សម្រាប់លោកអ្នកដែលចូលចិត្តញ៉ាំមីកញ្ចប់ប្រាកដជាធ្លាប់បានស្គាល់ហើយនូវមីគោកដ៏ល្បីឈ្មោះរបស់ប្រទេសឥណ្ឌូនេស៊ី គឺ Indomie ។ ធ្លាប់តែញ៉ាំមី តែប្រហែលមានប្រិយមិត្ដមួយចំនួននៅមិនទាន់ដឹងថាអ្នកណាជាអ្នកបង្កើតមីនេះឡើង និងមានប្រវត្ដិបែបណានោះទេ? ហើយថ្ងៃនេះ Business Cambodia នឹងលើកយកប្រវត្តិត្រួសៗរបស់ ម្ចាស់ក្រុមហ៊ុន Indomie ឱ្យបងប្អូនបានស្គាល់។
យោងតាមការដកស្រង់ចេញពីគេហទំព័រ Forbes បានឱ្យដឹងថា លោក Anthoni Salim គឺជានាយកប្រតិបត្តិនៃក្រុមហ៊ុនមានប្រាក់ចំណូលជាង ៦.៤ពាន់លានដុល្លារ ឈ្មោះថា Indofood ដែលជាក្រុមហ៊ុនផលិតមីកញ្ចប់ធំជាងគេមួយរបស់ពិភពលោក។ បច្ចុប្បន្នលោកឈរនៅលំដាប់ទី៥ ក្នុងចំណោមមហាសេដ្ឋីដែលមានជាងគេនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដោយទ្រព្យសម្បត្តិរបស់លោកសរុបប្រមាណ ៧.៥ពាន់លានដុល្លារ។
លោក Salim កើតនៅឆ្នាំ ១៩៤៩ នៅទីក្រុង Kudus ភាគកណ្តាលរបស់ជ្វា។ ក្នុងឆ្នាំ១៩៧២ គាត់ទទួលបានដំណែងជា CEO បន្ទាប់ពីគាត់ចប់ការសិក្សាក្នុងមហាវិទ្យាល័យ។ ហើយក្រុមហ៊ុន ដែលលោកចូលកាន់តំណែងមានឈ្នោះថា Indofood ដែលជាក្រុមហ៊ុនផលិតមីកញ្ចប់ធំជាងគេមួយរបស់ពិភពលោក។
សូមជម្រាបថាក្រុមហ៊ុន Indofood ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៦៨ មកម្លេះ។ ក្រុមហ៊ុននេះផ្ដោតទៅលើការផលិតឧស្សាហកម្មម្ហូបអាហារ ឬអាចនិយាយបានថាក្រុមហ៊ុនផលិតមីកញ្ជាប់។ កាលពីខែមករា ឆ្នាំ ២០១៥ Indofood បានសាងសង់រោងចក្រមីកញ្ចប់នៅក្នុង ប្រទេស ម៉ារ៉ុក ហើយវានឹងត្រូវបានបើកនៅក្នុង Q3 ២០១៥។ វាជារោងចក្រទី៦ នៅក្នុងទ្វីបអាហ្រ្វិកបន្ទាប់ពី ប្រទេស នីហ្សេរីយ៉ា អេហ្ស៊ីប ស៊ូដង់ កេនយ៉ា និង អេត្យូពី ហើយ ជារោងចក្រ Indomie ក្រៅប្រទេសដ៏ធំបំផុតផងដែរ ៕
អត្ថបទដោយ៖ ឌឿក ស្រីនុត