ថ្មីៗនេះទីក្រុងកោះនរា បានប្រកាសពីការត្រៀមដាក់ឲ្យដំណើរការសួនឧទ្យានថ្មីមួយទៀត ដែលមានទំហំជាង ៣ ហិកតា ខណៈបច្ចុប្បន្នបាននិងកំពុងដំណើរការសាងសង់។ តាមការបញ្ជាក់គម្រោងសួនឧទ្យានថ្មីនេះគ្រោងដាក់ឲ្យដំណើរការនៅចុងឆ្នាំ២០២៤នេះផងដែរ។
យោងតាមការបញ្ជាក់ពីទីក្រុងកោះនរា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថា ទីក្រុងនរាបាននឹងកំពុងបង្កើតសួនធំមួយទៀតដែលមានផ្ទៃដីរហូតដល់ជាង៣ហិចតា ស្ថិតតាមផ្លូវបេតុងមាត់ទន្លេ ទល់មុខហាងកាហ្វេប្រោនទីក្រុងនរា ដែលមានឈ្មោះថា Coconut Park Norea។ Coconut Park Norea នឹងនាំយកមកនូវសួនផ្កា វាលស្មៅ ដើមឈើធំៗ ផ្សាររាត្រីបែបបរទេស ហាងអាហារនិងហាងទំនិញល្បីៗជាច្រើនដើម្បីបំពេញតម្រូវការរបស់បងប្អូន។
ប្រភពដដែលបន្ដថា បច្ចុប្បន្ន សួនឧទ្យានតាមមាត់ទន្លេមានឈ្មោះថា Norea Parkway នឹងបញ្ចេញមុខមាត់ថ្មីជាមួយហាងប្រ៊េនល្បីៗកាន់តែច្រើនបន្ទាប់ពីទឹកស្រកវិញ ហើយ Norea Parkway នៅតែជាផ្លូវថ្មើរជើងដ៏ស្រស់ស្អាត និងមានសក្តានុពល អមតាមដងទន្លេ ប្រៀបបានដូចជាផ្ទាំងគំនូរ។ Coconut Park Norea ដែលជាសួនច្បារថ្មីនឹងមានវត្តមានក្នុងចុងឆ្នាំនេះផងដែរ ដែលជាកន្លែងក្នុងក្តីសុបិន្តរបស់បងប្អូនទាំងអស់គ្នា។
សូមជម្រាបផងដែរថា ដោយសារគ្រោះធម្មជាតិ បង្កអោយមានភ្លៀងធ្លាក់ជោគជាំ និងទឹកទន្លេមេគង្គមានការកើនឡើងគួរអោយកត់សម្គាល់ គ្រប់ទិសទី គ្រប់តំបន់ ក្នុងប្រទេសកម្ពុជា បានធ្វើឲ្យជន់លិចផ្លូវដើរខាងក្រោមតាមមាត់ទន្លេ។ ដើម្បីធានាបាននូវសុខសុវត្ថិភាព ទីក្រុងកោះនរាបានសម្រេចបិទផ្អាកដំណើរការសួនឧទ្យាននរា ចំណុច ផ្លូវដើរខាងក្រោមតាមមាត់ទន្លេ ជាបណ្តោះអាសន្នរហូតដល់ទឹកទន្លេស្រកទៅវិញខ្លះ។ តែយ៉ាងណាមិញ បងប្អូនអាចបន្តអញ្ជើញមកលេងកម្សាន្តនៅទីក្រុងនរា បានជាធម្មតា ដើរកំសាន្តតាមសួននិងផ្លូវថ្មើរជើងខាងលើ សួនPicnicក្បែរស្ពាន ក៏ដូចជាទស្សនាផ្សាររាត្រី សួនកំសាន្តកុមារ ហាងអាហារផ្សេងៗទៀត៕