ជាទូទៅធនាគារធំៗភាគច្រើនសុទ្ធតែត្រូវបានដឹកនាំដោយជនបរទេស ក៏ប៉ុន្តែសម័យបច្ចុប្បន្ននេះ យើងឃើញថាមានកូនខ្មែរជាច្រើនបានធ្វើជាអ្នកដឹកនាំតាមធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗ នៅកម្ពុជា។ ជាក់ស្ដែងដូចជាធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុទាំង៦ ខាងក្រោមនេះ សុទ្ធតែគ្រប់គ្រងដោយកូនខ្មែរទាំងអស់។
១. CEO ធនាគារ Phillip
លោក ចាន់ ម៉ាច ជាអភិបាល និងជាអគ្គនាយកនៃធនាគារ ហ្វីលីព។ លោកបានបញ្ជប់បរិញ្ញាបត្រគណិតវិទ្យា និងមានបទពិសោធន៍ជាគ្រូបង្រៀនគណិតវិទ្យា ហើយបានចូលរួមជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត ដំបូងក្នុងឆ្នាំ1999 ក្នុងតំណែងជាសវនករ និងជាគ្រូបណ្តុះបណ្តាល។ សក្តានុពលផ្នែកគ្រប់គ្រងរបស់គាត់ត្រូវបានទទួលស្គាល់ ហើយគាត់បានក្លាយជាអ្នកគ្រប់គ្រងសាខាប្រចាំទីក្រុងភ្នំពេញក្នុងឆ្នាំ2001។
លោក ម៉ាច បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន 2៖ បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអាជីវកម្ម (MBA) និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និងធនាគារ (MFB)។ គាត់បានចូលរួមក្នុងវគ្គសិក្សាជាច្រើនទាំងថ្នាក់ជាតិ និងអន្តរជាតិ ទាក់ទងនឹងមីក្រូហិរញ្ញវត្ថុ និងធនាគារ។ បច្ចុប្បន្នលោកជាសមាជិកមួយរូបរបស់សមាគមធនាគារនៅកម្ពុជា (ABC) ហើយបន្ទាប់ពីការរួមបញ្ចូលគ្នារវាងធនាគារ ហ្វីលីព និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត មក លោកត្រូវបានតែងតាំងជាអគ្គនាយករបស់ធនាគារ។
២. CEO ធនាគារ ហត្ថា
លោក មិន សុផា ទើបតែទទួលតំណែងជាប្រធាននាយកប្រតិបត្តិ នៅធនាគារ ហត្ថា។ លោក សុផា គឺជាធនាគារិកអាជីពមួយរូប ដែលទទួលបានជោគជ័យដ៏ត្រចះត្រចង់នៅក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ ក្នុងប្រទេសកម្ពុជា។ គាត់ធ្លាប់កាន់តួនាទីជាថ្នាក់ដឹកនាំជាច្រើនក្នុងស្ថាប័នធនាគារធំៗរបស់កម្ពុជា និងអន្តរជាតិ អស់រយៈពេលជាង២០ឆ្នាំ កន្លងមកហើយ។ លោកមានបទពិសោធការងារយ៉ាងទូលំទូលាយនៅក្នុងផ្នែកផ្សេងៗគ្នា រួមមានការធ្វើផែនការ និងការគ្រប់គ្រងប្រតិបត្តិការ បណ្តាញសាខា សេវាកម្មផ្នែកធនាគារពាណិជ្ជកម្ម សាជីវកម្ម និងសហគ្រាសខ្នាតតូចនិងមធ្យមជាដើម។
៣. CEO ធនាគា អេស៊ីលីដា
បណ្ឌិត អ៊ិន ចាន់នី ជាប្រធាននាយកប្រតិបត្តិ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់តាំងពីធនាគារបានបង្កើតឡើងនៅក្នុងឆ្នាំ២០០០ ។ លោកបណិ្ឌតបានចូលរួមក្នុងក្រុមប្រឹក្សាភិបាលរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅខែកញ្ញា ឆ្នាំ២០១៤ ។ បណ្ឌិត អ៊ិន ចាន់នី ជាសហស្ថាបនិករបស់សមាគមទីភ្នាក់ងារអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា (អេស៊ីលីដា) តាំងពីខែមករា ឆ្នាំ១៩៩៣ ។ ក្នុងតួនាទីជាប្រធាននាយកប្រតិបត្តិ លោកបណ្ឌិតជាអ្នកដឹកនាំគណៈកម្មាធិការប្រតិបត្តិ ទទួលខុសត្រូវរៀបចំផែនការយុទ្ធសាស្ត្ររួម និងដំណើរការងារអាជីវកម្មប្រចាំថ្ងៃរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និងបុត្រសម្ព័ន្ធ ព្រមទាំងប្រតិបត្តិផែនការអាជីវកម្ម ។
តួនាទីក្រៅពីធនាគារ អេស៊ីលីដា បណ្ឌិត អ៊ិន ចាន់នី ជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ Entrepreneurship Development Fund (EDF) ជាបរធនបាលកិច្ចបង្កើតដោយរាជរដ្ឋាភិបាលកម្ពុជា ។ លោកបណ្ឌិតក៏ជាប្រធានសមាគមធនាគារនៅកម្ពុជា ។ លោកបណ្ឌិតជាអ្នកតំណាងរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាសមាជិករបស់វេទិកាសេដ្ឋកិច្ចពិភពលោក ។
នៅក្នុងឆ្នាំ១៩៩៨ លោកបានបញ្ចប់វគ្គគ្រប់គ្រងស្តីពីស្ថាប័នហិរញ្ញវត្ថុសម្រាប់អភិវឌ្ឍន៍សហគ្រាសឯកជន (FIPED) ពីសាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក ។ លោកបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត ផ្នែកគ្រប់គ្រងអាជីវកម្ម និងបានបញ្ចប់ការសិក្សាពីវិទ្យាស្ថានអូស្ត្រាលីសម្រាប់អភិបាលក្រុមហ៊ុន (GAICD) ។
៤. CEO គ្រឹះស្ថានមីក្រូហិញ្ញវត្ថុ LOLC
លោក សុខ វឿន ជាប្រធាននាយកប្រតិបត្តិនៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ។ លោកទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ គ្រប់គ្រងអាជីវកម្ម ជំនាញហិរញ្ញវត្ថុ និងធនាគារ នៅសាកល វិទ្យាល័យបៀលប្រាយ ប្រទេសកម្ពុជាក្នុងឆ្នាំ២០០៥ និងសញ្ញាបត្របរិញ្ញាបត្រ វិទ្យាសាស្ដ្រសេដ្ឋកិច្ច ជំនាញគ្រប់គ្រងសហគ្រាស នៅអតីតមហាវិទ្យាល័យនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច ក្នុងឆ្នាំ២០០០។
លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើននៅក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេស ទាក់ទងនឹងជំនាញដូចជា ភាពជាអ្នកដឹកនាំក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ការគ្រប់គ្រងឥណទាន ការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងធនធានមនុស្ស ការគ្រប់គ្រងហានិភ័យ អភិបាលកិច្ច ការច្នៃប្រឌិតទៅលើប្រព័ន្ធឌីជីថល ផលប៉ះពាល់បរិស្ថាននិងសង្គម និងជំនាញផ្សេងៗទៀត។
លោកធ្លាប់បានបម្រើការជាមន្ដ្រីឥណទាននៅ ធនាគារអេស៊ីលីដា ភីអិលស៊ី ពីឆ្នាំ២០០០ ដល់ ឆ្នាំ២០០១ ហើយ លោកត្រូវបានដំឡើងតំណែងជាប្រធានផ្នែកគ្រប់គ្រងឥណទាន នៅការិយាល័យកណ្តាលពីឆ្នាំ២០០១ ដល់ ឆ្នាំ២០០៥។
លោក ចាប់ផ្ដើមបម្រើការងារនៅអិលអូអិលស៊ី ជាប្រធាននាយកប្រតិបត្តិការ នៅក្នុងខែមេសា ឆ្នាំ២០១០ ហើយលោកត្រូវបានដំឡើងតំណែង ជាអនុប្រធាននាយកប្រតិបត្តិ នៅខែធ្នូ ឆ្នាំ២០១២។ បច្ចុប្បន្ន លោកត្រូវបានក្រុមប្រឹក្សាភិបាល តែងតាំងជាប្រធាន នាយកប្រតិបត្តិ ចាប់តាំងពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៤។
៥. CEO គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុAMK
លោក គា បូរាណ ជាអភិបាល និងប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK។ ចាប់តាំងពីឆ្នាំ ២០០៤ មក លោកបានកាន់តំណែងថ្នាក់ដឹកនាំជាច្រើន ដើម្បីចូលរួមអភិវឌ្ឍគ្រឹះស្ថានដូចជា ប្រធានផ្នែកហិរញ្ញវត្ថុ នាយកប្រតិបត្តិហិរញ្ញវត្ថុ (CFO) អនុប្រធាននាយកប្រតិបត្តិ។
មុនពេលដែលលោកចូលបម្រើការងារជាមួយ អេ អឹម ខេ លោកបានបម្រើការឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយផ្សេងទៀតក្នុងតួនាទីជានាយកគ្រប់គ្រងហិរញ្ញវត្ថុអស់រយៈពេលជាង ៤ ឆ្នាំ។ លោក បូរាណ ក៏កាន់តំណែងជាអភិបាលក្នុងស្ថាប័នផ្សេងទៀតដូចជា សមាគមនធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងការិយាល័យឥណទានកម្ពុជា (CBC)។
លោក បូរាណ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រហិរញ្ញវត្ថុ និងគណនេយ្យ។ លោកទទួលបានសញ្ញាបត្រ ជាគណនេយ្យករអាជីព ACCA (Association of Chartered Certified Accountants) ជាផ្លូវការ និងបានចូលជាសមាជិកគណនេយ្យករអាជីព ACCA ក្នុងឆ្នាំ ២០០៨។
៦. CEO គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត
លោក ដុស ឌីន ត្រូវបានតែងតាំងជាអគ្គនាយករបស់អម្រឹតក្នុងខែមករាឆ្នាំ២០១៩។ លោកចាប់ផ្ដើមបំពេញការងារជាមួយអម្រឹតនៅឆ្នាំ១៩៩៦ក្នុងតួនាទីជាអ្នកគ្រប់គ្រងការិយាល័យសាខាខេត្ត។ បន្ទាប់មកលោកផ្លាស់ប្ដូរមកបំពេញការងារនៅនាយកដ្ឋានមួយចំមួនដូចជានាយកដ្ឋានអភិវឌ្ឍនផលិតផល(រយៈពេល២ឆ្នាំ) នាយកដ្ឋានគ្រប់គ្រងផ្នែកប្រតិបត្តិការ(ឆ្នាំ១៩៩៩) និងប្រធានអង្គភាពប្រតិបត្តិការ(ឆ្នាំ២០០៨- ២០១១) ។ លោក ដុស ឌីន ត្រូវបានតែងតាំងជាអគ្គនាយករងនៅខែកុម្ភៈ ឆ្នាំ២០១១។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យUTARA នៅប្រទេសម៉ាឡេស៊ីនិងបរិញ្ញាបត្រផ្នែកកសិកម្មពីសាកលវិទ្យាភូមិន្ទកសិកម្មកម្ពុជាផងដែរ៕