យោងតាមការចុះផ្សាយដោយកាសែត Bangkok Post បានឱ្យដឹងថា ក្រុមហ៊ុន Microsoft ត្រូវបានអាមេរិកពិន័យឱ្យបង់ប្រាក់ចំនួន ២០លានដុល្លារ ក្រោយពីតុលាការបានរកឃើញថាក្រុមហ៊ុននេះបានបំពានច្បាប់ឯកជនភាពរបស់កុមារលើបណ្តាញសង្គមអ៊ីនធឺណេត ដោយគ្មានការយល់ព្រមពីឪពុកម្តាយរបស់ពួកគេ។
ប្រភពដដែលបានបន្តឱ្យដឹងទៀតថា គណៈកម្មការពាណិជ្ជកម្មសហព័ន្ធអាមេរិកបានចោទប្រកាន់ថាចាប់តាំងពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២០ ក្រុមហ៊ុន Microsoft បានប្រមូលទិន្នន័យផ្ទាល់ខ្លួនពីកុមារអាយុក្រោម ១៣ ឆ្នាំ ដែលបានចុះឈ្មោះចូលទៅក្នុងកម្មវិធីមួយដែលមានឈ្មោះថា Xbox ខណៈពេលដែលកម្មវិធីមួយនេះមានកុមាររាប់លានអ្នកនៅអាមេរិកបានចូលទៅប្រើប្រាស់។
នៅក្នុងនោះដែរ សម្រាប់កម្មវិធីមួយនេះ ដើម្បីបានទៅប្រើប្រាស់កុមារទាំងអស់ត្រូវតែផ្តល់ឈ្មោះ នាមត្រកូល អាស័យដ្ឋានអ៊ីម៉ែលក៏ដូចជាថ្ងៃខែ ឆ្នាំកំណើតផងដែរ។ ប៉ុន្តែក្រុមហ៊ុន Microsoft វិញបែរជាប្រមូលទិន្នន័យទាំងអស់នេះមករក្សាទុកដោយគ្មានការអនុញ្ញាតពីឪពុកម្តាយរបស់ពួកគេឡើយ។
សូមបញ្ជាក់ថា ដោយសារក្រុមហ៊ុន Microsoft ធ្វើបែបនេះហើយ ទើបតុលាការនៅអាមេរិកបានសម្រេចចិត្តចោទប្រកាន់ពីបទប្រមូលទិន្នន័យពីកុមារ ដែលជាបទល្មើសមួយផ្ទុយពីច្បាប់ស្តីពី ឯកជនរបស់កុមាររហូតពិន័យទឹកប្រាក់ដល់ ២០លានដុល្លារអាមេរិកផងដែរ៕
អត្ថបទ៖ ធី ស្រីល័ក្ខ


