មិត្តល្អកំដរគ្នារកស៊ី! មិត្តសម្លាញ់២រូប ចាប់ដៃគ្នារកស៊ីពីទុន៥ម៉ឺន$ ប្រែជាជំនួញ១០០លាន$ លើរបរនេះ
ឡុង វឌ្ឍនៈMARCH 26 2023498 views

គេថាអ្នកនឹងក្លាយជាមនុស្សទី៦​ក្នុងចំណោមប្រភេទមនុស្ស ៥នាក់ ដែលអ្នកសេពគប់ជិតស្និតបំផុត ដែលមានន័យថា ប្រសិនបើអ្នកសេពគប់ជិតស្និតជាមួយអ្នករកស៊ី៥នាក់ មិនយូរទេអ្នកនឹងក្លាយជាអ្នករកស៊ីទី៦ជាមិនខាន។

ស្រដៀងគ្នានេះដែរ សម្រាប់បទពិសោធន៍ជីវិតរបស់អ្នកជំនួញស្រីស្អាត ឆ្លាត ពូកែចំនួន២រូប ដែលជាមិត្តសម្លាញ់នឹងគ្នាគឺ Christine Chang និង Sarah Lee បានចាប់ផ្ដើមអាជីវកម្ម គ្រឿងថែរក្សាសម្រស់ផ្ដោតទៅលើស្បែក ឈ្មោះថា Glow Recipe​ ជាមួយទុនដំបូង ៥ម៉ឺនដុល្លារ នៅក្នុងឆ្នាំ២០១៤ ហើយបានកសាងអាជីវកម្មមួយនេះឱ្យចែកចាយដល់ទឹកដីអាមេរិក និងធ្វើឱ្យអាជីវកម្មនេះ រីកចម្រើនប្រែក្លាយជាជំនួញ ទទួលបានចំណូលពីការលក់ចំនួន ១០០លានដុល្លារ កាលពីឆ្នាំ២០២១ នេះតាមការបញ្ជាក់ពី CNBC Make It។

ចំពោះដើមចម នៃការនឹកឃើញបង្កើតនូវជំនួញថែរក្សាសម្រស់ ដោយផ្ដោតសំខាន់លើការថែរក្សាស្បែកឬ skincare នេះ គឺ ព្រោះតែពេលក្មេងៗពួកគេតែងតែចងចាំនូវអនុស្សាវរីយ៍ ពេលដែលមកពីសាលាវិញ ម៉ាក់តែងតែប្រាប់ឱ្យពួកគេទៅលាងសម្អាតមុខ ដើម្បីការងារស្បែកមុខពីធូលីជាដើម។

មួយវិញទៀត ការចងចាំពីកុមារភាពដ៏សំខាន់មួយគឺ Chang និង Lee បានចំណាយពេលរដូវក្តៅនៅប្រទេសកូរ៉េខាងត្បូងលេងនៅខាងក្រៅ ហើយជីដូនរបស់ពួកគេកំពុងត្រដុសផ្លែឪឡឹកស្រស់ៗលើស្បែកដែលរលាកដោយពន្លឺព្រះអាទិត្យ។ ផ្លែឪឡឹកគឺជាផ្លែឈើដ៏ពេញនិយមបំផុតមួយរបស់ប្រទេសកូរ៉េ ហើយជាឱសថបុរាណសម្រាប់ព្យាបាលស្បែកស្ងួត រមាស់។

វាក៏ជាធាតុផ្សំសំខាន់នៅក្នុងផលិតផលដំបូងរបស់ Glow Recipe គឺ Watermelon Glow Sleeping Mask ដែលយោងទៅតាមស្ថាបនិកបានបង្ហើបថា បានសាកល្បងរូបមន្តជាងមួយពាន់ដង ដើម្បីល្អឥតខ្ចោះសម្រាប់ផលិតផលដំបូងផ្សំឡើងពីឪឡឹកនេះ។ មកទល់នឹងពេលនេះ ពួកគេបានបង្កើតនូវផលិតផលដែលផ្សំពីវត្ថុធាតុដើម ចេញពីផ្លែ ម្ចាស់ និង​ ផ្លែប័រផងដែរ។ អាជីវកម្មរបស់ពួកគេទទួលបានការគាំទ្រខ្លាំង ព្រោះពួកគេបានផ្ដោតលើការប្រើប្រាស់បណ្ដាញសង្គមធំៗ ដើម្បីធ្វើទីផ្សារដូចជា Tik Tok និង អ៊ីនស្តាក្រាមជាដើម។

មេរៀនដែលយើងអាចរៀនបានពីបទពិសោធន៍ជំនួញ សហគ្រិនស្ត្រីវ័យក្មេងទាំង២រូបនេះគឺ គួរសេពគប់មនុស្សឱ្យត្រូវ មនុស្សដែលជួយជំរុញអ្នកឱ្យសម្រេចក្ដីស្រមៃ និងភាពរីកចម្រើនទៅមុខ។ មួយវិញទៀត បទពិសោធន៍ជីវិតកាលពីអតីតកាល ក៏អាចជាធាតុផ្សំដ៏សំខាន់មួយ ក្នុងការរៀបចំកសាងជីវិតរបស់អ្នកនាពេលបច្ចុប្បន្ន និងអនាគតផងដែរ

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia