់ចំនួន ២ ០០០ ០០០ ០០០ (ពីរប៊ីលាន រៀលឡើងទៅ។

 

ទន្ទឹមគ្នានេះដែរ គោរមវន្ត ត្រូវបង់ប្រាក់វិភាគទានប្រចាំឆ្នាំ ជូនដល់រាជរដ្ឋាភិបាលដូចតទៅ៖  ៤០០ ០០០ ០០០ (បួនរយលាន) រៀល ក្នុងមួយឆ្នាំ ចំពោះលោកអ្នកឧកញ៉ា, ៦០ ០០០ ០០០ (ហុកសិបលាន) រៀល ក្នុងមួយឆ្នាំ ចំពោះអ្នកឧកញ៉ា និង ៣២ ០០០ ០០០ (សាមសិបពីរលាន) រៀល ក្នុងមួយឆ្នាំ ចំពោះឧកញ៉ា៕ 

 

458499371 488223604101596 2531727612620319668 N

581e875a A478 438b 9daa 180b28bfa007

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia