ប្រាក់ចំណូលពីការលក់ដីធ្លីរបស់រដ្ឋាភិបាលចិន បានធ្លាក់ចុះ២០ខែជាប់ៗគ្នាក្នុងខែសីហា ខណៈសញ្ញាបង្ហាញពីសម្ពាធកាន់តែខ្លាំងឡើងទៅលើរដ្ឋបាលមូលដ្ឋាន ខណៈវិបត្តិបំណុលធ្លាក់កាន់តែជ្រៅ។ នេះបើយោងតាមចុះផ្សាយរបស់សារព័ត៌មាន U.S News បានចុះផ្សាយកាលពីពេលថ្មីនេះៗ។
តាមប្រភពដដែលបានឲ្យដឹងថា ប្រាក់ចំណូលពីការលក់ដីធ្លីរបស់រដ្ឋាភិបាលចិន បានធ្លាក់ចុះ២២,២%ក្នុងខែសីហា បើធៀបនឹងឆ្នាំមុន បន្ទាប់ពីបានធ្លាក់ចុះ១០,១%កាលពីកក្កដា។ ដោយឡែកសម្រាប់រយៈពេលចាប់ពីខែមករា ដល់ខែសីហា ឆ្នាំនេះ ការលក់ដីធ្លីបានធ្លាក់ចុះ១៩,៦%បើធៀបនឹងឆ្នាំមុនមកនៅត្រឹម៣៧២,៨២ពាន់លានដុល្លារអាមេរិក។
ក្នុងនោះដែរលោក Wenyin Huang ដែលជាអ្នកវិភាគឥណទានមកពីទីភ្នាក់ងារវាយតម្លៃគុណភាពឥណទានអាមេរិក S&P Global Ratings លើកឡើងថា “ការធ្លាក់ចុះជាបន្តបន្ទាប់នៃប្រាក់ចំណូលពីការលក់ដីធ្លី ដែលជាប្រភពចំណូលដ៏សំខាន់សម្រាប់រដ្ឋបាលមូលដ្ឋាន អាចបំផ្លាញកម្លាំងហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ជាតិ និងកាត់បន្ថយអំណាចនៃការចំណាយតាមចិត្តចង់”។
ក្រុងប៉េកាំង បាននិងកំពុងបង្កើនវិធានការដើម្បីដោះស្រាយហានិភ័យបំណុលតាមមូលដ្ឋាន រួមទាំងការបន្ធូរបន្ថយការរឹតបន្តឹងលើវិស័យអចលនទ្រព្យ និងការត្រួតពិនិត្យកាន់តែងតឹងរ៉ឹងលើស្ថាប័នផ្ដល់ហិរញ្ញប្បទានរបស់រដ្ឋបាលមូលដ្ឋានផងដែរ ដោយទីផ្សារនានារំពឹងថានឹងមានវិធានការសារពើពន្ធ និងរូបិយវត្ថុបន្ថែមទៀតដើម្បីធានាបានថា សេដ្ឋកិច្ចងើបឡើងវិញយ៉ាងពិតប្រាកដ៕