នៅចុងបញ្ចប់នៃជីវិតរបស់លោក Steve Wozniak សហស្ថាបនិកក្រុមហ៊ុន Apple ចង់ចងចាំពេលវេលាតែមួយប៉ុណ្ណោះគឺ ការនិយាយរឿងកំប្លែង ប្រាប់ទៅកាន់ក្រុមគ្រួសារ និងមិត្តភក្តិ ប្រកបដោយភាពរីករាយបំផុត ខណៈវាមិនមែនជាទ្រព្យសម្បត្តិដ៏មហាសាល ឬកេរិ៍្តឈ្មោះអ្វីឡើយ។
ថ្លែងក្នុងសុន្ទរកថា កម្មវិធីបញ្ចប់ការសិក្សារបស់និស្សិតនៅសាកលវិទ្យាល័យ Colorado Boulder កាលពីសប្តាហ៍មុន លោក Steve Wozniak បានលើកឡើងយ៉ាងដូច្នេះថា៖ «អតីតនាយកប្រតិបត្តិ Viacom Sumner Redstone កំពុងហោះហើរជុំវិញទីក្រុងមួយ ដើម្បីលក់ក្រុមហ៊ុនមួយក្នុងតម្លៃ ១ពាន់លានដុល្លារនៅថ្ងៃនេះ ហើយបន្ទាប់មកហោះហើរទៅកាន់ទីក្រុងមួយទៀត… ខ្ញុំគិតថា “WOW”។ ការមានទ្រព្យសម្បត្តិ និងអំណាចបែបនោះ តើអ្នកចង់បានវាពេលអ្នកស្លាប់ដែរឬទេ?»។
លោកបានបន្តទៀតថា៖ «ទេ! សម្រាប់ខ្ញុំ ខ្ញុំចង់ស្លាប់ដោយនឹកឃើញការលេងសើច និងភាពសប្បាយរីករាយដែលខ្ញុំមាន និងរឿងកំប្លែងដ៏គួរឲ្យអស់សំណើច។ សម្រាប់ខ្ញុំ ជីវិតមិនមែនជាការសម្រេចបានទេ តែវាគឺជាសុភមង្គលពិតប្រាកដ»។
គួរជម្រាប់ផងដែរថា នៅឆ្នាំ១៩៧៦ លោក Steve Wozniak បានបង្កើតក្រុមហ៊ុនកុំព្យូទ័រ Apple រួមជាមួយនឹងដៃគូអាជីវកម្មដ៏ល្បីឈ្មោះរបស់គាត់គឺលោក Steve Jobs ដែលជាអ្នកវិនិយោគដ៏ល្បី និងជា CEO ដ៏យូររបស់ក្រុមហ៊ុន Apple ដែលបានស្លាប់ក្នុងឆ្នាំ២០១១។ អាជីវកម្មរបស់ពួកគេបានត្រួសត្រាយផ្លូវសម្រាប់ការបង្កើតកុំព្យូទ័រផ្ទាល់ខ្លួន ហើយបានបន្តក្លាយជាក្រុមហ៊ុនដ៏មានតម្លៃបំផុតរបស់ពិភពលោក ដែលត្រូវបានគេស្គាល់សម្រាប់ការរចនា និងមុខងារនៃគ្រឿងអេឡិចត្រូនិកជាច្រើន រួមទាំងកុំព្យូទ័រយួរដៃ និងកុំព្យូទ័រលើតុ រួមទាំងទូរស័ព្ទដៃម៉ាកល្បី iPhone៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។
បញ្ជាទិញតាម https://t.me/BusinessCambodiaBook



