ប្រាក់ចំណេញជាសកលរបស់ក្រុមហ៊ុន ByteDance បានកើនឡើង រហូតដល់៦០% ជំរុញឱ្យស្ថាបនិកកម្មវិធី TikTok លោក Zhang Yiming អាចក្លាយជាមហាសេដ្ឋីមានវ័យត្រឹម៤១ឆ្នាំ មានបំផុតលេខ១នៅក្នុងប្រទេសចិន ក្នុងខែតុលា ឆ្នាំ២០២៤នេះ។
ជាមួយទ្រព្យសម្បត្តិសុទ្ធ ប្រមាណ៤៩.៣ពាន់លានដុល្លារ ពោលគឺកើនឡើងចំនួន៤៣%ធៀបនឹងឆ្នាំ២០២៣ បានធ្វើឱ្យមហាសេដ្ឋីបច្ចេកវិទ្យាលោក Zhang Yiming ស្ថាបនិកកម្មវិធី TikTok កំពុងវ៉ាដាច់ខ្លាចាស់រកស៊ីយូរឆ្នាំនៅប្រទេសចិនដូចជា លោក Zhong Shanshan មានវ័យ៦៩ឆ្នាំ ជាមហាសេដ្ឋីលើវិស័យភេសជ្ជៈនិងចំណីអាហារ និងម៉ាកទឹកសុទ្ធដ៏ល្បីពេញប្រទេសចិនគឺ Nongfu Spring ក្លាយជាមហាសេដ្ឋីលេខ២ ជាលើកដំបូង ក្រោយស្តេចទឹកសុទ្ធរូបនេះ បានឈរលើតំណែងអ្នកមានជាងគេនៅចិនរយៈពេល៣ឆ្នាំជាប់គ្នា។
តាមទិន្នន័យពី វិទ្យាស្ថានស្រាវជ្រាវ Hurun ចុះផ្សាយដោយ BBC បានបញ្ជាក់ថាលោក Zhang Yiming បានលាឈប់ពីតួនាទីរបស់គាត់ក្នុងការគ្រប់គ្រងក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTokនៅឆ្នាំ ២០២១ ប៉ុន្តែលោកបានកាន់កាប់ភាគហ៊ុន ២០% នៃក្រុមហ៊ុននេះ។ ខណៈកម្មវិធីTik Tok អាចទាញអ្នកប្រើប្រាស់ជាង២០០លាននាក់នៅអាមេរិក នឹងរកប្រាក់ចំណេញជាង៦០% ទោះបីជាមានរឿងក្តីចម្រូសចម្រាស់ជាមួយរដ្ឋាភិបាលអាមេរិកក៏ដោយ។
មុនពេលបង្កើតក្រុមហ៊ុន Bytedance លោក Zhang Yiming ក៏ធ្លាប់ជាបុគ្គលិករនៅក្រុមហ៊ុនមហាសេដ្ឋី Bill Gates ហើយក៏បានចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន បរាជ័យចំនួន៤ដងនៅប្រទេសចិន។ បើតាមរបាយការណ៍ដដែលបានបញ្ជាក់ថា នេះជាលើកទី១ហើយដែលលោក Zhang Yiming បានជាប់ជាអ្នកមានបំផុតនៅប្រទេសចិន ហើយក៏ជាមនុស្សដំបូងគេក្នុងបញ្ជីជាសេដ្ឋីដែលអ្នកកើតក្រោយទសវត្សរ៍ឆ្នាំ ១៩៨០ ថែមទាំងជាសហគ្រិនដែលចាប់ផ្តើមដោយខ្លួនឯង។
គួរបញ្ជាក់ផងដែរថាកម្មវិធី TikTok បានបង្កើតឡើងកាលពីឆ្នាំ២០១៦ ដោយក្រុមហ៊ុន ByteDance នៅក្នុងប្រទេសចិនឈ្មោះថា Douyin និងបានពង្រីកទីផ្សារជាសកលក្នុងខែកញ្ញា ឆ្នាំ២០១៧ ឈ្មោះថា TikTok ៕
អត្ថបទដោយ៖ ពីង ជូអេង