ធនាគារ CIMB បន្តចុះជួយសហគមន៍ ដោយឧបត្ថម្ភ ដល់អនុវិទ្យាល័យ ទួលព្រិច
Sopheak PichSEPTEMBER 12 2023

ខេត្តកំពង់ចាម៖ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) បានបន្តគម្រោងទំនួលខុសត្រូវសង្គមរបស់ខ្លួន ក្នុងសហគមន៍ នៅប្រទេសកម្ពុជា ជាមួយនឹងរៀបចំកម្មវិធីសប្បុរសធម៌មួយ នៅអនុវិទ្យាល័យ ទួលព្រិច ក្នុងខេត្តកំពង់ចាម ដោយមានការចូលរួមពីគណៈគ្រប់គ្រង និងបុគ្គលិកធនាគារ ព្រមទាំងសិស្សានុសិស្សប្រមាណ ៣០០នាក់។ ដើម្បីបំពេញកង្វះខាត និងសេចក្តីត្រូវការរបស់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ នៅអនុវិទ្យាល័យនេះផ្ទាល់ ធនាគារ CIMB ដែលជាធនាគារអន្តរជាតិថ្នាក់តំបន់ឈានមុខគេ ក្នុងប្រទេសកម្ពុជា បានឧបត្ថម្ភកុំព្យូទ័រ ចំនួន៤គ្រឿង អមជាមួយនឹងការគាំទ្រ ដល់វគ្គបណ្តុះ​បណ្តាលជំនាញកុំព្យូទ័រ ក្នុងរយៈពេល ១ឆ្នាំទៀតផង។ ក្រៅពីនេះ ធនាគារ CIMB ក៏ប្រគល់ជូនម៉ាស៊ីនព្រីន ចំនួន១គ្រឿង អាវសិស្ស ចំនួន៥០៩អាវ រួមទាំងសម្ភារៈសិក្សា និងសម្ភារៈកីឡាមួយចំនួន ដូចជាសៀវភៅសិក្សា​ខោអាវកីឡា និងបាល់កីឡា ព្រមទាំងជួយឧបត្ថម្ភកសាងសួនច្បារ ដើម្បីបង្កើនសោភណ្ឌភាព និងបរិស្ថានល្អ ក្នុងអនុវិទ្យាល័យ ទួលព្រិចផងដែរ។

Photo 2023 09 12 16 15 10

Photo 2023 09 12 16 15 13ស្របតាមផែនការ នៃកម្មវិធីទំនួសខុសត្រូវសង្គមរបស់ខ្លួន ធនាគារ CIMB ដែលមានប្រតិបត្តិការ នៅគ្រប់ប្រទេស ក្នុងតំបន់អាស៊ាន តែងតែយកចិត្តទុកដាក់ និងឧបត្ថម្ភគាំទ្រ ដល់វិស័យអប់រំ ក្នុងប្រទេសកម្ពុជា ជារៀងរាល់ឆ្នាំ។ លោកស្រី អ៊ុំ ចិន្តាភក្តី ដែលជានាយកធនធានមនុស្ស របស់ធនាគារ CIMB បានមានប្រសាសន៍ថា៖ «ជាផ្នែកមួយ នៃចក្ខុវិស័យរបស់ធនាគារ CIMB យើងតែងតែយកចិត្តទុកដាក់ ដល់ការជួយត្រឡប់ ដល់សង្គម និងការឧបត្ថម្ភនានា ទៅកាន់សហគមន៍ ដើម្បីភាពរីកចម្រើនរបស់ប្រទេសកម្ពុជា។ តាមរយៈកិច្ចសហការ និងការស្វែងយល់ដោយផ្ទាល់ ពីតម្រូវការចាំបាច់របស់អនុវិទ្យាល័យ ទួលព្រិច យើងខ្ញុំជឿជាក់ថា ការឧបត្ថម្ភរបស់ធនាគារ CIMB ជាពិសេសកុំព្យូទ័រ នាពេលនេះ នឹងជួយអភិវឌ្ឍសមត្ថភាព ចំណេះដឹង និងជំនាញរបស់សិស្សនុសិស្ស នៅក្នុងសហគមន៍ ស្របតាមការវិវឌ្ឍ ផ្នែកឌីជីថល។ ដើម្បីធានាបាននូវនិរន្តរភាព នៃកម្មវិធីទំនួលខុសត្រូវសង្គមរបស់ធនាគារ CIMB យើងខ្ញុំនឹងបន្តពិនិត្យ និងសហការជាមួយនឹងខាងអនុវិទ្យាល័យ ចំពោះការឧបត្ថម្ភរបស់ធនាគារនេះ ក៏ដូចជាត្រៀមខ្លួន ក្នុងការគាំទ្រដទៃទៀត ដែលចាំបាច់ នាថ្ងៃអនាគតផងដែរ»។

Photo 2023 09 12 16 15 19ថ្លែងក្នុងពិធីប្រគល់សម្ភារៈបរិច្ចាគនេះដែរ លោក ប៉េង សុងហួរ ដែលជានាយកអនុវិទ្យាល័យ ទួលព្រិច បានបញ្ជាក់ថា៖ «តាងនាមឲ្យអនុវិទ្យាល័យ ទួលព្រិច ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរ ដល់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ធនាគារ CIMB ដែលបានអញ្ជើញចុះមកដោយផ្ទាល់ និងបរិច្ចាគកុំព្យូរទ័រ រួមទាំងសម្ភារៈសិក្សាចាំបាច់មួយចំនួន ដល់សិស្សានុសិស្ស និងអនុ​វិទ្យាល័យរបស់យើងខ្ញុំ។ ចំពោះសម្ភារៈឧបត្ថម្ភទាំងអស់នេះ សាលាយើងខ្ញុំអាចបង្កើនប្រសិទ្ធភាព​ នៃការបង្រៀនកាន់តែល្អប្រសើរ ដល់សិស្សានុសិស្ស ចាប់ពីពេលនេះតទៅ ជាពិសេសមុខវិជ្ជាកុំព្យូទ័រ។ ខ្ញុំមានក្តីសង្ឃឹម និងក្តីសោមនស្សរីករាយ ក្នុងការបន្តកិច្ចសហការ ជាមួយនឹងធនាគារ CIMB សម្រាប់ការឧបត្ថម្ភ ដែលចាំបាច់ ដល់អនុវិទ្យាល័យយើងខ្ញុំ នាខាងមុខទៀត ហើយខ្ញុំសូមឲ្យមានការចូលរួមកាន់តែផុសផុលឡើង នូវការងារសប្បុរសធម៌ និងការជួយសង្គមនេះ ពីសំណាក់ក្រុមហ៊ុនឯកជន ក្នុងប្រទេសកម្ពុជាផងដែរ»។

Photo 2023 09 12 16 15 16

Photo 2023 09 12 16 15 25

Photo 2023 09 12 16 15 22ស្ថិតក្នុងទឹកមុខសប្បាយរីករាយ លោកស្រី ស ចាន់សួគ៌ ដែលជាបុគ្គលិកមួយរូបរបស់ធនាគារ CIMB និងបានចូលរួមក្នុងកម្មវិធីសង្គមនេះផ្ទាល់ ​បានបញ្ចេញមតិយោបល់ថា៖ «ក្នុងនាមជាប្រជាពលរដ្ឋមួយរូប ខ្ញុំពិតជាសប្បាយចិត្ត ដែលបានចូលរួម ក្នុងកិច្ចការងារជួយសង្គម នាពេលកន្លងមក និងជាពិសេសនៅអនុវិទ្យាល័យ ទួលព្រិច នាពេលនេះ។ ហើយចាប់តាំងពីចូលបំពេញការងារ ក្នុងធនាគារ CIMB មក ខ្ញុំមានឱកាសរួមចំណែកជួយដល់សហគមន៍ជាច្រើន ក្នុងប្រទេសកម្ពុជា ដូចជាការដាំកូនឈើ ការបរិច្ចាគឈាម ការឧបត្ថម្ភដល់មន្ទីរពេទ្យ និងមណ្ឌលកុមារកំព្រា ព្រមទាំងសកម្មភាពសប្បុរសធម៌ជាច្រើនទៀត។ ខ្ញុំសូមលើកទឹកចិត្ត ឲ្យមានការចូលរួមទាំងអស់គ្នា ដើម្បីសង្គមជាតិយើង ហើយខ្ញុំជឿថា អ្នកទាំងអស់គ្នា ក៏នឹងសប្បាយចិត្ត និងមានទឹកចិត្តស្រឡាញ់កិច្ចការងារនេះ ក្រោយពីបានចូលរួមដូចខ្ញុំអញ្ចឹងដែរ»។

សូមបញ្ជាក់ផងដែរថា ធនាគារ CIMB បានចាប់ផ្តើមប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ក្នុងប្រទេសកម្ពុជា នៅចុងឆ្នាំ២០១០ ហើយបច្ចុប្បន្ន ធនាគារមានសាខាចំនួន ១៤ទីតាំង នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តសំខាន់ៗ។ ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ ធនាគារ CIMB បានចូលរួមសកម្មភាពសប្បុរសធម៌ជាច្រើន ដែលរួមមានវិស័យសំខាន់ៗ ដូចជាវិស័យអប់រំ ដោយធនាគារបានឧបត្ថម្ភដល់សាលាដាច់ស្រយ៉ាល និងអង្គការនានា ក្នុងប្រទេសកម្ពុជា និងផ្តល់អាហារូបករណ៍ ដល់និស្សិតសិក្សា ទាំងក្នុង និងក្រៅប្រទេស | វិស័យសុខាភិបាល ដោយធនាគារបានបរិច្ចាគឈាម ឧបត្ថម្ភដល់ការទប់ស្កាត់នៃការរាតត្បាតជំងឺកូវីដ-១៩ និងបរិច្ចាគដល់មន្ទីរពេទ្យគន្ធបុប្ផា មណ្ឌលសុខភាពព្រែកដំបូក មន្ទីរពេទ្យបង្អែកបាទី និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតជាដើម | វិស័យសង្គមកិច្ច ដោយធនាគារបានឧបត្ថម្ភដល់កាកបាទក្រហម ផ្តល់ជំនួយដល់អ្នករងគ្រោះធម្មជាតិ និងមជ្ឈមណ្ឌលកុមារកំព្រានានា ព្រមទាំងផ្នែកបរិស្ថាន ដោយធនាគារបានចូលរួមដាំកូនឈើ នៅតាមសាលារៀន និងប្រសាទបន្ទាយក្តីជាដើម។

អំពីធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី

ធនាគារ ស៊ីអាយអិមប៊ី​ ភីអិលស៊ី​ ជាផ្នែកមួយនៃស៊ីអាយអិមប៊ី គ្រុប ដែលបានចាប់ផ្តើមប្រតិបត្តិការ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១០ ដោយបានបើកសាខាពាណិជ្ជទី១ នៅចំកណ្តាលរាជធានីភ្នំពេញ។ បច្ចុប្បន្ន ធនាគារមានសាខាចំនួន ១៤កន្លែង នៅក្នុងខេត្តរាជធានីសំខាន់ៗទាំង៥ រួមមានរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តបាត់ដំបង។ ជាមួយនឹងអតិថិជនទាំងបុគ្គលសរុបប្រមាណ ៣៥,០០០នាក់ ធនាគារ ស៊ីអាយអិមប៊ី មានផ្តល់ជូនសេវាកម្ម និងផលិតផលធនាគារដ៏ទូលំទូលាយ រួមមានសេវាកម្មហិរញ្ញវត្ថុបុគ្គល សេវាកម្មហិរញ្ញពាណិជ្ជកម្ម ព្រមទាំងសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម សេវាប្រតិបត្តិការ និងគ្រឹះស្ថានហិរញ្ញវត្ថុផងដែរ។

ស៊ីអាយអិមប៊ី គ្រុប គឺជាស្ថាប័នហិរញ្ញវត្ថុដ៏ធំបំផុតទីពីររបស់ប្រទេសម៉ាឡេស៊ី និងជាធនាគារសាកលនាំមុខគេមួយក្នុងតំបន់អាស៊ាន។​ ធនាគារនេះមានផ្តល់ជូន​សេវា​កម្ម​ធនាគារពាណិជ្ជ ធនាគារវិនិយោគ ធនាគារឥស្លាម ក៏ដូចជាផលិតផល និងសេវាកម្ម​គ្រប់គ្រង​ទ្រព្យសកម្ម និងធានារ៉ាប់រង។​ មានទីស្នាក់ការកណ្តាលនៅក្រុងគូឡាឡាំពួ បច្ចុប្បន្ននេះ ស៊ីអាយអិមប៊ី គ្រុប មានវត្តមាន​នៅប្រទេសទាំង ១០ ក្នុង​ចំណោមប្រទេសទាំង១០ ក្នុងតំបន់អាស៊ាន (ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ថៃ កម្ពុជា ប្រ៊ុយណេ វៀតណាម ភូមា ឡាវ និងហ្វីលីពីន)។​ ក្រៅពីតំបន់អាស៊ាន ស៊ីអាយអិមប៊ី គ្រុប ក៏មានវត្តមាននៅប្រទេសចិន​ ហុងកុង ឥណ្ឌា ស្រីលង្កា កូរ៉េ សហរដ្ឋអាមេរិក ​និង​ចក្រភពអង់គ្លេស​។

ស៊ីអាយអិមប៊ី គ្រុប មានបណ្តាញសាខាធំជាងគេនៅក្នុងតំបន់អាស៊ាន ជាមួយសាខាជាង ៧៤០​ កន្លែង គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០​។​​ ធនាគារវិនិយោគរបស់ស៊ីអាយអិមប៊ី គ្រុប ក៏ស្ថិតក្នុង​ចំណោមធនាគារវិនិយោគធំជាងគេបំផុតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលផ្តល់ការវិភាគ​ទៅលើផ្សារភាគហ៊ុន​របស់​ក្រុមហ៊ុនជាង ៦០០​ ក្រុមហ៊ុន នៅក្នុងតំបន់។​

ស៊ីអាយអិមប៊ី គ្រុប ដំណើរការអាជីវកម្មតាមរយៈអង្គភាពចម្បងបី គឺធនាគារ​ ស៊ីអាយអិមប៊ី​ (CIMB Bank) ធនាគារ​វិនិយោគ ស៊ីអាយអិមប៊ី (CIMB Investment Bank)​ និង ធនាគារ​ ស៊ីអាយអិមប៊ី ឥស្លាម (CIMB Islamic)។​ ស៊ីអាយអិមប៊ី គ្រុប មានភាគហ៊ុន ៩២,៥% នៅក្នុងធនាគារ ស៊ីអាយអិមប៊ី នៀហ្គា (Bank CIMB Niaga) នៅប្រទេសឥណ្ឌូនេស៊ី​ ​និង ៩៤,៨% នៅធនាគារ ស៊ីអាយអិមប៊ី ថៃ (CIMB Thai) នៅក្នុងប្រទេសថៃ។

ស៊ីអាយអិមប៊ី គ្រុប ត្រូវបានចុះបញ្ជីភាគហ៊ុននៅលើទីផ្សារមូលបត្រ ប៊ូរសា​ ម៉ាឡេស៊ី (Bursa Malaysia) តាមរយៈ ស៊ីអាយអិមប៊ី គ្រុប ហូលឌីង ប៊ឺហាដ (CIMB Group Holding Berhad)។ ស៊ីអាយអិមប៊ី គ្រុប មានមូលធនទីផ្សារ នៅលើទីផ្សារមូលបត្រ ប្រហែលជា ៤៣,៥ ពាន់លាន រីងហ្គីតម៉ាឡេស៊ី គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ​ឆ្នាំ២០២០។ ស៊ីអាយអិមប៊ី គ្រុប មានបុគ្គលិក​សរុបជាង ៣៤.០០០នាក់ និងមានអតិថិជនសរុបប្រមាណ ១៦លាននាក់។

សម្រាប់ព័ត៌មានបន្ថែម​ សូមទំនាក់ទំនងមកកាន់

លោក ស្រេង ភារុណ

ប្រធាន​ ទីផ្សារ​ និងទំនាក់ទំនង

ទូរសព្ទ៖ +៨៥៥ (០) ៩២ ៩៥៧ ៤៥៥

ទូរសារ៖ +៨៥៥ (០) ២៣ ៩៨៨ ០៩៩

អ៊ីមែល៖ phearun.sreng@cimb.com.kh

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia