ឆ្នាំថ្មីចង់សង់ផ្ទះ! វិធីសាស្ដ្រ ៧  ជួយអ្នកចំណាយលុយតិចតែបានផ្ទះស្អាត និងគុណភាពល្អ
Bunthoeun KoemDECEMBER 21 20221.7 K views

ជាការពិតណាស់សាងសង់ថ្មីប្រាកដជាត្រូវចំណាយលុយច្រើនទៅលើសម្ភារផ្សេងៗ ដែលជាតម្រូវការចាំបាច់សម្រាប់ផ្ទះថ្មី។  ដូច្នេះសម្រាប់​អ្នក​ដែល​មាន​ជីវភាព​កម្រិត​មធ្យម ឬ​ក្រោម​មធ្យម ការ​សង់​ផ្ទះ​គឺ​ជា​ការ​ចំណាយ​ដ៏​ធំ​បំផុត​ ហើយ​តែង​រក​វិធីសាស្ត្រ​យ៉ាងណា​កុំ​ឲ្យចំណាយ​លើស​ពី​គម្រោង​។

យោងតាមការដកស្រងពីគេហទំព័ ROCKET Mortgage បានបង្ហាញពីវិធីសាស្រ្ត៧ យ៉ាងដែលធ្វើឱ្យលោកអ្នកចំណាយលុយតិចក្នុងការសាងសង់ផ្ទះ៖

១.ជួលជាងដែលមានបទពិសោធន៍

ប្រសិនបើអ្នកកំពុងសាងសង់ផ្ទះថ្មី លោកអ្នកគួរតែជួលជាងដែលមានបទពិសោធន៍ ព្រោះថាជាងដែលមានបទពិសោធន៍អាចនឹងដឹងពីការចំណាយបែបណាទើបអស់តិច។

មួយវិញទៀតជាងដែលមានបទពិសោធន៍អាចជួយអ្នកដឹងកន្លែងដែលត្រូវចំណាយ និងកន្លែងដែលត្រូវសន្សំ។ ហើពួកគាត់អាចជួយឱ្យលោកអ្នកចៀសផុតពីបញ្ហាផ្សេងៗដែលមិនបានដឹងមុនផងដែរ។ 

២.កុំ​ខ្ជះខ្ជាយ​ទៅ​លើ​សម្ភារ និង​គ្រឿង​សំណង់

មូលហេតុ​ចម្បង​មួយ​ទៀត​សម្រាប់​អ្នក​ដែល​ធ្វើ​ផ្ទះ​​ច្រើនតែ​អស់​លុយ​ពី​ខ្លួន ឬ​ពេល​ធ្វើ​ផ្ទះ​ដើរ​ខ្ចី​លុយ​គេ​បន្ថែម​នោះ គឺ​ដោយ​សារ​ចំណាយ​លើ​សម្ភារ​ និង​គ្រឿង​សំណង់​ច្រើន​ពេក។ សម្ភារ​ដែល​មាន​ដូចជា ឥដ្ឋ​ការ៉ូ ដំបូល​ផ្ទះ​ ទ្វារ បង្អួច ជាដើម​ មិន​គួរ​យក​របស់​ដែល​ថ្លៃ​ខ្ពស់​ពេក​នោះ​ទេ អាច​ជ្រើសរើស​ត្រឹម​តម្លៃ​ល្មមៗ​គុណភាព​អាច​ទទួល​យក​បាន​គឺ​គ្រប់​គ្រាន់​ហើយ​។ សម្ភារ​ខ្លះ​ថ្លៃ​មែន​ពិត តែ​គុណភាព​ប្រហាក់​ប្រហែល​នឹង​តម្លៃ​មធ្យម​ដែរ។

៣.កុំ​លេង​ម៉ូដ​ខ្លាំង​ពេក

នៅពេលដែល​លេង​ម៉ូដ​ផ្ទះ​ខ្លាំង​ពេក​ មិន​ថា​ម៉ូដ​ខាង​ក្នុង និង​ម៉ូត​ខាង​ក្រៅ​នោះ​ទេ​គឺ​ជា​មូល​ហេតុ​ធំ​ធ្វើ​ឱ្យ​អស់​លុយ​ច្រើន​ជាង​គម្រោង​។ ដូចនេះ​ប្រសិន​បើ​មិន​ចង់​ចំណាយ​ច្រើន​គួរ​គូរ​ប្លង់​ផ្ទះ​ឱ្យ​ហើយ បន្ទាប់​មក​ធ្វើ​តែ​ទៅ​តាម​ប្លង់​នោះ​បាន​ហើយ កុំ​ម្ដង​បន្ថែម​ម៉ូដ​ត្រង់​នេះ ម្ដង​ថែម​ម៉ូដ​ត្រង់​នោះ​អី។

៤. កែ​ច្នៃ​ឱ្យ​អស់​ពី​​លទ្ធភាព

ចំណុច​នេះ​ជួយ​ឱ្យ​ការ​ចំណាយ​ច្រើន​ពេល​សង់​ផ្ទះ​អាច​កាត់​បន្ថយ។ កែច្នៃ​អោយ​អស់​លទ្ធភាព​នេះ សំដៅ​ទៅ​លើ​គ្រឿង​សំណង់​មួយ​ចំនួន​ដែល​នៅ​សល់​​កុំ​ទុក​ចោល ដូចជា​ដែក​ដែល​ប្រើ​រួច​អាច​ទុក​ចាក់​គ្រឹះ​ធ្វើ​អ្វី​ផ្សេង​​ទៀត ថ្នាំ​ពណ៌​លាប​ផ្ទះ​ដែល​នៅ​សល់​តិចៗ​ជាប់​ធុង​កុំ​ទុក​ចោល ​អាច​យក​មក​លាយ​គ្នា​លាប​បង្កាន់​ដៃ​ជណ្ដើរ​បាន។ រឿង​កំប៉ិកកំប៉ុក​មែន​ប៉ុន្តែ​អាច​ជួយ​អោយ​ចំណេញ​លុយ​មួយ​ផ្នែក​ដែរ​។

៥.ត្រួត​ពិនិត្យ​ឱ្យ​ជាប់​លាប់​ពេល​សាងសង់

ពេល​ធ្វើ​ផ្ទះ​គួរ​តែឧស្សាហ ទៅមើលការ​ខុស​ត្រូវ​នានាចំពោះ​ផ្ទះដែលកំពុងសាងសង់។ បើទោះបីជាលោកអ្នកមិនមែនចេះក៏ដោយ ប៉ុន្តែ​ជាង​ខ្លះ​អាច​មាន​គំនិត​មិន​ល្អ យក​សម្ភារ និង​គ្រឿង​សំណង់​មួយ​ចំនួន​លាក់​ទុក ហើយ​ប្រាប់​ម្ចាស់​ផ្ទះ​ថា​ខ្វះ​ ជា​ហេតុ​នាំ​ឱ្យ​អស់​លុយ​ត្រូវ​ទិញ​ថែម​។ ម្យ៉ាង​ទៀត​ការ​ត្រួតពិនិត្យ​អោយ​បាន​ត្រឹមត្រូវ​នេះ ជួយ​អោយ​ដឹង​ថា មាន​អី​ខ្វះ​អី ហើយ​កុំ​អោយ​ជាង​ប្រើប្រាស់​គ្រឿង​សំណង់​ខ្ជះខ្ជាយ​។

៦.រៀបចំថវិកា ផែនការ និងតម្លៃគ្រប់មុខទំនិញ

កុំ​ចាំ​ពេល​សង់ផ្ទះហើយទើប​ភ្ញាក់​ផ្អើល​នឹង​ការ​ចំណាយ។ បើមិនចង់ឱ្យមានរឿងនោះកើតឡើងទេលោកអ្នកត្រូវបែងចែកថវិកា និងកំណត់តម្លៃគ្រប់យ៉ាងដែលអ្នករំពឹងថានឹងចំណាយលើផ្ទះថ្មីរបស់លោកអ្នក។ បើទោះបីជាការកំណត់តម្លៃមិនដូចអ្វីដែលបានគិតក៏ដោយ យ៉ាងណាលោកអ្នកត្រូវតែមានតម្លៃជាក់លាក់មួយដើម្បីសម្រួលលើការចំណាយទៅលើរបស់ផ្សេងៗផងដែរ។

៧. ​​ស្រាវជ្រាវ​តម្លៃ​ និង​ជាង​ដែល​មាន​ជំនាញ​ច្បាស់​លាស់

អតីត​ជាង​សង់​ផ្ទះ​ខាង​លើ​នេះ បន្ត​ទៀត​ថា អ្នក​ខ្លះ​ពេល​សង់​ផ្ទះ​ធ្វើ​បែប​ប្រញាប់ប្រញាល់​ មិន​ចំណាយ​ពេល​សាកសួរ​រក​ជាង​ឱ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ ជា​ហេតុ​នាំ​អោយ​ក្រោយ​ធ្វើ​ផ្ទះ​រួច​ច្រើន​មាន​ចិត្ត​មិន​ជ្រះ​ស្រឡះ​។ រើស​ជាង​ខុស​នាំ​ឱ្យ​ម្ចាស់​ផ្ទះ​ហត់​ចិត្ត ហើយ​ថែម​ទាំង​អស់​លុយ​ច្រើន​ទៀត ព្រោះ​ជាង​ធ្វើ​ផ្ទះ​ចេះ​មិន​ច្បាស់ ច្រើន​ធ្វើ​ផ្ទះ​លក្ខណៈ​ស្មាន​តាម​ការ​យល់​ឃើញ​។ ដូចនេះ​មុន​​សង់​ផ្ទះ​គួរ​ ស្រាវ​ជ្រាវ​រក​ជាង​ឱ្យ​បាន​ត្រូវ​ត្រូវ ទាំង​តម្លៃ និង​គុណភាព​ ជៀស​វាង​ការ​ខាត​បង់​៕

Photo 2022 09 20 13 15 59

Photo 2022 10 17 12 27 26

អត្ថបទដោយ៖ ឌឿក ស្រី នុត

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia