មាន់ជាសត្វមួយប្រភេទ ដែលប្រជាពលរដ្ឋកម្ពុជានិយមចិញ្ចឹមជាយូរលង់ណាស់មកហើយទាំងការចិញ្ចឹមលក្ខណៈគ្រួសារ ឬជាសិដ្ឋានជាដើម ដើម្បីបង្កើតចំណូលផ្គត់ផ្គង់គ្រួសារ។ ហើយកន្លងមកក៏មានកសិករមិនតិចនាក់នោះដែរ ដែលបានទាញប្រាក់ចំណូលខ្ទង់ពាន់ដុល្លារនៅក្នុង១ខែៗពីរបរមួយនេះ។
ជាក់ស្ដែងនៅក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងជាសហប្រធានតម្រង់ទិសកម្មវិធី ASPIRE ទៅកាន់ខេត្ដបាត់ដំបង ដែលមានការអមដំណើរដោយមន្រ្ដីមន្ទីរ និងអាជ្ញាធរមូលដ្ឋាន កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ បានចុះទៅដល់កសិដ្ឋានចិញ្ចឹមមាន់មួយកន្លែដែលមានទីតាំងស្ថិតនៅភូមិស្នឹងលិច ឃុំស្នឹង ស្រុកបាណន់។
នៅក្នុងកិច្ចសំណេះសំណាលជាមួយឯកឧត្ដមរដ្ឋលេខាធិការ ម្ចាស់កសិដ្ឋានខាងលើដែលមានឈ្មោះថា ហ៊ូរ សិដ្ឋា បានលើកឡើងថា តាមរយៈការចិញ្ចឹមមាន់នេះនៅក្នុង១ខែៗគាត់អាចរកចំណូលបានខ្ទង់ពាន់ដុល្លារផងដែរ។ ដោយក្នុងនោះលោកបានបញ្ជាក់ថា «ជាមធ្យមភាគការផលិតរបស់ខ្ញុំ នៅរដូវភ្លៀងនេះអាចរកបាន ១ ពាន់ដុល្លារដែរ»។ តែបើកាលពីរដូវរាំងយើងផលិតលឿនយើងបានលើហ្នឹង មានខ្ទង់ ២ អីដែរ»។
កសិករឆ្នើមរូបនេះបន្ដថា ដោយសារវគ្គនេះខ្លួនបានដកទ្រុងចិញ្ចឹមចេញខ្លះ កុំអីគាត់ដាក់មាន់ដល់ខ្ទង់ ២ ពាន់ក្បាលឯណោះ ហើយអាចនឹងទាញចំណូលបានខ្ទង់ ៥ ពាន់ដុល្លារផងដែរក្នុងរយៈពេល៣ខែនៃការចិញ្ចឹម។
ទាក់ទងចិញ្ចឹមវិញលោក ហ៊ូរ សិដ្ឋា បញ្ជាក់ថា មិនសូមមានភាពលំបាក់ប៉ុន្មាននោះទេ ដោយសារលោកបានរៀបចំទ្រុង និងប្រព័ន្ធទឹកស្វ័យប្រវត្ដិឲ្យមាន់ផឹកបានត្រឹមត្រូវ។ ពោលនៅក្នុងមួយថ្ងៃចំណាយពេលដាក់ចំណីតែពីរពេលប៉ុណ្ណោះ គឺពេលព្រឹក និងពេលល្ងាច ក្រៅពីនោះលោកនៅសល់ពេលវេលាអាចទៅធ្វើការផ្សេងៗបន្ថែមទៀតបាន។ លោកបន្ថែមថា ការរៀបចំប្រព័ន្ធនេះបានត្រឹមត្រូវ ទោះចិញ្ចឹមមាន់ដល់ ១ ពាន់ ឬ ២ ពាន់ក្បាល ក៏យើងមិនសូវចំណាយពេលច្រើននៅក្នុងការថែទាំវានោះដែរ។
សូមជម្រាបថា លោក ហ៊ូរ សិដ្ឋា បានចាប់ផ្ដើមរបរចិញ្ចឹមមាន់នេះកាលពីឆ្នាំ១៦មកម៉្លេះ ហើយបច្ចុប្បន្នលោកក៏ជាប្រធានសមាគមន៍បណ្ដុំអាជីវកម្មកសិករមាន់នៅក្នុងតំបន់ផងដែរ ដែលមានសមាជិកសរុបជិត ២០ គ្រួសារ។ ហើយការផលិតក្នុងសមាគមន៍របស់លោកកន្លងមក គឺទទួលបានការគាំទ្រពីកម្មវិធី ASPIRE របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានផ្ដល់ពូជ និងបច្ចេកទេសក្នុងការចិញ្ចឹមជាដើម។
គួរបញ្ជាក់ដែរថា ក្រៅតែជាអ្នកផលិត លោក ហ៊ូរ សិដ្ឋា ក៏ទទួលបង្រៀនពីរបៀបចិញ្ចឹមមាន់ដោយឥតគិតថ្លៃ សម្រាប់អ្នកដែលចង់ចេះ និងចង់បានបទពិសោធន៍ថ្មីៗថែមទៀតផង។ ហើយលោកក៏មានទទួលផ្គត់ផ្គង់ការផលិតមាន់សាច់សម្រាប់ភោជនីយដ្ឋាន អាហារដ្ឋាន និងហាងធំៗនៅទូទាំងប្រទេសផងដែរ។ សម្រាប់លេខទំនាក់ទំនងលោក ហ៊ូរ សិដ្ឋា៖ 077 301 186 (Telegram)៕
អត្ថបទ៖ កឹម ប៊ុនធឿន


