សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យក្រុមហ៊ុនចិនសិក្សាគម្រោងវិនិយោគផ្លូវរថភ្លើងល្បឿនលឿនធន់ស្រាល២កន្លែង
Bunthoeun KoemFEBRUARY 10 20231.6 K views

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការស្នើឲ្យក្រុមហ៊ុនចិន China Metro Group Limited ធ្វើការសិក្សាវិនិយោគគម្រោងផ្លូវរថភ្លើងល្បឿនលឿនធន់ស្រាលនៅក្នុងរាជធានីភ្នំពេញ និងពីភ្នំពេញភ្ជាប់ទៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញថ្មី។

328864843 428384909475936 3044207975736503622 N

ការស្នើសុំរបស់សម្ដេចតេជោខាងលើត្រូវបានធ្វើឡើងនៅក្នុងជំនួបជាមួយក្រុមហ៊ុនវិនិយោគធំៗចំនួន៣ នៃប្រទេសចិន រួមមានក្រុមហ៊ុនសាងសង់គមនាគមន៍ចិន, ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន និងក្រុមហ៊ុន China Metro Group Limited កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ។

យោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១០ ខែកុម្ភៈនេះ បានបញ្ជាក់ថា នៅក្នុងជំនួបខាងលើនោះក្រុមហ៊ុនចិនខាងលើបានចាប់អារម្មណ៍នៅក្នុងការវិនិយោគរថភ្លើងល្បឿនលឿនធន់ស្រាល ពីក្រុងសៀមរាបទៅកាន់អាកាសយានអន្តរជាតិថ្មី នៅជីក្រែង ក្នុងខេត្តសៀមរាប។

ឆ្លៀតក្នុងឱកាសនោះ ទាក់ទិននឹងការវិនិយោគផ្លូវរថភ្លើងល្បឿនលឿនធន់ស្រាលនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើឲ្យក្រុមហ៊ុន China Metro Group Limited សិក្សាពីគ្រោងវិនយោគផ្លូវល្បឿនលឿនធន់ស្រាល ពីរាជធានីភ្នំពេញទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងផ្លូវរថភ្លើងល្បឿនលឿនធន់ស្រាលក្នុងរាជធានីភ្នំពេញ ដែលកំពុងមានចរាចរណ៍យ៉ាងមមាញឹក។

សូមជម្រាបផងដែរថា នាពេលបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាបានកំពុងរៀបចំអភិវឌ្ឍ និងសាងសង់គម្រោងផ្លូវរថភ្លើងជាច្រើនខ្សែដើម្បីសម្រួលដល់ការដឹកជញ្ចូននៅកម្ពុជា។ ដោយក្នុងនោះរួមមាន ផ្លូវរថភ្លើងល្បឿនលឿនពីភ្នំពេញទៅក្រុងប៉ោយប៉ែត និងពីភ្នំពេញទៅខេត្ដព្រះសីហនុ, គម្រោងផ្លូវរថភ្លើងល្បឿនលឿនពីភ្នំពេញទៅក្រុងបាវិត និងគម្រោងផ្លូវរថល្បឿនលឿនធន់ស្រាលនៅក្នុងរាជធានីភ្នំពេញនេះជាដើម៕

អត្ថបទ៖ កឹម ប៊ុនធឿន

328024302 903578350841933 2875331568215180486 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia