ពិតជាដំណឹងដ៏រីករាយមួយសម្រាប់ប្រជាជនកម្ពុជា ខណៈពេលដែលថ្មីៗនេះ ប្រតិភូមកពីខេត្តហឺណាន នៃប្រទេសចិន បានជ្រើសរើសយកខេត្ត១របស់កម្ពុជាគឺខេត្តកំពង់ស្ពឺ ដើម្បីវិនិយោគក៏ដូចជាយកធ្វើជាកន្លែងដាំបន្លែ ចិញ្ចឹមសត្វដើម្បីនាំចេញទៅប្រទេសចិនក៏ដូចជាពិភពលោកដែរ។
ជាក់ស្តែង កាលពីម្សិលមិញនេះឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូមកពីខេត្តហឺណាន ប្រទេសចិន ដឹកនាំដោយលោក Wang Guangguo អនុប្រធានសភាពាណិជ្ជកម្មចិននៅក្រៅប្រទេស និងជាប្រធានប្រតិបត្តិ នៃសភាពាណិជ្ជចិននៅក្រៅប្រទេស ខេត្តហឺណាន ដែលបានមកដល់ទឹកដីខេត្តកំពង់ស្ពឺ ដើម្បីសិក្សាស្វែងរកឱកាស វិនិយោគ ទៅលើវិស័យឧស្សាហកម្ម វិស័យកសិឧស្សាហកម្ម និងវិស័យកសិកម្ម។
នៅក្នុងជំនួបនោះលោក Wang Guangguo បានថ្លែងថា ខេត្តហឺណានជាខេត្តមួយដែលមានប្រជាជនច្រើន តែផ្ទៃដីតូច និងប្រកបរបរកសិកម្ម កសិឧស្សាហកម្ម និងឧស្សាហកម្ម ដូចខេត្តកំពង់ស្ពឺដែរ ដែលមានប្រជាជនពឹង ផ្អែកលើផ្អែកកសិកម្មច្រើន ទាំងការដាំដុះដំណាំ និងការចិញ្ចឹមសត្វ។
ឯកឧត្តមថា “ខេត្តហឺណានក៏មានអ្នកជំនួញដល់ទៅជាងមួយលាននាក់ និងច្រើនសមាគម។ ដោយសារតែវិស័យទាំង៣នេះ មានការរីកចម្រើនខ្លាំង ទើបអ្នកជំនួញទាំងអស់មានបំណងចង់បង្កើតការវិនិយោគមួយ នៅក្នុងខេត្តកំពង់ស្ពឺលើផ្ទៃដីរួម គឺកសិកម្ម កសិឧស្សាហកម្ម និងឧស្សាហកម្ម”។
ជាមួយគ្នានោះដែរ ឯកឧត្តម វ៉ី សំណាង បានបញ្ជាក់ថា ក្រោយជំនួបនេះប្រតិភូខេត្តហឺណាន បានកំណត់រួចហើយថានឹងយកខេត្តកំពង់ស្ពឺ ធ្វើជាខេត្តគោលដៅចម្បងសម្រាប់វិនិយោគលើវិស័យទាំង៣ខាងលើ ហើយពួកគេនឹងធ្វើការដាំបន្លែ ចិញ្ចឹមសត្វ ដើម្បីនាំចេញទៅលក់នៅក្នុងប្រទេសចិន និងពិភពលោកទាំងមូល។
ឯកឧត្តម វ៉ី សំណាង បានរំពឹងទុកផងដែរថា នៅពេលដែលអ្នកវិនិយោគរបស់ខេត្តហឺណាន បោះទុននៅក្នុងខេត្តកំពង់ស្ពឺ នោះជាឱកាសការងារថ្មីមួយបន្ថែមទៀតដែលអាចស្រូបទាញយកកម្លាំងពលកម្ម រាប់ម៉ឺននាក់បន្ថែមទៀត នៅពេលអនាគត ស្របពេលដែលប្រទេសជាតិកំពុងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ៕
អត្ថបទ៖ ធី ស្រីល័ក្ខ


