Chef Nak ចាប់ដៃជាមួយអ្នកផលិតវីដេអូម្ហូបល្បីឈ្មោះ Sonny ផ្សព្វផ្សាយម្ហូបខ្មែរ ទៅពិភពលោក
Ping Chou EngFEBRUARY 29 2024285 views

អ្នកនាង រស់ រតនៈ ដែលមហាជនភាគច្រើនស្គាល់ថា Chef Nak (ចុងភៅ ណាក់) ជាម្ចាស់ស្នាដៃសៀវភៅធ្វើម្ហូបខ្មែរ ជាប់ជ័យលាភីជា "សៀវភៅធ្វើម្ហូបល្អបំផុតនៅលើពិភពលោក"  មានឈ្មោះថា សោយ បានពួតដៃគ្នាជាមួយអ្នកផលិតវីដេអូម្ហូបល្បីឈ្មោះលោក Sonny បុរសជនជាតិអាមេរិក ដែលមានឆាណែលយូធូបអ្នកចុច Subscribe ជាង១០លាននាក់ ​ក្នុងការផ្សព្វផ្សាយម្ហូបខ្មែរទៅកាន់ពិភពលោក។

 

នេះគឺជាក្តីរំពឹងរបស់ប្រិយមិត្តដែលនិយមតាមដានមាតិកាម្ហូបនៅកម្ពុជាថាអ្នកទាំងពីរអាចនឹងដឹកដៃគ្នា បង្កើតមាតិកាម្ហូបខ្មែរនាំឱ្យពិភពលោកស្គាល់ ក្រោយគេសង្កេតឃើញលោក Sonny អ្នកផលិតវីដេអូដ៏ល្បីដើរបង្ហាញនិងភ្លក់មុខម្ហូបជាច្រើននៅជុំវិញពិភពលោកជាពិសេសតំបន់អាស៊ីដែល មានឆាណែលឈ្មោះថា Best Ever Food Review មកលេងកម្ពុជាដោយមានអ្នកនាង រស់ រតនៈ ចុងភៅខ្មែរល្បីឈ្មោះជាមគ្គុទេសន៍។

 

បន្ថែមពីនោះអ្នកនាងរតនៈក៏បានជូនសៀវភៅចំនួន២ក្បាលដែលជាស្នាដៃនិពន្ធរបស់អ្នកនាងទៅកាន់លោក Sonny ដោយចុងភៅណាក់ បានបង្ហោះសារអមនឹងរូបភាពជាមួយលោក Sonny យ៉ាងដូច្នេះថា “អរគុណដែលបានអញ្ជើញមកប្រទេសខ្ញុំ ចង់ភ្លក្ស ចង់ស្គាល់ម្ហូបខ្ញុំ។ តាមបទពិសោធន៍ខ្ញុំជឿថាត្រឹមប៉ុណ្ណឹងថ្ងៃពិតមិនអាចយល់ដឹងស៊ីជម្រៅពីម្ហូបប្រទេសខ្ញុំបាននោះទេ។ ដូច្នេះហើយមានតែជូនសៀវភៅទាំងពីរនេះគ្រាន់ជាការស្វែងយល់បន្ថែម។ សូមបន្តដំណើរដោយជោគជ័យហើយសង្ឃឹមថានឹងឃើញការផ្សព្វផ្សាយអ្វីដែលល្អប្រសើរពីប្រទេសខ្ញុំដែលពិភពលោកគួរដឹង និងជាប្រយោជន៍។”

 

គួរជម្រាបផងដែរថា Best Ever Food Review Show គឺជាកម្មវិធីអាហារ និងការធ្វើដំណើរដែលបង្កើតឡើងដោយផលិតករភាពយន្តជនជាតិអាមេរិកលោក Will Sonbuchner ឈ្មោះហៅក្រៅ Sonny Side ដែលក្រុមការងារផលិតមានមូលដ្ឋាននៅប្រទេសវៀតណាម ខណៈឆាណែលយូធូបនិងហ្វេកប៊ុកផេករបស់លោកមានអ្នកតាមដានសរុបជាង១២លាននាក់ឯណោះ។

 

នៅក្នុងឆ្នាំ ២០២០ ឆាណែលនេះបានឈ្នះពានរង្វាន់ Webby សម្រាប់ "People's Voice: Viral Video of The Year" និងពានរង្វាន់កិត្តិយសផ្លូវការរបស់ Webby ចំពោះអាហារ និងភេសជ្ជៈសម្រាប់ខែវិច្ឆិកា ឆ្នាំ ២០២៣ បន្ទាប់ពីឆាណែលនេះមានអ្នកចុច Subscribe ១០.៣ លាននាក់៕

 

429668894 797804378832292 2451398637593875432 N

 

អត្ថបទដោយ៖ ពីង ជូអេង

 

 

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia