មានទ្រព្យជាង ១ពាន់លាន$ កញ្ញា Lucy Guo បង្ហើបពីទម្លាប់ប្រចាំថ្ងៃ ដែលនាងតែងតែធ្វើនៅក្នុងវ័យ ៣១ឆ្នាំ
Chan SophonSEPTEMBER 15 202637 views

អាចនិយាយបានថា Lucy Guo គឺជា សហគ្រិនស្រ្ដី ជនជាតិអាមេរិក និងជាអ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គម ព្រមទាំងជាវិស្វករ ដែលបានសហបង្កើត Scale AI ក្នុងឆ្នាំ ២០១៦ មុនពេលត្រូវបានបណ្តេញចេញ ក្នុងឆ្នាំ ២០១៨។  សព្វថ្ងៃ កញ្ញាជា Co-founder នៃក្រុមហ៊ុន Scale AI ស្ថាបនិកក្រុមហ៊ុន Passes និងជា Angel Investor (វិនិយោគលើក្រុមហ៊ុនជាង ១០០) និងក្លាយជាមហាសេដ្ឋីមានទ្រពមានទ្រព្យជាង ១ពាន់លាន$ក្នុងវ័យ ៣១ឆ្នាំ។

យោងតាមបទបង្ហាញក្នុងកម្មវិធីយូធូប EO Studio កញ្ញា Lucy Guo បង្ហើបពីទម្លាប់ប្រចាំថ្ងៃ ដែលនាងតែងតែធ្វើជាប្រចាំ ដោយទម្លាប់ទាំងនេះ ពិតជាគំរូដ៏ល្អនិងគួរយកគំរូតាម៖

១.ភ្ញាក់ពីគេងចន្លោះម៉ោង ៥:៣០ ដល់ ៦:០០ ព្រឹក ហើយទៅហាត់ប្រាណ៖ កញ្ញាបានជ្រើសរើសទិញផ្ទះដែលនៅជិតកន្លែងហាត់ប្រាណ និងការិយាល័យត្រឹម ៥ នាទី ដើម្បីកាត់បន្ថយពេលធ្វើដំណើរ និងមិនបាច់ជិះឡាន។

២.បន្ទាប់ពីហាត់ប្រាណរួច គឺចូលរួមប្រជុំ៖ កញ្ញាបានធ្វើការរហូតដល់ម៉ោង ៨:០០ ឬ ៩:០០ យប់ ទើបហូបបាយល្ងាច រួចត្រលប់មកធ្វើការបន្តទៀត រហូតដល់ចូលគេងនៅម៉ោង ១១:០០ យប់ ដល់ ១:០០ យប់។

៣.តែងប្រាប់ខ្លួនឯងថា ត្រូវធ្វើតែ ៣ យ៉ាងប៉ុណ្ណោះ៖ គឺ ហាត់ប្រាណ និយាយជាមួយអតិថិជន និងបង្កើតផលិតផល។

៤.មិនចំណាយពេលចុចមើល TikTok មើលទូរទស្សន៍ ឬមើលកុនឡើយ៖ ដោយយកពេលនោះមកធ្វើអ្វីដែលបង្កើតប្រសិទ្ធភាពការងារ និងភាពរីករាយ។

យ៉ាងណាមិញ ដោយសារតែ Lucy Guo មានទម្លាប់តឹងតែងចំពោះខ្លួនឯង និងបានរៀនពីអ្វីពិបាកៗតាំងពីក្មេង កញ្ញាធ្លាប់ត្រូវបានគេព្យួរការសិក្សាកាលនៅថ្នាក់មតេយ្យ ដោយស្ដីឲ្យគ្រូថា "មេរៀនដែលកំពុងរៀនគឺមេរៀនបែបល្ងង់ៗ"  ព្រោះឪពុកម្តាយបានបង្រៀនគណិតវិទ្យាកម្រិតខ្ពស់តាំងពីតូច ធ្វើឲ្យកញ្ញាធុញទ្រាន់នឹងមេរៀនសាមញ្ញៗទាំងនោះ។

កញ្ញា Lucy Guo បានឲ្យដឹងថា ការបោះបង់ចោលមហាវិទ្យាល័យរបស់នាង ថ្វីបើខ្វះតែ ៤ មុខវិជ្ជាទៀតនឹងត្រូវបញ្ចប់ការសិក្សាក៏ដោយ ប៉ុន្តែនាងបានសម្រេចចិត្តបោះបង់ចោល ដើម្បីចូលប្រឡូកក្នុងពិភព Startup។ ព្រោះយល់ថា ការរៀនសូត្រពីការអនុវត្តជាក់ស្តែង មានតម្លៃជាងទ្រឹស្តី ហើយមហាវិទ្យាល័យអាចត្រលប់ទៅរៀនវិញពេលណាក៏បាន។ ដូច្នេះ នេះក៏ជាមេរៀនដ៏ល្អមួយផងដែរ សម្រាប់យុវជនដែលមានក្ដីស្រមៃ និងពូកែៗទាំងឡាយ ឲ្យតែយើងមានការតាំងចិត្ត ខិតខំ ធ្វើអ្វីមួយដោយទំនុកចិត្តលើខ្លួនឯងខ្ពស់ នោះច្បាស់ជាអាចជោគជ័យដូចកញ្ញា Lucy Guo ដូចគ្នាអ៊ីចឹងដែរ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia