ក្រុមហ៊ុន China Communication Contruction Corporation (CCCC) ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន China Road And Bridge បានសិក្សាចប់សព្វគ្រប់គម្រោងសាងសង់ផ្លូវ ២ ខ្សែនៅក្នុងប្រទេសកម្ពុជារួមរាល់ហើយ ខណៈរង់ចាំតែថវិកាសម្រាប់ការសាងសង់ប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់ពីលោក ឈិន បុង (Chen Zhong) អនុប្រធានក្រុមហ៊ុនខាងលើនៅក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។
ថ្លែងនៅក្នុងជំនួបខាងលើលោកអនុប្រធានក្រុមហ៊ុន បានជម្រាបជូនសម្ដេចតេជោថា ក្រុមហ៊ុនរបស់លោកបានសិក្សារួចហើយផ្លូវ ៥០សេ តភ្ជាប់ពីកំពង់ធំ ទៅកំពង់ឆ្នាំង និងកំណាត់ផ្លូវជាតិលេខ ៣ ពីកំពតទៅវាលរិញប្រវែងប្រមាណជា២០ គីឡូម៉ែត្រ ដែលផ្លូវនេះខូចធ្វើមិនចេះជាប់ទេ ហើយក្រុមហ៊ុនរបស់លោកបានសិក្សាចប់សព្វគ្រប់ហើយ។
ក្នុងន័យនេះលោកអនុប្រធានក្រុមហ៊ុន បានស្នើសុំសម្តេចតេជោ ហ៊ុន សែន ជួយជំរុញមិត្តចិនទំលាក់ថវិការដើម្បីក្រុមហ៊ុនយកទៅសាងសង់ ដោយសារក្រុមហ៊ុនរបស់លោកបានជួយថែរក្សាផ្លូវនោះរយះពេល២ឆ្នាំមកហើយ។
សូមជម្រាបថា ក្រុមហ៊ុន CCCC ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន china road and bridge បានសិក្សាសាងសង់គម្រោងជាច្រើននៅកម្ពុជាដូចជា៖ គម្រោងផ្លូវល្បឿនលឿនភ្នំពេញទៅកាន់ក្រុងព្រះសីហនុ គម្រោងផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត ផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តសៀមរាប ពីសៀមរាបទៅប៉ោយប៉ែត និងសិក្សាគម្រោងព្រៃជីកហ្វូណតេជោផងដែរ៕