លោកស្រីវេជ្ជបណ្ឌិត លឹម លីណា (Carolyne Pung ) អនុប្រធានក្រុមប្រឹក្សាភិបាល កាណាឌីយ៉ា អ៊ិនធើហ្គ្រេធីត គ្រុប (Canadia Integrated Group) ទទួលបានគោរមងារជា «ឧកញ៉ា»។ នេះបើយោងតាមព្រះរាជក្រឹត្យចុះកាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦។
ការផ្ដល់គោរមងារ ឧកញ៉ា ជូនដល់លោកស្រីវេជ្ជបណ្ឌិត លឹម លីណា នេះបានធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

សូមជម្រាបថា ឧកញ៉ាវេជ្ជបណ្ឌិត Carolyne Pung បានកើតនៅក្នុងទីក្រុងភ្នំពេញ។ លោកស្រីបានចម្រើនវ័យ និងសិក្សានៅទីក្រុង Montreal ប្រទេសកាណាដា។ លោកស្រីបានបន្តការសិក្សាផ្នែកវេជ្ជសាស្រ្ត និងបានបញ្ចប់ថា្នក់អនុបណ្ឌិតក្នុងឆ្នាំ២០០០។ លោកស្រីមានជំនាញផ្នែកវេជ្ជសាស្រ្តគ្រួសារ និងបានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ Montreal នៅក្នុងឆ្នាំ២០០២។ លោកស្រីបានបំពេញវិជ្ជាជីវៈជាវេជ្ជបណ្ឌិតនៅក្នុងមន្ទីរពេទ្យ និងគ្លីនិកឯកជនចំនួនពីរ នៅក្នុងប្រទេសកាណាដា គឺខេត្ត Quebec និងខេត្ត Ontario សំរាប់រយៈពេល ៥ឆ្នាំ។
នៅក្នុងឆ្នាំ២០០៧ លោកស្រីបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីជួយគ្រប់គ្រងអាជីវកម្មនានា។ ដើម្បីបន្តការអនុវត្តន៍វិជ្ជាជីវៈផ្នែកវេជ្ជសាស្រ្ត លោកស្រីបានបម្រើការងារក្រៅម៉ោងនៅគ្លីនិក International SOS Clinic ឬ Raffles Medical ក្នុងទីក្រុងភ្នំពេញរហូតដល់ឆ្នាំ២០២០។ លោកស្រីធ្លាប់ជាសមាជិកក្រុមប្រឹក្សាភិបាល នៃធនាគារកាណាឌីយ៉ា ក.អ ដែលជាធនាគារឈានមុខគេក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០០៧មក និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ តាំងពីឆ្នាំ២០១៣។
បច្ចុប្បន្ននេះឧកញ៉ាបណ្ឌិត លឹម លីណា កំពុងកាន់តួនាទីធំៗជាច្រើនក្នុងមុខជំនួញពហុវិស័យនៅកម្ពុជា រួមមានដូចជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនកាណាឌីយ៉ា អ៊ិនធើហ្គ្រេធីត គ្រុប, អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន OCIC, អភិបាលរបស់ធនាគារ កាណាឌីយ៉ា, សហស្ថាបនិក និងជា CEO មន្ទីរពេទ្យ អុីនធ័រឃែរ (Intercare Hospital) និងជាអនុប្រធានក្រុមប្រឹក្សាភិបាល ធនាគារ ប្រៃសណីយ៍កម្ពុជា (CPBank)ផងដែរ៕



