នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី ២៨ សីហា ២០២៥ ហើយ។ ដោយក្នុងនោះសិស្សនិទ្ទេស A មានចំនួន 3,003 នាក់, សិស្សនិទ្ទេស B មានចំនួន 9,901 នាក់, សិស្សនិទ្ទេស C មានចំនួន 28,801 នាក់, សិស្សនិទ្ទេស D មានចំនួន 45,859 នាក់ និងសិស្សនិទ្ទេស E មានចំនួន 34,909 នាក់។
ជាមួយគ្នានេះដែរ ដើម្បីលើកទឹកចិត្ដដល់សិស្សពូកែដែលទទួលបាននិទ្ទេស A ក៏មានក្រុមហ៊ុនមួយចំនួនបានធ្វើការឧបត្ថម្ភសម្ភារផ្សេងផងដែរ ដោយនៅក្នុងនោះរួមមាន៖
១. ក្រុមហ៊ុន ជីប ម៉ុង គ្រុប
យោងតាមការបញ្ជាក់នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនបង្កើតដោយកូនខ្មែរមួយនេះ បានប្រកាសឧបត្ថម្ភ Samsung Tablet A11+ ចំនួន ៣0០៣គ្រឿង ដល់សិស្សនិទ្ទេស A ទាំង ៣ ០០៣ នាក់ខាងលើ ដើម្បីជាការលើកទឹកចិត្ដ។
២. ក្រុមហ៊ុន Leapmotor KH
មុនថ្ងៃបង្ហាញលទ្ធផល ក្រុមហ៊ុន Leapmotor KH បានប្រកាសផ្ដល់រថយន្តអគ្គិសនី Leapmotor T03 ដល់សិស្សដែលជាប់លំដាប់ពិន្ទុខ្ពស់ជាងគេ។ ហើយនៅពេលនេះ សម្រាប់រង្វាន់ដ៏ពិសេសគឺបានទៅលើសិស្ស ឃុន ដាលីណា ដែលជាបេក្ខភាពសិស្សនិទ្ទេស A លំដាប់ពិន្ទុ 100 ខ្ពស់ជាងគេទូទាំងប្រទេសសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ មកពីក្រុងប៉ោយប៉ែត្រ ខេត្តបន្ទាយមានជ័យ។
៣. ក្រុមហ៊ុនវិរៈប៊ុនថាំ
កាលពីថ្ងៃទី២៧ ខែសីហា កន្លងទៅ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវិរៈប៊ុនថាំ បានប្រកាសឲ្យសិស្សដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A ទាំងអស់ ទទួលបានការធ្វើដំណើរ Free ពេញមួយឆ្នាំ និងអត់កំណត់ពីក្រុមហ៊ុន វិរ:ប៊ុនថាំ ផងដែរ៕