ជាដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ខណៈក្រុមហ៊ុនផលិតប្រេងរបស់សហរដ្ឋអាមេរិក Cheveron គ្រោងធ្វើការពង្រីកស្ថានីយប្រេងរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា និងបានគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហារុករកប្រេង និងឧស្ម័នជាមួយប្រទេសថៃផងដែរ។ នេះបើយោងតាមការបញ្ជាក់ពី ឯកឧត្ដម កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។
នៅក្នុងសំណេរនៅលើបណ្ដាលសង្គមហ្វេសប៊ុកឯកឧត្ដមបានសរសេរបញ្ជាក់យ៉ាងដូច្នេះថា «ក្រុមហ៊ុនប្រេងអាមរិកគ្រោងពង្រីកស្ថានីយប្រេងនៅកម្ពុជានិងគាំទ្រគោលនយោបាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដោះស្រាយបញ្ហារុករកប្រងនិងឧស្ម័នជាមួយប្រទេសថៃឈរលើនយោបាយឈ្នះ-ឈ្នះ។ លោកអនុប្រធានក្រុមហ៊ុន Cheveron Frank Cassulo បញ្ជាក់ថាក្រុមហ៊ុមនេះផលិតប្រេងឆៅក្នុងពិភពពលោកជាមធ្យម ៣លានធុងក្នុង១ថ្ងៃ»។
គួរជម្រាបផងដែរថា ក្រុមហ៊ុន Cheveron គឺជាក្រុមហ៊ុនសាជីវកម្មដ៏ធំរបស់សហរដ្ឋអាមេរិក ដែលមានឯកទេសក្នុងការផលិតប្រេង និងឧស្ម័ន។ បច្ចុប្បន្នក្រុមហ៊ុនមួយនេះបានកំពុងដំណើរការអាជីវកម្មនៅក្នុងប្រទេស ១៨០ ជុំវិញពិភពលោក ។
ទាក់ទិននឹងការផលិតប្រេង កាលពីពេលកន្លងទៅកម្ពុជា ក៏មានក្រុមហ៊ុនមួយបានបណ្ដាក់ទុកនៅក្នុងការបូម និងចម្រាញ់ប្រេងផងដែរ។ ប៉ុន្ដែដោយសារតែក្រុមហ៊ុនប្រកាសក្ស័យធន ធ្វើឲ្យដំណើរការនៃការបូម និងចម្រាញ់ប្រេងនៅកម្ពុជាត្រូវបានផ្អាកដំណើរការក្នុងអំឡុងឆ្នាំ២០២១។ យ៉ាងណាបន្ទាប់ពីក្រុមហ៊ុនមួយនេះបានផ្អាកដំណើរ ក៏មានក្រុមហ៊ុនធំៗជាច្រើនទៀតចាប់អារម្មណ៍នៅក្នុងការបោះទុនវិនិយោគរុករកប្រេងនៅកម្ពុជាផងដែរ៕