ដោយផ្អែកលើកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន Huawei ចាប់តាំងពីឆ្នាំ 1999 មក ក្រុមហ៊ុនសែលកាតបានឈានចូលដល់ទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ថ្មីមួយលើការវិនិយោគទំហំ 300 លានដុល្លារអាម៉េរិក ទៅលើបច្ចេកវិទ្យា 5G, AI, Cloud និងប្រព័ន្ធភ្ជាប់ទំនាក់ទំនងជំនាន់ថ្មី

រាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី 28 ខែកញ្ញា ឆ្នាំ 2026៖ ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក (CamGSM PLC) ឬដែលស្គាល់ជាទូទៅថាក្រុមហ៊ុនសែលកាតដែលជាប្រតិបត្តិករទូរគមនាគមន៍ឌីជីថលរបស់កូនខ្មែរ នៅថ្ងៃនេះបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន Huawei ដើម្បីវិនិយោគទឹកប្រាក់ប្រមាណ 300 លានដុល្លារអាម៉េរិកក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខគាំទ្រ លើហេដ្ឋារចនាសម្ព័ន្ធឌីជីថលជំនាន់ថ្មី ប្រព័ន្ធភ្ជាប់ទំនាក់ទំនងកម្រិតខ្ពស់ បញ្ញាសិប្បនិម្មិត (AI) សេវា Cloud និងការធ្វើទំនើបកម្មបណ្តាញទូទាំងប្រទេស។
ក្រុមហ៊ុនសែលកាតក៏បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះការដឹកនាំ និងការគាំទ្រប្រកបដោយចក្ខុវិស័យយ៉ាងមុតមាំជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការចង្អុលបង្ហាញ និងដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលក្នុងការពង្រឹងបរិយាកាសវិនិយោគ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតបរិយាកាសកាន់តែអំណោយផលសម្រាប់អាជីវកម្ម និងការវិនិយោគ។ ក្រុមហ៊ុនសែលកាតសូមស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងទាំងនេះ ហើយនៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រដល់ការអភិវឌ្ឍឌីជីថលរយៈពេលវែងរបស់កម្ពុជា តាមរយៈការវិនិយោគជាបន្តបន្ទាប់លើប្រព័ន្ធភ្ជាប់ទំនាក់ទំនង និងបច្ចេកវិទ្យា។

កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រនេះ បាននាំក្រុមហ៊ុនសែលកាតបោះជំហានមួយដ៏ធំគាំទ្រទៅលើការអភិវឌ្ឍបណ្តាញទូរស័ព្ទចល័ត បណ្តាញអ៊ីនធឺណិត មជ្ឈមណ្ឌលទិន្នន័យ វេទិកាបញ្ញាសិប្បនិម្មិត Cloud បទពិសោធអតិថិជនដ៏ប្រសើរ និងប្រតិបត្តិការបណ្តាញ ដែលប្រើប្រាស់ ថាមពលកាន់តែមានប្រសិទ្ធភាព នៅក្រោមចក្ខុវិស័យរួមគ្នាតែមួយ។ ព្រឹត្តិការណ៍នេះក៏បានពង្រឹង បន្ថែម នូវការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន សែលកាតក្នុងការគាំទ្រដល់ការអភិវឌ្ឍឌីជីថលរយៈពេលវែងរបស់កម្ពុជា។ «ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា 2021-2035» បានកំណត់ថាហេដ្ឋា រចនាសម្ព័ន្ធឌីជីថល និងប្រព័ន្ធភ្ជាប់ទំនាក់ទំនង គឺជាគ្រឹះដ៏សំខាន់សម្រាប់ការទាញយកផល ប្រយោជន៍ និងការបរិវត្តកម្មឌីជីថលឱ្យកាន់តែទូលំទូលាយនៅទូទាំងស្ថាប័នរដ្ឋ អាជីវកម្ម និងសម្រាប់ប្រជាពលរដ្ឋ។
កិច្ចព្រមព្រៀងនេះ ក៏បានពង្រឹងភាពជាដៃគូដ៏យូរអង្វែង និងប្រកបដោយជោគជ័យរវាង ក្រុមហ៊ុនសែលកាត និង Huawei ដែលមានមហិច្ឆតារួមគ្នាក្នុងការពន្លឿនការផ្លាស់ប្តូររបស់កម្ពុជា ទៅជាកម្លាំងចលករសេដ្ឋកិច្ចឌីជីថលក្នុងតំបន់។
ការវិនិយោគលើអនាគតឌីជីថលរបស់កម្ពុជារយៈពេល 3 ទសវត្សរ៍
ក្នុងឱកាសដែលក្រុមហ៊ុនសែលកាតប្រារព្ធខួបលើកទី 30 លើការបម្រើអតិថិជននៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនបានបង្ហាញភាពរឹងមាំក្នុងនាមជាក្រុមហ៊ុនដែលមានការវិនិយោគក្នុងស្រុកប្រកបដោយចីរភាព ការបង្កើតថ្មី និងការប្តេជ្ញាចិត្តថ្នាក់ជាតិដែលអាចសម្រេចបាន។
ចាប់តាំងពីចាប់ផ្តើមបង្កើតឡើងក្នុងឆ្នាំ 1996 មក ក្រុមហ៊ុនសែលកាតបានវិនិយោគទឹកប្រាក់ប្រមាណ 5.6 ប៊ីលានដុល្លារអាម៉េរិក ទៅលើប្រព័ន្ធអេកូឡូស៊ីព័ត៌មានវិទ្យា និងទូរគមនាគមន៍ឌីជីថលរបស់កម្ពុជា ដែលធ្វើឱ្យក្រុមហ៊ុនក្លាយជាតួអង្គដ៏សកម្ម ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍឌីជីថលរបស់ជាតិ។

ការវិនិយោគទាំងនេះរួមមាន៖
- 1.1 ប៊ីលានដុល្លារអាម៉េរិក ជាចំណាយទុនវិនិយោគ (CAPEX) សម្រាប់កសាង និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍
- 0.7 ប៊ីលានដុល្លារអាម៉េរិក ជាការរួមចំណែកកាតព្វកិច្ចស្របតាមច្បាប់ និងបទប្បញ្ញត្តិ
- ប្រាក់រាប់ប៊ីលានដុល្លារបន្ថែមទៀត ត្រូវបានវិនិយោគលើប្រតិបត្តិការ ការពង្រីកបណ្តាញ ការអាប់ដេតបច្ចេកវិទ្យា ការបង្កើតការងារ ការអភិវឌ្ឍជំនាញ ការបង្កើតថ្មី និងសេវាកម្មឌីជីថល
អស់រយៈពេល 3 ទសវត្សរ៍មកនេះ ក្រុមហ៊ុនសែលកាត នៅតែបន្តប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវបេសកកម្មរបស់ខ្លួនក្នុងការភ្ជាប់ទំនាក់ទំនងប្រជាជនកម្ពុជា ទោះបីជាត្រូវប្រកួតប្រជែងជាមួយក្រុមហ៊ុនទូរគមនាគមន៍អន្តរជាតិធំៗក៏ដោយ។ តាមរយៈការវិនិយោគ និងការបង្កើតថ្មីជាបន្តបន្ទាប់ ក្រុមហ៊ុនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបំពាក់ និងពង្រីកការទទួលបានសេវាឌីជីថល កាត់បន្ថយគម្លាតនៃការភ្ជាប់ទំនាក់ទំនង បង្កើតការងារដែលមានតម្លៃខ្ពស់ គាំទ្រអាជីវកម្មក្នុងស្រុក និងជួយសម្រួលដល់ដំណើរការបរិវត្តកម្មឌីជីថលរបស់កម្ពុជា។ នាពេលបច្ចុប្បន្ន ប្រជាជនកម្ពុជារាប់លាននាក់កំពុងពឹងផ្អែកលើបណ្តាញ និងសេវាកម្មឌីជីថលរបស់ក្រុមហ៊ុនសែលកាតសម្រាប់ទំនាក់ទំនង ការអប់រំ ពាណិជ្ជកម្ម កម្សាន្ត និងការលូតលាស់នៃអាជីវកម្ម។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានមានប្រសាសន៍ថា៖
«អស់រយៈពេលបីទសវត្សរ៍មកនេះ ការវិនិយោគរបស់យើងនៅក្នុងក្រុមហ៊ុនសែលកាតគឺជាការវិនិយោគលើអនាគតឌីជីថលរបស់ប្រទេសកម្ពុជា។ នៅថ្ងៃនេះ យើងកំពុងពន្លឿនដំណើររបស់ប្រទេសឆ្ពោះទៅកាន់ទំព័រឌីជីថលបន្ទាប់។ ការប្តេជ្ញាចិត្តបន្ថែមនូវទឹកប្រាក់ 300 លានដុល្លារអាម៉េរិកនេះ ឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់យើងលើអនាគតរបស់កម្ពុជា និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធានាថា ប្រជាជន និងអាជីវកម្មកម្ពុជាអាចទទួលបានហេដ្ឋារចនាសម្ព័ន្ធឌីជីថលកម្រិតពិភពលោក។ តាមរយៈការរួមបញ្ចូលគ្នារវាងការយល់ដឹងស៊ីជម្រៅពីអ្នកប្រើប្រាស់នៅកម្ពុជារបស់ ក្រុមហ៊ុនសែលកាត ជាមួយនឹងជំនាញបច្ចេកវិទ្យាសកលរបស់ Huawei យើងមានគោលបំណងកសាងគ្រឹះឌីជីថលកាន់តែរឹងមាំ ដែលអនុញ្ញាតឱ្យមានការបង្កើតថ្មី គាំទ្រដល់កំណើនសេដ្ឋកិច្ច និងបង្កើតឱកាសថ្មីៗសម្រាប់ជំនាន់ក្រោយរបស់យើង»។
នៅក្រោមអនុស្សរណៈនៃការយោគយល់គ្នានេះ ក្រុមហ៊ុនសែលកាតរួមជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ឋផ្សេងទៀតរបស់ RGC និង Huawei នឹងសហការគ្នាលើយុទ្ធសាស្ត្របច្ចេកវិទ្យាសំខាន់ៗជាច្រើន រួមមាន៖
- ការពង្រីកបណ្តាញ 5G ជំនាន់ថ្មី៖ ការធ្វើទំនើបកម្មបណ្តាញនៅតាមបណ្តាខេត្ត-រាជធានីសំខាន់ៗ ដោយប្រើប្រាស់បច្ចេកវិទ្យា 5G និង 4G ដ៏ជឿនលឿនរបស់ Huawei រួមទាំងដំណោះស្រាយ MetaAAU ដែលពង្រឹងការគ្របដណ្តប់ សមត្ថភាពបណ្តាញ និងបទពិសោធរបស់អ្នកប្រើប្រាស់ ព្រមទាំងកាត់បន្ថយការប្រើប្រាស់ថាមពល។ ការវិនិយោគទាំងនេះនឹងពន្លឿនការផ្លាស់ប្តូររបស់កម្ពុជាឆ្ពោះទៅរកការប្រើប្រាស់ 5G យ៉ាងទូលំទូលាយ ដែលអនុញ្ញាតឱ្យមានការភ្ជាប់ទំនាក់ទំនងល្បឿនលឿន កម្មវិធីដែលមានកម្រិតភាពយឺតទាប និងសេវាកម្មឌីជីថលជំនាន់ថ្មី
- ហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត (AI) និង Cloud៖ កិច្ចសហការលើហេដ្ឋារចនាសម្ព័ន្ធ AI cloud និងសមត្ថភាព Model-as-a-Service (MaaS) ដោយបង្កើតគ្រឹះសម្រាប់កម្មវិធីបញ្ញាសិប្បនិម្មិតនាពេលអនាគត ដែលអាចគាំទ្រដល់អាជីវកម្ម ស្ថាប័នរដ្ឋាភិបាល គ្រឹះស្ថានអប់រំ និងសហគ្រិនឌីជីថល។ តាមរយៈការទាញយកសមត្ថភាព AI កម្រិតខ្ពស់មកកាន់ប្រទេសកម្ពុជា ក្រុមហ៊ុនសែលកាត មានគោលបំណងជួយជ្រោមជ្រែងប្រទេសជាតិឱ្យឈានទៅមុខលើផ្នែកសេដ្ឋកិច្ចឌីជីថលដែលកំពុងរីកចម្រើន។
- មជ្ឈមណ្ឌលទិន្នន័យឌីជីថលទំនើប៖ ក្រុមហ៊ុនសែលកាតនិងក្រុមហ៊ុនបុត្រសម្ព័ន្ឋផ្សេងទៀតរបស់ RGC នឹងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួន តាមរយៈការដាក់ឱ្យប្រើប្រាស់ដំណោះស្រាយ Fusion Module 2000 ដែលជា Modular Data Center របស់ Huawei។ ការធ្វើទំនើបកម្មនេះនឹងបង្កើនភាពជឿជាក់ សមត្ថភាពពង្រីក សុវត្ថិភាព និងប្រសិទ្ធភាពប្រតិបត្តិការ ព្រមទាំងគាំទ្រដល់កំណើននាពេលអនាគតនៃសេវាកម្ម Cloud វេទិកាឌីជីថល និងបន្ទុកការងារ AI។
- ការធ្វើទំនើបកម្មបណ្តាញ៖ កិច្ចសហប្រតិបត្តិការនេះរួមបញ្ចូលទាំងការធ្វើទំនើបកម្មបណ្តាញ DWDM របស់ក្រុមហ៊ុនសែលកាតដែលពង្រឹងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ស្នូល និងបង្កើតឱ្យមានភាពធន់ សមត្ថភាព និងគុណភាពសេវាកម្មកាន់តែប្រសើរ។ ការវិនិយោគនេះនឹងបង្កើតបណ្តាញខ្នងបង្អែកឌីជីថលកាន់តែរឹងមាំ ដែលមានសមត្ថភាពគាំទ្រដល់ការប្រើប្រាស់ទិន្នន័យកើនឡើងយ៉ាងឆាប់រហ័សរបស់កម្ពុជា និងសេដ្ឋកិច្ចឌីជីថលដែលកំពុងរីកចម្រើន។
- ការផ្លាស់ប្តូរបណ្តាញអ៊ីនធឺណិតខ្សែកាបិ៍អុបទិក (Fibre Broadband)៖ តាមរយៈកិច្ចសហការ និងភាពជាដៃគូក្នុងសម្ព័ន្ធក្រុមហ៊ុន ហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតខ្សែកាបអុបទិកតាមផ្ទះ FTTH នៅរាជធានីភ្នំពេញ នឹងត្រូវធ្វើទំនើបកម្ម តាមរយៈបច្ចេកវិទ្យា XGS-PON ដែលមានសមត្ថភាពផ្តល់ល្បឿនអ៊ីនធឺណិត រហូតដល់ 1Gbps ជូនដល់អតិថិជន។ តាមរយៈការបូកបញ្ចូលគ្នាជាមួយដំណោះស្រាយ WiFi Sense ដ៏ច្នៃប្រឌិតរបស់ Huawei អតិថិជននឹងទទួលបានអត្ថប្រយោជន៍ពីការភ្ជាប់ទំនាក់ទំនងក្នុងផ្ទះកាន់តែប្រសើរ បទពិសោធសេវាកម្មដ៏ល្អ និងសមត្ថភាពប្រព័ន្ធអ៊ីនធឺណិតកម្រិតខ្ពស់ ។
- បទពិសោធអតិថិជនដែលដឹកនាំដោយ AI៖ ការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា Huawei SmartCare នឹងបង្កើតវេទិកាគ្រប់គ្រងបទពិសោធអតិថិជន ដែលមានសមត្ថភាពកែលម្អគុណភាពសេវាកម្មយ៉ាងសកម្ម ពង្រឹងការពេញចិត្តរបស់អតិថិជន និងផ្តល់នូវបទពិសោធឌីជីថលដែលស្របតាមតម្រូវការបុគ្គលកាន់តែប្រសើរ។
- បច្ចេកវិទ្យាបៃតង និងប្រតិបត្តិការប្រកបដោយចីរភាព៖ វេទិកាសន្សំសំចៃថាមពល PowerStar របស់ Huawei នឹងជួយក្រុមហ៊ុនសែលកាតកែលម្អប្រសិទ្ធភាពថាមពលបណ្តាញ កាត់បន្ថយការប្រើប្រាស់អគ្គិសនី និងគាំទ្រដល់គោលដៅចីរភាពបរិស្ថានរបស់ក្រុមហ៊ុន។ គំនិតផ្តួចផ្តើមទាំងនេះពង្រឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនសែលកាតចំពោះកំណើនប្រកបដោយការទទួលខុសត្រូវ ក្នុងពេលជាមួយគ្នានឹងការបង្កើតប្រព័ន្ធអេកូឡូស៊ីហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលកាន់តែបៃតង និងមានប្រសិទ្ធភាពជាងមុន។

លោក Manu Rajan អគ្គនាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុនសែលកាត និងក្រុមហ៊ុនក្នុងវិស័យឌីជីថល ទំនាក់ទំនង និងបច្ចេកវិទ្យានៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប មានប្រសាសន៍ថា៖
«ព្រឹត្តិការណ៍នេះគឺធំធេង មិនត្រឹមតែការទំនើបកម្មបណ្តាញប៉ុណ្ណោះ។ យើងកំពុងកសាងវេទិកាឌីជីថលសម្រាប់អនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។ ការវិនិយោគបន្ថែមទំហំ 300 លានដុល្លារអាម៉េរិករបស់យើង នឹងធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាទាំងមូល បណ្តាញអ៊ីនធឺណិតខ្សែកាបិ៍អុបទិកនៅតាមផ្ទះរបស់ប្រជាពលរដ្ឋ មជ្ឈមណ្ឌលទិន្នន័យ ហេដ្ឋារចនាសម្ព័ន្ធ AI cloud និងប្រព័ន្ធ ដែលយើងប្រើប្រាស់ដើម្បីគ្រប់គ្រងបទពិសោធអតិថិជន។ មហិច្ឆតារបស់យើងគឺច្បាស់លាស់ ក្រុមហ៊ុនសែលកាតមានបំណងនាំយកការបង្កើតថ្មី ជាមួយបច្ចេកវិទ្យាជឿនលឿនជូនដល់ប្រជាជនកម្ពុជាគ្រប់រូប និងធ្វើឱ្យការភ្ជាប់ទំនាក់ទំនងកាន់តែលឿន បទពិសោធកាន់តែប្រសើរនិងហេដ្ឋារចនាសម្ព័ន្ធកាន់តែរឹងមាំ។ នេះគឺជាវិធីដែលយើងពង្រឹងការសន្យារបស់ក្រុមហ៊ុនរបស់យើង «នៅក្បែរអ្នកជានិច្ច» ឱ្យក្លាយជាការពិតប្រកបដោយមោទនភាពជាខ្មែរ និងប្តេជ្ញាចិត្តចំពោះអនាគតឌីជីថលរបស់កម្ពុជា»។
លោក Wang Xu ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីអាគ្នេយ៍មានប្រសាសន៍ថា៖
«ក្រុមហ៊ុន Huawei មានមោទនភាពយ៉ាងខ្លាំងក្នុងការរឹតចំណងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររបស់យើងជាមួយក្រុមហ៊ុនសែលកាត ក្នុងខណៈពេលដ៏សំខាន់នៃការអភិវឌ្ឍឌីជីថលរបស់កម្ពុជា។ តាមរយៈការរួមបញ្ចូលគ្នានូវការបង្កើតថ្មីនៅទូទាំងបច្ចេកវិទ្យា 5G, បណ្តាញអុបទិក មជ្ឈមណ្ឌលទិន្នន័យ Cloud បញ្ញាសិប្បនិម្មិត បទពិសោធអតិថិជន និងបច្ចេកវិទ្យាបណ្តាញ យើងរំពឹងយ៉ាងមុតមាំក្នុងការគាំទ្រក្រុមហ៊ុនសែលកាតរួមជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ឋផ្សេងទៀតរបស់ RGC ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលដ៏ទូលំទូលាយ និងត្រៀមខ្លួនជាស្រេចសម្រាប់អនាគត។ យើងមានជំនឿរួមគ្នាថា បច្ចេកវិទ្យាជឿនលឿនបង្កើតបានជារបស់ដែលមានតម្លៃបំផុត នៅពេលវាជួយកែលម្អជីវភាពរស់នៅរបស់ប្រជាជន ពង្រឹងអាជីវកម្ម និងគាំទ្រដល់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព»។
សម្រាប់ប្រទេសកម្ពុជា មហិច្ឆតានេះគឺធំធេងជាងត្រឹមតែការភ្ជាប់ទំនាក់ទំនងដោយល្បឿនលឿន។ វាគឺជាការបង្កើតគ្រឹះឌីជីថលសម្រាប់អាជីវកម្មកាន់តែប្រសើរ សហគមន៍កាន់តែរឹងមាំ សេវាកម្មដោយការបង្កើតថ្មី និងកំណើនឌីជីថលជំនាន់ថ្មីរបស់កម្ពុជា។
រឿងរ៉ាវជោគជ័យប្រកបដោយមោទនភាពរបស់កម្ពុជា
ក្នុងនាមជាប្រតិបត្តិករទូរគមនាគមន៍កូនខ្មែរ 100% ក្រុមហ៊ុនសែលកាតបានបង្ហាញយ៉ាងច្បាស់ជានិច្ចថាសហគ្រាសក្នុងស្រុកអាចប្រកួតប្រជែង បង្កើតថ្មី និងបង្កើនសក្ដានុពលនៅលើឆាកអន្តរជាតិបាន។
ពេញមួយប្រវត្តិសាស្ត្ររបស់ខ្លួន ក្រុមហ៊ុនសែលកាត បាននាំយកការបង្កើតថ្មី ក្នុងឧស្សាហកម្មជាច្រើន ដែលបានផ្លាស់ប្តូរមុខមាត់វិស័យទូរគមនាគមន៍របស់ប្រទេស និងបានជួយអភិវឌ្ឍវិស័យបច្ចេកវិទ្យាទំនាក់ទំនងឌីជីថល (DCT) របស់កម្ពុជា។
ចាប់តាំងពីការនាំយកសេវាទូរស័ព្ទចល័តដំបូងមកកាន់កម្ពុជា រហូតដល់ការវិនិយោគលើសេវាអ៊ីនធឺណិត វេទិកាឌីជីថល និងការដាក់ឱ្យប្រើប្រាស់ cellcard 5G បានបង្ហាញម្តងហើយម្តងទៀតថា ការបង្កើតថ្មី និងការអភិវឌ្ឍជាតិកំពុងដើរទន្ទឹមគ្នា។
សមិទ្ធផលទាំងនេះឆ្លុះបញ្ចាំងពីរឿងរ៉ាវជោគជ័យដ៏ធំធេងរបស់កម្ពុជា ដែលចក្ខុវិស័យក្នុងស្រុក ភាពជាសហគ្រិន និងការប្តេជ្ញាចិត្តរយៈពេលវែងបន្តញោចសន្ទុះជឿនលឿនរបស់ជាតិ។
ក្នុងនាមជាក្រុមហ៊ុនដែលមានមោទនភាពជាខ្មែរ សែលកាត នឹងបន្តវិនិយោគលើបច្ចេកវិទ្យាដែលរក្សាទំនាក់ទំនងប្រជាជនកម្ពុជា និងនៅក្បែរអ្នកជានិច្ច។
អំពីក្រុមហ៊ុនសែលកាត
cellcard - Always By Your Side | នៅក្បែរអ្នកជានិច្ច | មោទនភាពជាខ្មែរ
ចាប់ដំណើរការក្នុងឆ្នាំ 1996 ក្រុមហ៊ុនសែលកាតគឺជាប្រតិបត្តិករទូរគមនាគមន៍ឌីជីថលដែលបានចុះបញ្ជីជាសាធារណៈដ៏ធំលើផ្សារមូលបត្រកម្ពុជា (CSX)។ តាមរយៈសេវា 4G សេវា 5G និងសេវាអ៊ីនធឺណិត ក្រុមហ៊ុនសែលកាតផ្ដល់ជូនអតិថិជនជាង 4 លាននាក់នូវការភ្ជាប់ទំនាក់ទំនងសម្រាប់ការរស់នៅ ធ្វើការ សិក្សា និងកម្សាន្ត តាមរយៈបទពិសោធប្រើប្រាស់ឌីជីថល 360 ដឺក្រេ។
សូមស្វាគមន៍មកកាន់ទំព័រសករាជថ្មី 5G ពី cellcard
អំពី Huawei
បង្កើតឡើងក្នុងឆ្នាំ 1987 ក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុនអន្តរជាតិដ៏ធំមួយ ក្នុងការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) និងឧបករណ៍ឆ្លាតវៃ។ Huawei មានបុគ្គលិកប្រមាណ 213,000 នាក់ និងប្រតិបត្តិការនៅក្នុងប្រទេស និងតំបន់ជាង 170 ដោយបម្រើប្រជាជនជាង 3 ប៊ីលាននាក់នៅទូទាំងពិភពលោក។ Huawei ប្តេជ្ញានាំយកបច្ចេកវិទ្យាឌីជីថលជូនដល់មនុស្សគ្រប់រូប គ្រប់លំនៅឋាន និងគ្រប់អង្គភាព ដើម្បីបង្កើតពិភពលោកដែលមានការភ្ជាប់ទំនាក់ទំនងយ៉ាងពេញលេញ៕


