នាយកប្រតិបត្តិ TikTok ហាមឪពុកម្តាយ កុំឱ្យក្មេងលេង TikTok ផ្តេសផ្តាស ត្រូវកំណត់បែបនេះ
Kan DaraFEBRUARY 7 2023618 views

ក​ម្មវិធី Tiktok នៅស្រុកខ្មែរនាពេលបច្ចុប្ប​ន្ន មនុស្សម្នាមានលេងសឹងតែគ្រប់ដៃទៅហើយ សូម្បីតែកូនក្មេង។ យើងតែងលឺគេថា​អ្វីក៏ដោយតែងតែមានមុខពីរជានិច្ចដូច្នេះការប្រើប្រាស់កម្មវិធីមួយនេះក៏ដូចគ្នាវាទាំងផលប៉ះពាល់និងផលចំណេញដល់អ្នកប្រើប្រាស់​។ ដោយឡែកសូម្បីតែនាយកប្រតិបត្តិក្រុមហ៊ុននេះគឺលោក Shou Zi Chew ក៏បានហាមឱពុកម្តាយ កុំឱ្យកូនៗរបស់ពួកគេលេងវាផ្តេសផ្តាសដោយត្រូវមានការកំណត់ច្បាស់លាស់ទៅលើ Setting របស់កម្មវិធី។

ថ្លែងក្នុងបទសម្ភាសន៍កម្មវិធីមួយលោក បានចែករំលែកអំពីបទពិសោធន៍​ ដែលលោកកំណត់ឱ្យកូនៗ លេងកម្មវិធីមួយនេះក្រោយពិធីករបានសួរថាលោកមានកូន២នាក់ឬហើយពួកគេលេង  Tiktok ដែរទេ? ភ្លាមៗនោះ CEO រូបនេះបានឆ្លើយថា៖ “បាទ! ត្រូវហើយខ្ញុំមានកូន២នាក់ ហើយពួកគេនៅក្មេងៗណាស់សម្រាប់កម្មវិធីមួយនេះព្រោះពួកគេម្នាក់ទើបតែ៨ឆ្នាំនិងម្នាក់ទើបតែ៦ឆ្នាំ! មែនទែនទៅវាសម្រាប់តែក្មេងអាយុច្រើនជាង១៣ឆ្នាំប៉ុណ្ណោះ សម្រាប់អ្នកប្រើប្រាស់នៅទូទាំងសកលលោក”។

នាយកប្រតិបត្តិវ័យ៣៦ឆ្នាំរូបនេះបានបន្ត “ខ្ញុំសូមផ្តាំថាឪពុកម្តាយនឹងអាណាព្យាបាលដែលមានកូនតូចៗនិងជំទង់ សូមប្រញាប់ចូលទៅក្នុង Settings ដែលនៅលើកម្មវិធីនេះ​ ហើយស្វែងរកពាក្យថា Family Pairing ហើយកំណត់យកពាក្យនេះ វានឹងមានការកំណត់ជាច្រើនទៀតដើម្បី ឱ្យយើងងាយស្រួលតាមដានថាកូនលេងអ្វី ហើយយើងអាចរៀបចំឱ្យគាត់បានល្អប្រសើរ”។

គួរជម្រាបផងដែរថាលោក Shou Zi Chew ​គឺជានាយកប្រតិបត្តិក្រុមហ៊ុនTikTok ដែលបានចូលកាន់តំណែងជា CEO ជំនួសឱ្យស្ថាបនិកក្រុមហ៊ុនគឺលោក Zhang Yiming កាលពីខែឧសភា ឆ្នាំ ២០២១ ក្រោយពីបានកាន់តំណែងជាប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនTiktok មិនដល់១ខែផងនោះ។

ក្នុងនោះដែរក្រៅពីជានាយកប្រតិបត្តិនៅក្នុងក្រុមហ៊ុនដែលមានប្រាក់ខែរាប់លានដុល្លារ ប្រាក់ចំណូលភាគច្រើនរបស់លោកបានមកពីការវិនិយោគ ភាគលាភ និងអាជីវកម្មផ្សេងៗដែលជារបស់គ្រួសារគាត់​ គិតមកត្រឹមពេលនេះទ្រព្យសម្បត្តិរបស់លោកសរុបមានចំនួនជាង​២០០លាន$ហើយ៕

អត្ថបទដោយ៖​ ពីង​ ជូអេង

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia