ក្រោយមន្ដ្រីជំនាញចុះវាស់វែង ដើម្បីធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លឹងរឹង) ជូនពលរដ្ឋមក ពេលនេះមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសឲ្យពលរដ្ឋដែលជាម្ចាស់អចលនវត្ថុស្ថិតនៅទីតាំង ២ នេះមកយកប្លង់រឹងរបស់ខ្លួន ខណៈអាជ្ញាធរបានធ្វើជូនរួចរាល់។ បើយោងតាមសេចក្ដីជូនដំណឹងរបស់មន្ទីរ ទីតាំងដែលទទួលបានប្លង់រឹងនេះរួមមាន៖
១. ក្រុងព្រះសីហនុ
តាមការបញ្ជាក់ពីមន្ទីររៀបចំដែនដី នៅថ្ងៃទី៦ ខែកុម្ភៈ បានឲ្យដឹងថា មន្ទីរនឹងធ្វើការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាពនៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ នៅភូមិ១ និងភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ដោយការចែកប័ណ្ណនេះ ចាប់ផ្តើមពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤។ សម្រាប់ទីតាំងប្រារព្វពិធីប្រកាសចែកប័ណ្ណ នឹងធ្វើឡើងនៅជាប់សាលាបឋមសិក្សា ហ៊ុន សែន ឃ្លាំងលើ។
២. ក្រុងកោះរ៉ុង
យោងតាមសេចក្ដីជូនដំណឹងរបស់មន្ទីរកាលពីថ្ងៃទី ៧ ខែកុម្ភៈ បានឲ្យដឹងថា អាជ្ញាធរនឹងធ្វើការចែកជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ស្ថិតនៅភូមិកោះរ៉ុងសន្លឹម(23) សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ជាមួគ្នានេះ រដ្ឋបាលសង្កាត់កោះរ៉ុងសន្លឹម បានប្រកាសដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលជាម្ចាស់ក្បាលដី សូមអញ្ជើញមកទទួលយកប្លង់ដី នៅសាលាសង្កាត់កោះរ៉ុងសន្លឹម ចាប់ពីថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០២៤ តទៅ នៅវេលាម៉ោង៨ព្រឹក៕