ថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥ ដល់១៧ ខែកក្កដា ឆ្នាំ២០២៦ និងបានអនុញ្ញាតឲ្យ លោក Chen Yan ប្រធានក្រុមហ៊ុន Royal Vopak ប្រចាំប្រទេសចិន និងអាស៊ីខាងកើត (Koninklijke Vopak N.V.) និងសហការី ចូលចួបសម្ដែងការគួរសមផងដែរ។
ជាមួយគ្នានេះ ក្នុងឱកាសនៃកិច្ចជំនួបផ្ទាល់តែម្ដង លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចធិបតី អំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដោយបញ្ជាក់ថាបច្ចុប្បន្ន ក្រុមហ៊ុន Royal Vopak (Koninklijke Vopak N.V.) កំពុងសហការជាមួយក្រុមហ៊ុនដៃគូក្នុងប្រទេសកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគលើការបង្កើតស្ថានីយស្តុកឧស្ម័នធម្មជាតិរាវ (LNG Terminal) និងស្ថានីយចម្រាញ់ប្រេង (Refinery Terminal) នៅកម្ពុជា។ ហើយជាការឆ្លើយតប សម្ដេចធិបតីបានសម្ដែងការស្វាគមន៍ចំពោះបំណងវិនិយោគ ក៏ដូចជាកិច្ចសហការរវាងក្រុមហ៊ុន Royal Vopak និងក្រុមហ៊ុនដៃគូនៅកម្ពុជាផងដែរ។
យ៉ាងណាមិញ សម្ដេចធិបតី បានគូសបញ្ជាក់ថា ផែនការស្វែងរកឱកាសវិនិយោគលើស្ថានីយស្តុកឧស្ម័នធម្មជាតិរាវ និងស្ថានីយចម្រាញ់ប្រេង គឺស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងនេះ សំដៅធានាឲ្យបាននូវសន្តិសុខថាមពលនៅប្រទេសកម្ពុជានាពេលអនាគត។ បន្ថែមពីនេះ សម្តេចធិបតី បានលើកទឹកចិត្តឲ្យក្រុមហ៊ុនបន្តពង្រឹងកិច្ចសហការឲ្យកាន់តែជិតស្និទ្ធជាមួយក្រុមហ៊ុនដៃគូនៅកម្ពុជា និងបន្តពិភាក្សាលម្អិតបន្ថែមទៀតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងរ៉ែ និងថាមពល ដើម្បីជំរុញផែនការវិនិយោគនៅកម្ពុជាឲ្យលេចចេញជាផ្លែផ្កា។
គួរបញ្ជាក់ថា ក្រុមហ៊ុន Royal Vopak មានជំនាញខ្ពស់ក្នុងការផ្ដល់ដំណោះស្រាយលើហេដ្ឋារចនាសម្ព័ន្ធ និងការផ្ទុកផលិតផលប្រេង ឧស្ម័ន គីមីឥន្ធនៈ (Petrochemical) រួមទាំងឧស្ម័នធម្មជាតិរាវ (LNG) និងឧស្ម័នឥន្ធនៈរាវ (LPG) ជាដើម។ ហើយក្រុមហ៊ុននេះ ក៏ផ្ដោតសំខាន់លើវិស័យស្នូលមួយចំនួន រួមមាន៖ ស្ថានីយស្តុកថាមពលថ្មី និងប្រកបដោយចីរភាព ស្ថានីយស្តុកឧស្ម័ន ស្ថានីយស្តុកគីមីឥន្ធនៈសម្រាប់បម្រើដល់វិស័យឧស្សាហកម្ម ស្ថានីយស្តុកសារធាតុគីមី និងស្ថានីយស្តុកប្រេង។


