ក្រោយផ្ទុះសង្គ្រា.ម៧ថ្ងៃ ចិន និងអាមេរិក បានចេញមុខមកនិយាយបែបនេះ
Kan DaraDECEMBER 16 20258.7 K views

ជម្លោះប្រដាប់អាវុធព្រំដែន កម្ពុជា-ថៃ នៅតែបន្តស្ថិតក្នុងស្ថានភាពតានតឹង បើទោះបីមានកិច្ចព្រមព្រៀងលើ “បទឈប់បាញ់ដែលធ្វើឡើងនៅទីក្រុងកូឡាឡាំពួ ខណៈបង្កឲ្យបាត់បង់ជិវិតមនុស្ស ខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងមានជនភៀសសឹករាប់ម៉ឺននាក់។

 

ក្នុងនោះ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងក្នុងកម្មវិធីមួយនៅសេតវិមាននាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ (ម៉ោងនៅអាមេរិក) យ៉ាងដូច្នេះថា៖ «យើងបានដោះស្រាយបញ្ចប់សង្រ្គាមចំនួន៨ ហើយមានសង្រ្គាមមួយកំពុងមានបញ្ហាបន្តិចបន្តួចគឺ ថៃនិងកម្ពុជា ដែលកំពុងមានមនុស្សស្លាប់ រឿងបែបនេះមិនគួរកើតឡើងទេ ប៉ុន្តែយើងនឹងដោះស្រាយវា។ ហើយសូមកោតសរសើរដល់ពួកគេដែលកំពុងធ្វើការដោះស្រាយជម្លោះនេះ»

 

D

 

ដោយឡែក អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun កាលពីរសៀលថ្ងៃទី ១៥ ខែធ្នូនេះ បានបង្ហោះសារនៅលើទំព័រហ្វេសបុករបស់ខ្លួនយ៉ាងដូច្នេះថា៖ «ប្រទេសចិនសង្ឃឹមថា កម្ពុជា និងថៃ នឹងអនុវត្តការអត់ធ្មត់ជាអតិបរមា ហើយចាត់វិធានការទាំងអស់ ដែលនាំទៅដល់ការបញ្ឈប់ការប្រយុទ្ធគ្នា និងបន្ថយភាពតានតឹងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»

 

លោកបានបន្តទៀតថា៖ «ប្រទេសចិននឹងបន្តធ្វើតាមឆន្ទៈរបស់ភាគីទាំងពីរ តាមរយៈការធ្វើអ្វីៗទាំងអស់ដែលយើងអាចធ្វើបានក្នុងការជំរុញកិច្ចចរចាដើម្បីសន្តិភាព និងដើរតួនាទីស្ថាបនាតាមមធ្យោបាយផ្ទាល់ខ្លួនរបស់យើង ដើម្បីនាំមកនូវបទឈប់បាញ់ និងស្តារសន្តិភាពរវាងប្រទេសទាំងពីរឡើងវិញ»

 

Dd

 

គួរជម្រាបផងដែរថា ជម្លោះ​ព្រំដែន​រវាង​ប្រទេសកម្ពុជា និងថៃបានបានវិវត្តក្លាយជាជម្លោះប្រដាប់អាវុធនៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២៥ នៅតាមខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ។ ក្រោយមក ប្រទេសទាំងពីរក៏បានយល់ព្រមអនុវត្តបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ប៉ុន្តែជម្លោះបានផ្ទុះឡើងជាថ្មីម្តងទៀតក្នុងខែធ្នូ ខណៈបច្ចុប្បន្នហាក់មិនទាន់ថមថយនៅឡើយ៕

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia