ពិធីចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នារវាងក្រុមហ៊ុន ផាស​អ៊ែ​ប ថេ​កណ​ឡ​ជី ឯ​.​ក និងក្រុមហ៊ុនសែលកាត ក្រោមប្រធានបទ “កាន់តែប្រសើរជាមួយគ្នា - Better Together”
Kan DaraMARCH 10 2026

ក្រុមហ៊ុន ផាស​អ៊ែ​ប ថេ​កណ​ឡ​ជី ឯ​.​ក និងក្រុមហ៊ុនសែលកាត បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈនៃការ​យោគយល់​គ្នា ស្តី​ពី​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ ដែលផ្ដោតសំខាន់លើចក្ខុវិស័យរួមគ្នា ដើម្បីលើ​​​​​​​​​កកម្ពស់ភាពងាយស្រួលក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថល និងការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា​។ ពិធី​ចុះហត្ថលេខាអនុស្សរណៈ​នៃការយោគយល់​គ្នានេះ ​ត្រូវ​បាន​រៀបចំ​ឡើង​កាលពី​ថ្ងៃ​ទី​ ០៦ ខែមីនា ឆ្នាំ​ ២០២៦ នៅ​ សែលកាត ស្តរ រ៉ូយ៉ាល់ រេលវេ ក្រោម​អធិបតីភាពរបស់ លោក Yap Kok Leong (KL) ដែលជាអគ្គនាយក​​ប្រតិបត្តិនៃក្រុមហ៊ុនសែល​កាត និងលោក តុ​ប និមល ដែលជាស្ថាបនិក និងអគ្គនាយកប្រតិបត្តិ​នៃ​ក្រុមហ៊ុន ផាស​អ៊ែ​ប។

 

លោក តុ​ប និមល ​ស្ថាបនិក និងអគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ផាស​អ៊ែ​ប បានឱ្យ​ដឹង​ថា ផាស​អ៊ែ​ប (PassApp) ជា​កម្មវិធី​កក់​មធ្យោបាយ​ធ្វើ​ដំណើរ​ឈានមុខ​គេ​ក្នុង​ប្រទេស​កម្ពុជា មាន​មោទកភាព​ក្នុង​កិច្ចសហការជាមួយក្រុមហ៊ុនសែល​កាត ដែលមានចក្ខុវិស័យរួមគ្នា ក្រោមប្រធានបទ“កាន់តែប្រសើរជាមួយគ្នា- Better Together”ក្នុងគោលបំណងលើកកម្ពស់បទពិសោធធ្វើដំណើរសម្រាប់អតិថិជនរាប់លាននាក់តាមរយៈបច្ចេកវិទ្យា 5G ជាមួយការភ្ជាប់ទំនាក់ទំនងយ៉ាងរលូន។

 

កិច្ចសហការ​នេះ​នឹងផ្ដល់ជូនអត្ថប្រយោជន៍ជាច្រើនទៅកាន់អតិថិជន និងអ្នកបើកបរផាសអ៊ែប នូវការប្រើប្រាស់កម្មវិធី​កក់​មធ្យោបាយ​ធ្វើ​ដំណើរដោយមិនចាំបាច់បង់ថ្លៃអ៊ីនធឺណិត ជាមួយសេវា Sponsored Data ក្រោមការឧបត្ថម្ភរបស់ផាស​អ៊ែ​ប និងសែលកាត ព្រមទាំងមានការប្ដូរស៊ីមថ្មីដែលអាចប្រើប្រាស់សេវា 5G ជូនដល់ដៃគូបើកបររបស់ក្រុមហ៊ុន ផាសអ៊ែប ដើម្បីពង្រឹងឱ្យមានស្ថិរភាពក្នុងការតភ្ជាប់ និងធានាថា​អាចបម្រើអតិថិជនបានយ៉ាងមានប្រសិទ្ធភាព។ ចំពោះអ្នកប្រើប្រាស់ក៏អាចទិញ និងដំណើរការ eSIM របស់សែលកាត ដោយផ្ទាល់តាមកម្មវិធីកក់​មធ្យោបាយ​ធ្វើ​ដំណើរ ផាសអ៊ែស បានយ៉ាងងាយស្រួលក្នុងពេលឆាប់ៗនេះ។ 

 

B

 

ការចុះអនុស្សរណៈនៃការយោគយល់នេះមិនមែនគ្រាន់តែជាកិច្ចព្រមព្រៀងអាជីវកម្មទេ តែជាការប្តេជ្ញាចិត្តរួមគ្នាក្នុងការរួមចំណែកអភិវឌ្ឍ​វិស័យឌីជីថល និងបង្កើនបទពិសោធប្រើប្រាស់ថ្មីសម្រាប់ប្រជាជនកម្ពុជា។ កិច្ចសហការនេះនឹងនាំមកនូវអត្ថប្រយោជន៍យូរអង្វែង សម្រាប់ដៃគូបើកបរ និងអតិថិជនរបស់ក្រុមហ៊ុនទាំងពីរ។

 

លោក Yap Kok Leong (KL) អគ្គនាយក​ប្រតិបត្ដិ​នៃ​ក្រុមហ៊ុន​សែលកាត ក៏​បាន​លើក​ឡើង​ដែរ​ថា ក្នុង​នាម​ជាក្រុមហ៊ុនខ្មែរ ដែលបានបង្កើតឡើងនៅប្រទេសកម្ពុជាសម្រាប់ប្រជាជនកម្ពុជា លោកមានចក្ខុវិស័យក្នុងការជួយឱ្យអតិថិជនរស់នៅក្នុងជីវិតឌីជីថលបានយ៉ាងពេញលេញ។ តាមរយៈកិច្ចសហការនេះលោកសង្ឃឹមថា ដៃគូបើកបរ ផាសអ៊ែប នឹងទទួលបានសេវាអ៊ីនធឺណិត និងការតភ្ជាប់ដែលមានស្ថិរភាពពីក្រុមហ៊ុនសែលកាត ដែលជួយឱ្យដៃគូបើកបរទទួលការកក់បានលឿន ទំនាក់ទំនងជាមួយអ្នកដំណើរបានងាយស្រួល និងធ្វើដំណើរបានយ៉ាងរលូន។ ហើយកិច្ចសហការនេះគឺជាជំហានដ៏សំខាន់មួយ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីធ្វើឱ្យការធ្វើដំណើររបស់ប្រជាជនកម្ពុជាមានភាពងាយស្រួល​ និងជឿនលឿនតាមបែបឌីជីថល។

 


អំពីក្រុមហ៊ុនសែលកាត 

 

ចាប់ដំណើរការក្នុងឆ្នាំ 1997 ក្រុមហ៊ុនសែលកាត គឺជាប្រតិបត្តិករក្នុងស្រុកដែលបម្រើសេវាកម្មទូរស័ព្ទជូនអតិថិជននៅប្រទេសកម្ពុជា។ ក្រុមហ៊ុនសែលកាត គឺជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំមួយក្នុងប្រទេសកម្ពុជាដែលមានអតិថិជនជាង 4 លាននាក់ ដែលមានសេវាគ្របដណ្តប់ទូទាំងប្រទេស និងមានបណ្តាញចែកចាយដ៏ធំទូលាយ។ ក្រុមហ៊ុននៅតែរក្សាជំហរនៅក្នុងទីផ្សារក្នុងការផ្តល់នូវសេវាទូរគមនាគមន៍ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងនៅតែបន្តពង្រីកបណ្តាញសេវាគ្របដណ្តប់ 4G/5G ឱ្យកាន់តែប្រសើរ និងមានប្រសិទ្ធភាព។ 



អំពី​ក្រុមហ៊ុន ផាស​អ៊ែ​ប ថេ​កណ​ឡ​ជី

 

ផាស​អ៊ែ​ប (PassApp) គឺជា​កម្មវិធី​កក់​មធ្យោបាយ​ធ្វើ​ដំណើរ​តាម​ទូរ​ស័ព្ទ​ដៃ​ឈានមុខ​គេ​ក្នុង​ប្រទេស​កម្ពុជា ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​តាំងពី​ឆ្នាំ ២០១៧។ ផាស​អ៊ែ​ប (PassApp) ប្តេជ្ញា​ផ្តល់​នូវ​សេវាកម្ម​ធ្វើ​ដំណើរ​ដ៏​ល្អ​បំផុត​ជូន​ដល់​អតិថិជន​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង។ បច្ចុប្បន្ន វិសាលភាព​សេវាកម្ម​របស់ ផាស​អ៊ែ​ប (PassApp) បាន​គ្របដណ្ដប់​ក្នុង​ខេត្ត​-​ក្រុង​ចំនួន ១០ រួម​មាន៖ ភ្នំពេញ សៀមរាប ព្រះ​សីហ​នុ បាត់ដំបង កំពង់ចាម កំពង់ស្ពឺ កំពត កណ្ដាល បន្ទាយ​មាន​ជ័យ និង​បា​វិត។ ដើម្បី​ឆ្លើយ​តប​តាម​តម្រូវការ​របស់​អតិថិជន ក្រុមហ៊ុន​បាន​ផ្តល់​ជូន​ជម្រើស​យានយន្ត​យ៉ាង​សម្បូរ​បែប រួម​មាន រ៉ឺ​ម៉ក PassApp កង់​បី PassApp រថយន្ដ​តូច រថយន្ត ECO រថយន្ដ SUV និង​រថយន្ដ Comfort ជាដើម ៕
 



 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia