អបអរសាទរ! រោងចក្រកែច្នៃដំឡូងមីថ្មី១ទៀត តម្លៃ២០លានដុល្លារ កំពុងបើកការដ្ឋានសាងសង់នៅខេត្តកំពង់ស្ពឺ
ធី ស្រីល័ក្ខAPRIL 29 2026833 views

រោងចក្រកែច្នៃដំឡូងមីថ្មី១ទៀតហើយ បានបើកការដ្ឋានសាងសង់នៅខេត្តកំពង់ស្ពឺ ដែលរោងចក្រមួយនេះនឹងក្លាយជាជំហានសំខាន់មួយក្នុងការរួមចំណែកបង្កើតតម្លៃបន្ថែម សម្រាប់វិស័យដំឡូងមី និងពង្រីកវិស័យកសិ-ឧស្សាហកម្មរបស់កម្ពុជា។

 

ជាក់ស្តែង បើយោងតាមការចុះផ្សាយដោយក្រសួងព័ត៌មាន បានឱ្យដឹងថា រោងចក្រនេះត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Guanshen Shengda Agriculture Industry Co., Ltd. ក្នុងទុនវិនិយោគសរុបប្រមាណ ២០ លានដុល្លារអាមេរិក ដោយរំពឹងថានឹងពង្រឹងសមត្ថភាពកែច្នៃក្នុងស្រុក គាំទ្រកសិករ និងជំរុញកំណើននៃការនាំចេញ។

 

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ ឯកឧត្តម សុន សេងហួត រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា “វិស័យដំឡូងមីកំពុងផ្លាស់ប្តូរពីការនាំចេញក្នុងទម្រង់ជាវត្ថុធាតុដើម ទៅរកការកែច្នៃក្នុងស្រុក ដើម្បីបង្កើតតម្លៃបន្ថែមកាន់តែខ្ពស់។”

 

លើសពីនេះទៅទៀត កម្ពុជាមានបរិមាណផលិតកម្មដំឡូងមីប្រមាណ ១៣.៨៩ លានតោន ក្នុងឆ្នាំ២០២៣ ហើយវិស័យនេះបន្តទាក់ទាញការវិនិយោគឯកជនធំៗ ស្របតាមគោលដៅអភិវឌ្ឍន៍វិស័យកសិ-ឧស្សាហកម្ម របស់រាជរដ្ឋាភិបាលកម្ពុជា។

 ៣០

គួរជម្រាបថា បច្ចុប្បន្ន មានរោងចក្រកែច្នៃដំឡូងមីចំនួន ១៦ (កើនឡើង ៩ រោងចក្រ ធៀបនឹងឆ្នាំ២០២០ ដែលមានតែ ៧ រោងចក្រ) កំពុងដំណើរការ ដែលបង្ហាញពីកំណើនយ៉ាងឆាប់រហ័សនៃសមត្ថភាពកែច្នៃក្នុងស្រុក។ទន្ទឹមនឹងនេះ កម្ពុជាក៏បានអភិវឌ្ឍស្តង់ដាជាតិចំនួន ៤ សម្រាប់វិស័យដំឡូងមី រួមមានស្តង់ដា CS056:2007 សម្រាប់ផលិតម្សៅដំឡូងមី (Tapioca Flour), ស្តង់ដា CS058:2008 សម្រាប់ម្សៅអាមីដុងដំឡូងមី (Tapioca Starch), ស្តង់ដា CS328:2014 សម្រាប់ដំឡូងមីផ្អែម និងស្តង់ដា CS516:2014 CAR/RCP73-2013 សម្រាប់គ្រប់គ្រងអាស៊ីត Hydrocyanic (HCN) ដើម្បីឆ្លើយតបទៅនឹងតម្រូវការគុណភាពផលិតផល និងតម្រូវការទីផ្សារ។បន្ទាប់ពីការសាងសង់និងដាក់ឱ្យដំណើរការ រោងចក្រនេះរំពឹងថានឹងទទួលចំណូលពីការលក់ប្រចាំឆ្នាំប្រមាណ ៩០ លានដុល្លារអាមេរិក ដោយមានសមត្ថភាពផលិតម្សៅដំឡូងមីសម្រេច ១០០.០០០ តោន, ចំណិតដំឡូងមីស្ងួត ១០០.០០០ តោន និងសំណល់សម្រាប់ចំណីសត្វ ៣០.០០០ តោន ក្នុងមួយឆ្នាំ។

៣១

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia