នៅថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ ផ្សារទំនើបកូនខ្មែរ ជីប ម៉ុង ២៧១ នឹងរៀបចំកម្មវិធីដ៏អស្ចារ្យមួយគឺ ពិព័រណ៍ទេសចរណ៍កម្ពុជា ដែលព្រឹត្តិការណ៍មួយនេះរៀបចំឡើង ដើម្បីបង្កើតវេទិកាមួយសម្រាប់ប្រជាពលរដ្ឋ ក្រុមគ្រួសារ យុវជន និងអ្នកដែលស្រឡាញ់ការធ្វើដំណើរ អាចមកស្វែងយល់ ស្វែងរកបទពិសោធន៍ថ្មីៗ និងទទួលបានព័ត៌មានអំពីគោលដៅទេសចរណ៍ ផលិតផល និងសេវាកម្មដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍នៅកម្ពុជានិងចង់ចូលរួមគាំទ្រទេសចរណ៍ខ្មែរ លើកកម្ពស់អាជីវកម្ម និងសេដ្ឋកិច្ចក្នុងស្រុកផងដែរ។
នៅក្នុងកម្មវិធី ពិព័រណ៍ទេសចរណ៍កម្ពុជានេះ ក៏មានការចូលរួមពីដៃគូរបស់ ជីប ម៉ុង និងស្តង់ជាង ៥០ស្តង់ ដែលមកពីវិស័យ និងអាជីវកម្មជាច្រើនដែលពាក់ព័ន្ធនឹងការធ្វើដំណើរ និងទេសចរណ៍ផងដែរ។ ដូច្នេះនេះគឺជាឪកាសល្អខ្លាំងមែនទែនសម្រាប់អ្នកចូលរួមអាចស្វែងរក និងស្វែងយល់ពីផលិតផល និងសេវាកម្មជាច្រើនប្រភេទដូចជា ក្រុមហ៊ុនទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ អាកាសចរណ៍ សណ្ឋាគារ និងបដិសណ្ឋារកិច្ច ធនាគារ និងសេវាហិរញ្ញវត្ថុ ធានារ៉ាប់រង ស្ថានទូត និងតំណាងទេសចរណ៍ អេឡិចត្រូនិក និងទូរសព្ទដៃ មធ្យោបាយធ្វើដំណើរ គ្រឿងបន្លាស់ និងសម្ភារៈធ្វើដំណើរ កន្លែងកម្សាន្ត និងអាហារ និងភេសជ្ជៈ ជាដើម។

អ្វីដែលពិសេសជាងនេះទៅទៀត អ្នកចូលរួមអាចទទួលបានព័ត៌មាន និងស្វែងរកឱកាស និងការផ្តល់ជូនផ្សេងៗពីដៃគូជាច្រើននៅក្នុងទីតាំងតែមួយ ដែលធ្វើឱ្យពិព័រណ៍នេះក្លាយជាកន្លែងដ៏ងាយស្រួលសម្រាប់អ្នកដែលកំពុងរៀបចំផែនការធ្វើដំណើរ ឬចង់ស្វែងរកបទពិសោធន៍ថ្មីៗ។
ដោយឡែក សម្រាប់មូលហេតុដែល ជីប ម៉ុង រៀបចំពិព័រណ៍ទេសចរណ៍នេះឡើងមកព្រោះថានាពេលបច្ចុប្បន្ននេះ វិស័យទេសចរណ៍មានតួនាទីសំខាន់ក្នុងការជំរុញសេដ្ឋកិច្ច និងបង្កើតឱកាសសម្រាប់អាជីវកម្ម និងសហគមន៍ក្នុងស្រុក។ ដូចនេះការរៀបចំពិព័រណ៍ទេសចរណ៍កម្ពុជានេះ គឺជាផ្នែកមួយនៃការចូលរួមគាំទ្រ និងលើកកម្ពស់វិស័យទេសចរណ៍ខ្មែរហើយព្រឹត្តិការណ៍នេះមានគោលបំណងនាំយកអាជីវកម្ម និងដៃគូដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍មកជួបជុំគ្នា ដើម្បីបង្កើតឱកាសផ្សព្វផ្សាយផលិតផល និងសេវាកម្ម ជំរុញការចាប់អារម្មណ៍របស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរកម្សាន្តក្នុងស្រុក និងជួយឱ្យអាជីវកម្មក្នុងស្រុកមានឱកាសឈានទៅដល់អតិថិជនកាន់តែច្រើន។

ជាមួយគ្នានោះដែរ ជីប ម៉ុង រំពឹងថាពិព័រណ៍នេះនឹងក្លាយជាវេទិកាមួយដែលអាចជួយអាជីវកម្មក្នុងស្រុកបង្កើនការផ្សព្វផ្សាយ និងការទទួលស្គាល់ពីអតិថិជន។ តាមរយៈការនាំយកអាជីវកម្មជាច្រើនប្រភេទមកជួបជុំគ្នា អ្នកចូលរួមអាចស្វែងយល់ពីផលិតផល និងសេវាកម្មថ្មីៗ ព្រមទាំងអាចស្វែងរកឱកាសសហការអាជីវកម្មបន្ថែម។
ជាពិសេស ព្រឹត្តិការណ៍នេះអាចជួយជំរុញឱ្យប្រជាពលរដ្ឋចាប់អារម្មណ៍លើការធ្វើដំណើរកម្សាន្តក្នុងស្រុក និងស្គាល់កាន់តែច្បាស់ពីគោលដៅទេសចរណ៍ និងសេវាកម្មក្នុងស្រុក។ នៅពេលប្រជាពលរដ្ឋជ្រើសរើសធ្វើដំណើរ និងចំណាយនៅក្នុងស្រុក នោះក៏មានន័យថា ចំណូលអាចបន្តចូលទៅក្នុងសហគមន៍ អាជីវកម្ម និងសេដ្ឋកិច្ចក្នុងស្រុកផងដែរ។

គួរជម្រាបផងដែរថា សម្រាប់បងប្អូនដែលចង់លើកស្ទួយទេសចរណ៍ក្នុងស្រុក ក៏ដូចជាចង់ជួយគាំទ្រអាជីវកម្មក្នុងស្រុកកុំភ្លេចអញ្ជើញចូល រួមទស្សនា ពិព័រណ៍ទេសចរណ៍កម្ពុជា ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែកញ្ញា នៅផ្សារទំនើប ជីប ម៉ុង ២៧១។ ការចូលរួមរបស់បងប្អូន មិនត្រឹមតែជាឱកាសសម្រាប់ស្វែងរកព័ត៌មាន និងបទពិសោធន៍ថ្មីៗសម្រាប់ការធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការចូលរួមគាំទ្រអាជីវកម្ម និងសេវាកម្មក្នុងស្រុក ព្រមទាំងរួមចំណែកក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចកម្ពុជាផងដែរ។៕


