កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ ផ្សារសេនជូរីផ្លាហ្សា ដែលជាផ្សារថ្មីធំមួយ មានទីតាំងស្ថិតនៅបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានបើកហើយ ក្រោយចំណាយពេលសាងសង់អស់រយៈពេលជាច្រើនឆ្នាំ។
ជាមួយគ្នានោះដែរ ឯកឧត្ដម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែកញ្ញា កន្លងទៅនោះ ក៏បានចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងវិនិយោគសាងសង់ផ្សារខាងលើផងដែរ ក្រោយពីការរៀបចំពិធីចាប់ឆ្នោតជ្រើសរើសតូបលក់ដូរជូនអាជីវករចាស់ និងក្រោយពីការផ្ទេរអាជីវករចាស់ដែលបានលក់ដូរបណ្តោះអាសន្នលើសួនកុមារពោធិ៍ចិនតុងត្រឡប់ចូលទៅលក់ក្នុងផ្សារដែលបានសាងសង់ថ្មីវិញ។
ឯកឧត្ដមបន្ដថា រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តអនុវត្តគម្រោងកែលម្អ និងលើកកម្ពស់សោភ័ណភាពផ្សារ និងតំបន់ជុំវិញផ្សារសេនជូរីផ្លាហ្សានេះ ឲ្យកាន់តែមានសោភ័ណភាព មានបរិស្ថាន-អនាម័យល្អ និងមានសណ្តាប់ធ្នាប់របៀបរៀបរយ តាមរយៈការរៀបចំក្រាលការ៉ូឡានៅតាមបណ្តោយផ្លូវជុំវិញផ្សារ, ការរៀបចំឲ្យមានផ្លូវថ្មើរជើង, ការជួសជុលបន្ថែមផ្លូវដែលខូច និង ការកែលម្អសោភ័ណភាពសួនកុមារពោធិ៍ចិនតុង បន្ទាប់ពីអាជីវករបានរើចេញរួចរាល់អស់ ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ។
សូមជម្រាបថា ផ្សារសេនជូរីផ្លាហ្សានេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។ ផ្សារទំនើបថ្មីនេះមានកម្ពស់៧ជាន់ ផ្នែកខាងលើ៥ជាន់ និងក្រោមដី២ជាន់។ ហើយផ្សារថ្មីនេះគឺបានបែងចែកទៅតាមប្រភេទអាជីវកម្មចំនួន៦៧៩តូប ក្នុងនោះតូបគ្រប់គ្រង ដោយរដ្ឋចំនួន៣៥០តូប និងគ្រប់គ្រងដោយឯកជនចំនួន៣២៩តូប៕