CIMB គឺជាធនាគារពាណិជ្ជដ៏ធំមួយប្រចាំតំបន់អាស៊ី ដែលមានទីតាំងធំនៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ធនាគារនេះបានបញ្ជ្រាបខ្លួនចូលមកប្រទេសកម្ពុជាយើង តាំងពីឆ្នាំ២០១០ មកដល់ពេលនេះគឺពង្រីកបានដល់ទៅ ១៤សាខា ទាំងនៅទីក្រុងភ្នំពេញ និងបណ្ដាខេត្តមួយចំនួនផ្សេងទៀត។
ធនាគារ CIMB គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CIMB Group ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩២៤ ដោយលោក Kheng Chiang Wee និង Kheng Whatt Wee។ លុះមកដល់បច្ចុប្បន្ន ក្រុមហ៊ុន ព្រមទាំងធនាគារ CIMB ទាំងមូលត្រូវគ្រប់គ្រងដោយលោក Abdul Rahman Ahmad។
ពេលរកស៊ីដំបូង ធនាគារ CIMB ផ្ដោតសំខាន់លើការផ្ដល់ហិរញ្ញប្បទានធុរកិច្ច និងការផ្លាស់ប្ដូរប្រាក់។ ក្រោយមកក៏មានការកែប្រែផលិតផលថ្មីៗជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការដល់អតិថិជន ដែលមានដូចជាកម្ចីសម្រាប់អតិថិជនទូទៅ ព្រមទាំងសម្រាប់អាជីវកម្មតាំងពីខ្នាតតូចដល់សាជីវកម្មធំៗ។
គួរបញ្ជាក់ផងដែរថា ធនាគារ CIMB ក៏ជាប់ឈ្មោះជាធនាគារឥស្លាមធំជាងគេបំផុតប្រចាំតំបន់អាស៊ី ហើយក៏ជាប់ចំណាត់ថ្នាក់លេខ៥ ក្នុងចំណោមធនាគារពាណិជ្ជធំបំផុតនៅអាស៊ី។ ហើយក្រុមហ៊ុន CIMB Group ដែលជាមេរបស់ធនាគារមួយនេះ មានទ្រព្យសកម្មសរុបដល់ទៅជាង ១៤៩ពាន់លានដុល្លារ។ គិតត្រឹមឆ្នាំ២០២២ ធនាគារ CIMB មានបុគ្គលិកទាំងអស់ប្រមាណ ៣៣,០០០នាក់ ព្រមទាំងអតិថិជនដល់ទៅ ១៩លាននាក់ឯណោះ។
សូមជម្រាបផងដែរថា ធនាគារ CIMB បានពង្រីកខ្លួនដល់ទៅ១៤ប្រទេសទាំងប្រទេសកំណើតរបស់វា ដែលរួមមាន៖ ប្រទេសម៉ាឡេស៊ី, ប្រទេសប្រ៊ុយណេ, ប្រទេសកម្ពុជា, ប្រទេសឥណ្ឌូនេស៊ី, ប្រទេសឡាវ, ប្រទេសហ្វីលីពីន, ប្រទេសសិង្ហបុរី, ចក្រភពអង់គ្លេស, ប្រទេសវៀតណាម, ប្រទេសចិន (ធំបំផុត), ប្រទេសមីយ៉ាន់ម៉ា, ប្រទេសកូរ៉េខាងត្បូង, ប្រទេសស្រីលង្កា ព្រមទាំងប្រទេសថៃ៕
ចង់បានគំនិតល្អៗ សម្រាប់ដោះស្រាយបញ្ហាបំណុល សូមចុចចូលគ្រុប Telegram មួយនេះ ( https://t.me/so_soklyofficial )
អត្ថបទដោយ៖ សូ សុខលី