នៅក្នុងសង្គមសម័យទំនើប ទម្រង់នៃការបោកប្រាស់ក៏មានច្រើនទម្រង់ផងដែរ ហើយប្រសិនបើអ្នកមិន ប្រយ័ត្នប្រយែង មិនគិតវិភាគឱ្យល្អិតល្អន់ ងាយលង់នឹងលាភសក្ការងាយៗ អ្នកអាចនឹងក្លាយជាចំណីដែលជនខិលខូចធ្វើស៊ីអ្នកក៏ថាបាន។ រំលឹកទៅកាន់ឆ្នាំ២០១៧ ប្រជាជនកម្ពុជា ៧៥០០នាក់ ធ្លាប់បានចាញ់បោកក្រុមហ៊ុនបោកប្រាស់ទម្រង់ Ponzi Scheme អស់ទឹកប្រាក់សរុបមិនតិចជាង ៦០លានដុល្លារនោះទេ។ នេះបើយោងតាមកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយកាលពីឆ្នាំ២០១៧។
នៅមានករណីជាច្រើនទៀត ហើយបើទោះបីជាមកទល់នឹងពេលនេះ ទម្រង់បោកប្រាស់ Ponzi Scheme ក៏នៅតែបន្តកើតមានផងដែរ។ តើអ្វីជាគម្រោងបោកប្រាស់ទម្រង់ Ponzi Scheme?
Ponzi Scheme គឺត្រូវបានគេដាក់ឈ្មោះតាមពាណិជ្ជករអ៊ីតាលីម្នាក់ឈ្មោះ Charles Ponzi ដែលបានបង្កើតគម្រោងការបោកប្រាស់តាមរយៈ ការបង្កើតគម្រោងវិនិយោគមួយ ហើយខំប្រឹងទាក់ទាញអ្នកវិនិយោគថ្មីៗឱ្យមកចូលរួមវិនិយោគជាមួយខ្លួន ឱ្យបានកាន់តែច្រើននាក់ ព្រោះគម្រោងវិនិយោគនេះ អាចរីកចម្រើនតាមរយៈការប្រមូលទុនអ្នកវិនិយោគ។ បន្ទាប់ពីបានប្រមូលទុនដែលបានពីអ្នកវិនិយោគថ្មីៗ ពួកគេនឹងយកភាគលាភមួយផ្នែកតូចមកចែកឱ្យអ្នកវិនិយោគចាស់ៗ ហើយបន្ទាប់ពីនោះ អ្នកវិនិយោគគ្រប់រូបដែលបានចូលរួម ត្រូវខំប្រឹងទាក់ទាញអ្នកវិនិយោគថ្មីៗឱ្យមកចូលរួមកាន់តែច្រើន ដើម្បីអាចទទួលបានភាគលាភកាន់តែច្រើនផងដែរ នៅគ្រាមួយដែលពួកគេមិនអាចស្វែងរកអ្នកវិនិយោគថ្មីៗមកចូលរួមជាមួយ គម្រោងវិនិយោគនោះនឹងដួលរលំ ដែលនឹងធ្វើឱ្យអ្នកចូលរួមវិនិយោគជាច្រើនខាតបង់ប្រាក់ជាច្រើន។
ចំពោះលក្ខណៈសំគាល់សំខាន់ៗនៃគម្រោងការបោកប្រាស់ Ponzi Scheme អាចមានជាច្រើនចំណុចគួរឱ្យសង្ស័យរួមមាន៖
១. ធានាប្រាក់ចំណេញខ្ពស់ ជាមួយនឹងអត្រាហានិភ័យទាប ឬមិនមានហានិភ័យតែម្ដង។ ត្រូវចាំថាការវិនិយោគពិតប្រាកដកម្រមានការធានាហានិភ័យ១០០%ណាស់ ព្រោះរកស៊ី វិនិយោគតិចឬច្រើនតែងមានហានិភ័យជានិច្ច។
២. ក្រុមហ៊ុនវិនិយោគមិនបានចុះបញ្ជី ឬមិនមានអាជ្ញាបណ្ណទទួលស្គាល់ដោយក្រសួងពាក់ព័ន្ធនានា។
៣. យុទ្ធសាស្ត្រវិនិយោគរបស់គេមានភាពស្មុគស្មាញពិបាកយល់ និងមិនសូវមានព័ត៌មានគ្រប់គ្រាន់ពេញលេញ
៤. សាំញ៉ាំ ស្មុគស្មាញ រាល់ពេលដែលអ្នកវិនិយោគចង់ធ្វើការដកប្រាក់ចេញ ព្រោះគោលដៅពួកគេមិនចង់ឱ្យមានអ្នកវិនិយោគណាម្នាក់ដកប្រាក់ចេញនោះទេ។ ដូច្នេះគេក៏សន្យាផ្ដល់ផលចំណេញកាន់តែខ្ពស់ ជាថ្នូរនឹងការបន្តរក្សាប្រាក់វិនិយោគសិន មិនទាន់ដកចេញជាដើម។
៥. មិនមានលិខិតបញ្ជីស្នាមច្បាស់លាស់ត្រឹមត្រូវ ជាពិសេសរបាយការណ៍ហិរញ្ញវត្ថុជាដើម។
ចំណុចទាំង ៥ខាងលើនេះ គ្រាន់តែជាចំណុចសំគាល់មួយចំនួនតែប៉ុណ្ណោះ ហើយវានៅមានចំណុចសង្ស័យជាច្រើនទៀត។ គម្រោងវិនិយោគបោកប្រាស់ Ponzi Scheme ក៏ត្រូវបានគេបំប្លែងជាច្រើនទម្រង់ ប្រើក្នុងគម្រោងវិនិយោគវិស័យនានាជាច្រើនផងដែរ។
ជាចុងក្រោយ មុននឹងសម្រេចចិត្តវិនិយោគ អ្នកគប្បីត្រូវគិតពិចារណាឱ្យបានច្បាស់លាស់ ព្រោះអ្វីដែលគេធានាថាបានផលចំណេញច្រើន គ្មានហានិភ័យ ដាក់លុយបានលុយ តម្រូវឱ្យអ្នកស្វែងរកមនុស្សថ្មីៗមកចូលរួម ឬបានផលចំណេញស្រួលៗពេក គឺភាគច្រើនជាគម្រោងការវិនិយោគបោកប្រាស់តែប៉ុណ្ណោះ៕