ពិតជាដំណឹងល្អខ្លាំងមែនទែន ដោយសារមួយរយៈចុងក្រោយនេះយើងសង្កេតឃើញថាប្រទេសកម្ពុជាហាក់ទទួលបានឱកាសវីនិយោគជាច្រើនពីបណ្តាលប្រទេសមហាអំណាចសេដ្ឋកិច្ចជាច្រើន ដោយក្នុងនោះមានទាំងការវិនិយោគវិស័យកសិកម្ម ឧស្សាហកម្ម ធនធានមនុស្ស និងវិស័យបច្ចេកវិទ្យាជាដើម។ជាក់ស្តែងកាលពីពេលថ្មីៗកន្លងទៅនេះ ក៏មានក្រុមហ៊ុនធំមួយរបស់ចិននិងកូរ៉េខាងត្បួង បាននឹងកំពុងធ្វើការសិក្សាលើគម្រោងវិនិយោគបង្កើតកន្លែងផលិតជីនៅកម្ពុជាផងដែរ។
កាលពីកន្លងទៅនេះ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ឯកឧត្ដម ជា វុទ្ធី អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបប្រតិភូតំណាងក្រុមហ៊ុន Anhui Guangxin Agrochemical Co., Ltd. ដែលមានបំណងស្វែងយល់អំពីបរិស្ថានវិនិយោគនិងឱកាសវិនិយោគលើវិស័យជីកសិកម្មនៅកម្ពុជា។
ជាកិច្ចស្វាគមន៍ ឯកឧត្តម ជា វុទ្ធី បានគូសបញ្ជាក់ថា ក្រុមហ៊ុន Anhui Guangxin Agrochemical Co., Ltd. គឺជាក្រុមហ៊ុនដំបូងបង្អស់ ដែលបានមកធ្វើទស្សនកិច្ចសិក្សាបន្ទាប់ពីជំនួបរវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ស៊ី ជីនភីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ។ ឯកឧត្តមចង់ឃើញការវិនិយោគរបស់ក្រុមហ៊ុននេះ រួមចំណែកដល់ការពង្រឹងចំណងមិត្តភាពកម្ពុជា-ចិន ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានលើកកម្រិតដល់កិច្ចសហប្រតិបត្តិការត្បូងពេជ្រ។
ក្នុងន័យនេះ ឯកឧត្តមស្នើឱ្យក្រុមហ៊ុនរួសរាន់ដាក់ពាក្យស្នើសុំវិនិយោគឱ្យបានឆាប់ ដើម្បីចូលរួមដុសខាត់កិច្ចសហប្រតិបត្តិការត្បូងពេជ្រឱ្យកាន់តែមានពន្លឺត្រចះត្រចង់ និងតម្លៃថ្លៃថ្លាថែមទៀត។
ជាមួយគ្នានោះដែរ ថ្មីៗនេះក្រុមហ៊ុនធំមួយរបស់កូរ៉េខាងត្បូងឈ្មោះ Booyoung Co.,Ltd បានចាប់អារម្មណ៍ចង់មកដាំដំណាំគ្រាប់ម៉ាកាដាមៀនេះនៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើការនាំចេញទៅក្រៅប្រទេស។
ថ្លែងក្នុងជំនួបជាមួយ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក Park Heung-Kyeong ជាទីប្រឹក្សាក្រុមហ៊ុន Booyoung Co.,Ltd. បានបង្ហាញចំណាប់អារម្មណ៍ចង់ធ្វើការវិនិយោគនៅកម្ពុជាលើវិស័យកសិកម្ម ដែលផ្តោតទៅលើការដាំគ្រាប់ Macadamia ដើម្បីនាំទៅប្រទេសកូរ៉េ។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ក៏បានស្នើឱ្យភាគីកូរ៉េពិនិត្យលទ្ធភាព ក្នុងការវិនិយោគលើការសង់រោងចក្រកែច្នៃ និងឃ្លាំងស្តុកធំៗ ដែលអាចជួយដល់ក្រុមហ៊ុនតូចៗ និងរដ្ឋផងដែរ។ ដើម្បីជំរុញឱ្យការងារនេះឱ្យដំណើររលូន និងទទួលបានជោគជ័យ ក្រសួងនឹងជួយគាំទ្របច្ចេកទេស ព្រមទាំងសម្របសម្រួលលើដំណើរការនៃការនាំចេញស្វាយចន្ទី។ ក្រសួងនៅតែលើកទឹកចិត្តក្រុមហ៊ុនឱ្យធ្វើការពិចារណាលើការវិនិយោគស្វាយចន្ទីនៅកម្ពុជា៕
អត្ថបទ៖ ធី ស្រីល័ក្ខ


