១ភូមិមិនរំលងយើង! អ្នកលក់ចាប់ហួយ មានតែ៥ ចំណុចធំៗនេះ ភ្ញៀវកំរជិះហួសណាស់
THATSORNA NOVSEPTEMBER 18 2023353 views

របរលក់ចាប់ហួយជារបរដ៏ពេញនិយមមួយនៅក្នុងប្រទេសកម្ពុជា ​ខណៈក្នុងមួយភូមិៗយ៉ាងហោចណាស់ក៏មាន ២ ទៅ៣តូបដែរដែលប្រកបរបរនេះ ប៉ុន្តែក្នុងចំណោមតូបទាំងនោះច្បាស់ជាមួយតូបមួយលេចធ្លោជាងជាងគេមិនខាន តើហេតុអ្វីរបរដូចតែគ្នា មួយលក់ដាច់ មួយទៀតអត់។ ទាក់ទង​នឹង​ការលក់ដូរ​បែប​ប្រពៃណី​នេះ Business Cambodia សូម​ចែក​រំលែក​ក្បួន​លក់​ធំៗ ៥ យ៉ាង​ជូន​មិត្ត​អ្នក​អាន​ទាំង​អស់​គ្នា។ ដោយក្នុងនោះ​រួម​បញ្ចូល​ទាំង​៖

១.  គេអត់យើងមាន៖

មែនទែនទៅ អតិថិជនមានតម្រូវការមិនដូចគ្នាទេ ដូច្នេះហើយ អ្នកលក់ចាប់ហួយត្រូវតែមានទំនិញឱ្យច្រើនប្រភេទ ពោលតូបគេមិនមានតែយើងមាន ព្រោះអតិថិជនចង់ទៅទិញមួយកន្លែង មានរបស់ដែលពួកគាត់ចង់បានគ្រប់មុខតែម្តង។ ប៉ុន្តែបើក្នុងករណី ភ្ញៀវទៅសួរម្តងអត់ លើកទី២​ អត់ នោះភ្ញៀវច្បាស់ជាមិនទៅជាលើកទី៣ជាដាច់ខាត។

ត្រឡប់មកវិញបើអ្នកយកអីវ៉ាន់មកលក់ អ្នកក៏ត្រូវមើលដែរថា ទំនិញប្រភេទណាអតិថិជនឧស្សាហ៍ទិញជាងគេ និងតម្រូវការច្រើនជាងគេ ដូច្នេះអ្នកគួរទិញចូលឱ្យច្រើន ហើយទំនិញដែលអតិថិជនកំរសួររកគួរទិញចូលក្នុងបរិមាណតិចតួចបាន ច្រៀសវាងផុតកំណត់ខាតប្រាក់។

២. តម្លៃ៖

ជាការពិតណាស់ មុនពេលអតិិថិជនចង់ទិញអ្វីមួយ អ្វីដែលពួកគាត់គិតមុនគេគឺតម្លៃ ហើយរបរលក់ចាប់ហួយនេះមួយលើសខ្វះតែ ១០០ ទៅ២០០ ក៏ភ្ញៀវគិតដែរ។ ម្ល៉ោះហើយយើងស៊ូចំណេញតិចជាងគេ តែមានម៉ូយច្រើន ព្រោះភ្ញៀវស្អប់អារម្មណ៍អ្នកលក់កាប់ណាស់ ហើយបើទោះផលិតផលផ្សេងរបស់អ្នកមានតម្លៃធូរក៏ដោយ បើអ្នកផ្តល់បទពិសោធន៍ដំបូងថ្លៃហើយ នោះពួកគាត់នឹងគិតថា ផលិតផលផ្សេងៗរបស់អ្នកក៏ថ្លៃជាងគេដែរ។

៣. ភាពរួសរាយរាក់ទាក់៖

ធម្មតាមានមនុុស្សជាច្រើនគិតថា គ្រាន់តែលក់ចាប់ហ៊ួយចំណេញតិចតូចចឹងសោះ ចាំបាច់អីត្រូវរួសរាយរាក់ទាក់ពេកនោះ ប៉ុន្តែនៅពេលដែលអ្នកមានទឹកមុខញញឹមញញែម ចេះសួរសុខទុក រហ័ស និងឱ្យតម្លៃអតិថិជននេះហើយ ដែលធ្វើឱ្យភ្ញៀវកាន់តែស្រលាញ់ពេញចិត្តយើង ហើយចង់ជួយទិញអីវ៉ាន់យើង ប៉ុន្តែបើអ្នកលក់មុខក្រញ៉ូវ មុខមិនឱ្យ​ ក្រោយមិនមើលនោះ មិនយូរទេភ្ញៀវរត់អស់ហើយ។

៤. ចង់ជួយ៖

ទង្វើរតូចៗ ប៉ុន្តែរូបភាពធំ  មែនទែនទៅ ទោះអតិថិជនមិនពឹងយើងឱ្យជួយគាត់ក៏ដោយ ប៉ុន្តែជាអ្នកលក់ត្រូវមានចិត្ត។ ឧទាហរណ៍ថា អតិថិជនដឹកអីវ៉ាន់ធ្ងន់ អ្នកជួយលើក  ឬមួយថង់មួយជាន់ងាយរហែក អ្នកបន្ថែមថង់មួយជាន់ទៀតជូនគាត់ ពោលអ្នកត្រូវខ្វល់ខ្វាយពីអតិថិជនរបស់អ្នក ដោយធ្វើយ៉ាងណា​ ឱ្យអតិថិជនមានអារម្មណ៍ថាកក់ក្តៅជាមួយអ្នក នឹងគិតថាយើងតែខ្វល់ខ្វាយពីពួកគាត់។

៥. ច្នៃទំនិញចាស់ៗលក់កុំឱ្យសល់៖

ការលក់ដូរតែងមានឥវ៉ាន់សល់ ហើយបើអ្នកអាចធ្វើឱ្យទំនិញចាស់ៗសល់កាន់តែតិច សុខភាពអាជីវកម្មអ្នកកាន់តែល្អ។ ដូច្នេះ អ្នកអាចធ្វើប្រម៉ូសិន បញ្ចុះតម្លៃ ឬអ្នកអាចលក់ផ្គួបរវាងទំនិញថ្មី និងទំនិញចាស់ ឬអ្នកលក់ទំនិញថ្មីឱ្យរៀងថ្លៃបន្តិច ហើយថែមរបស់ចាស់ឱ្យគេក៏បាន ទៅតាមស្ថានភាពទំនិញ ឬផលិតផលរបស់អ្នករៀងៗខ្លួន។