ក្នុងរយៈពេលជាង ២ ទស្សវត្សរ៍កន្លងមកនេះ ធនាគារនីហរ័ណ-អាហរ័ណចិន (China Eximbank) បានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ដោយបានផ្តល់ឥណទានសម្បទានសរុបប្រមាណ ៥ ៩០០ លានដុល្លារអាមេរិក សម្រាប់គាំទ្រដល់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្តចំនួន ៧១ គម្រោង។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គម្រោងទាំង ៧១ នោះ រួមមាន៖វិស័យផ្លូវ និងស្ពាន (៣៨ គម្រោង): សាងសង់ផ្លូវប្រវែងសរុបជាង ៣ ០០០ គីឡូម៉ែត្រ, ស្ពានឆ្លងទន្លេសាប ២ កន្លែង ស្ពានឆ្លងទន្លេមេគង្គ ៤ កន្លែង និងស្ពានឆ្លងទន្លេបាសាក់ ៤ កន្លែង។ វិស័យប្រព័ន្ធធារាសាស្ត្រ ១៧ គម្រោង។ វិស័យថាមពលអគ្គិសនី ១២ គម្រោង និងវិស័យផ្សេងៗទៀត ៤ គម្រោង។
កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ កន្លងទៅ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Chen Huaiyu ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ China Eximbank នៅទីស្តីការក្រសួង។
នៅក្នុងជំនួបនោះ ភាគីទាំងពីរបានប្តេជ្ញាបន្តកិច្ចសហការយ៉ាងជិតស្និទ្ធ ជាពិសេសលើ គម្រោងព្រែកជីកហ្វូណនតេជោ បន្តកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងស្វែងរកដៃគូវិនិយោគបន្ថែមសម្រាប់ដំណាក់កាលបន្តបន្ទាប់ ដើម្បីឱ្យការសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះនេះសម្រេចបានតាមការរំពឹងទុក។
កិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពផ្សេងទៀត: រួមមាន ការទាក់ទាញវិនិយោគិនឯកជន, ថាមពលអគ្គិសនី, បច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI), ពាណិជ្ជកម្ម, ទំនាក់ទំនង និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ គម្រោងកំពុងដំណើរការ (Pipeline Projects) ជម្រុញកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានលើគម្រោងអាទិភាពដែលមានស្រាប់ ក្នុងក្របខ័ណ្ឌសហការអភិវឌ្ឍន៍កម្ពុជា-ចិន ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈនៅកម្ពុជាឱ្យមានប្រសិទ្ធភាព ចីរភាព និងស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ៕


