ពេលដើរផ្សារមើលយីហោប្រេនៗ មនុស្សជាច្រើននឹងមិនរំលងភ្នែកពីយីហោ Charles & Keith នោះទេ។ ដោយបានឃើញនិងបានប្រើប្រាស់យីហោមួយនេះរួចមកហើយតោះ យើងមកស្គាល់ថៅកែធំ រូបសង្ហា សមត្ថភាពខ្លាំងអាចបង្កើតអាណាចក្រនិងគ្រប់គ្រងជំនួញរបស់ខ្លួនជាង២៥ឆ្នាំរហូតអាចវិវត្តន៍ខ្លួនចូលទៅជាយីហោមួយលំដាប់ពិភពលោកបានយ៉ាងជោគជ័យ។
លោក Charles Wong សហគ្រិនដើមកំណើតសិង្ហបុរី វ័យ៤៨ឆ្នាំ បានចាប់ផ្តើមអាជីវកម្មដំបូងបំផុត ក្នុងឆ្នាំ១៩៩៦ ជាមួយនឹងប្អូនប្រុសមា្នក់ទៀតឈ្មោះ Keith Wong ជាមួយនឹងហាងលក់ស្បែកជើងតូចមួយប៉ុណ្ណោះ នៅក្នុងផ្សារដែលជាអាជីវកម្មបន្តពីគ្រួសារ និងគ្មានសង្ឃឹមសោះថា អាជីវកម្មនោះ អាចនឹងមានជីវិតរស់មកទល់សព្វថ្ងៃនេះ និងបានក្លាយជាចំណែកមួយរបស់ ក្រុមហ៊ុនយក្សរបស់បារាំង Louis Vuitton Moet Hennessy (LVMH)។
អ្នកជំនួញរូបសង្ហានេះធ្លាប់បានលើកឡើងថា “គិតឲ្យធំ ហើយកុំខ្លាចបរាជ័យ ទោះបីជាអ្នកមិនជោគជ័យក្នុងការអនុវត្ត លើកដំបូងរបស់អ្នកក៏ដោយ” ។ ដើរលើវិថីជំនួញជាង២៥ឆ្នាំ ពោលគឺចាប់តាំងពីឆ្នាំ១៩៩៦មក តាមរយៈគោលការណ៍រកស៊ីរឹងមាំទាំង៣ បានដឹកនាំឱ្យ Charles & Keith ក្លាយជាយីហោលេចធ្លោមួយ ទោះវិស័យមួយនេះមានការប្រកួតប្រជែងខ្ពស់ក្តី។
១. បញ្ហារបស់នរណាមួយ អាចជាឱកាសរបស់អ្នក
ទោះបីជាស្ថានភាពសេដ្ឋកិច្ចអាប់អួរក្នុងប្រទេសសិង្ហបុរីនាឆ្នាំ១៩៩៧ ក៏ដោយ Charles & Keith មិនធ្លាក់ទឹកចិត្តទេ ហើយបានឆ្លៀតឱកាសដើម្បីរីកចម្រើន ដោយបានឆ្លៀតឱកាសដើម្បីផ្លាស់ទីអាជីវកម្មរបស់គាត់ក្នុងទិសដៅថ្មីមួយ ដោយទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជនជាស្រ្តី ជាមួយនឹងការរចនាម៉ូដទាន់សម័យ ឆ្ពោះទៅមុខ និងតម្លៃសមរម្យ ដែលជាកញ្ចប់ដ៏គួរឱ្យទាក់ទាញនៅក្នុងវិបត្តិសេដ្ឋកិច្ចនាពេលនោះ។
២.ប្រសិនបើអ្នកមិនទៅមុខទេ អ្នកនឹងដើរថយក្រោយ
ឧស្សាហកម្មរចនាម៉ូដតែងដើរទៅមុខថ្មីឥតឈប់ឈរ និងពោរពេញដោយបញ្ហាប្រឈម។ ដូច្នេះក្នុងនាមជាអ្នកដឹកនាំម្នាក់ លោក Charles អាចមើលឃើញពីការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅក្នុងឧស្សាហកម្មដែលលោកកំពុងធ្វើនេះនាពេលអនាគត។ ដូច្នេះការស្រាវជ្រាវទីផ្សារ មើលទំនោរអនាគត នឹង បានចំណាយ ៣% នៃប្រាក់ចំណូលរបស់ក្រុមហ៊ុន ដើម្បីបណ្តុះបណ្តាលអ្នករចនាម៉ូដ តាមរយៈការធ្វើដំណើរជាទៀងទាត់ទៅកាន់អឺរ៉ុប និងសហរដ្ឋអាមេរិក ក្នុងគោលបំណងអភិវឌ្ឍន៍ខ្លួននិងបង្កើនសមត្ថភាពដល់បុគ្គលិក ដោយមិនគិតតែពីផលចំណេញចូលក្រុមហ៊ុនខ្លាំងពេក។
៣.ចំណុចលេចធ្លា១
លោក Charles បានដឹងថាគាត់ត្រូវតែរកវិធីដើម្បីធ្វើឱ្យខ្លួនគាត់ខុសប្លែកពីដៃគូប្រកួតប្រជែងជាច្រើន ព្រោះថា បន្ទាប់ពីនិយាយទៅកាន់អតិថិជនរបស់គាត់ គាត់បានរកឃើញថា ការលក់ស្បែកជើងដែលទិញពីអ្នកផ្គត់ផ្គង់លក់ដុំ មិនបានផ្តល់នូវជម្រើស គ្រប់គ្រាន់សម្រាប់អតិថិជនរបស់ពួកគេនោះទេ។
ដូច្នេះដើម្បីឱ្យអាជីវកម្មអាចរស់បាន អ្វីៗត្រូវផ្លាស់ប្តូរ រហូតបានជំរុញចិត្តឱ្យពួកគេពីរនាក់បងប្អូន ចេញរកស៊ីចាប់ផ្តើមយកផ្ទះតូចមួយធ្វើជារោងចក្ររចនាស្បែកជើងអស់រយៈពេល៣ឆ្នាំ ចេញម៉ូតតាមតម្រូវការអតិថិជន មានជម្រើសច្រើន ហើយនោះគឺជាចំណុចលក់ដ៏ធំមួយដែលនាំ Charles & Keith រីកចម្រើនលេចធ្លោមកទល់បច្ចុប្បន្ន។
គួរជម្រាបផងដែរថាយីហោ Charles & Keith គឺប្រេនលំដាប់ថា្នក់ពិភពលោកមួយនិងទទួលស្គាល់ដោយ LVMH Group ដែលមានលក់ស្បែកជើង សម្លៀកបំពាក់ និងកាបូប នឹងបានពង្រីកខ្លួនជាង៧០០សាខានៅទូទាំងពិភពលោកនឹងមានតម្លៃក្រុមហ៊ុនរហូតដល់ទៅ២ពាន់ដុល្លារផងដែរ៕
អត្ថបទដោយ៖ ពីង ជូអេង


