នៅក្នុងឆ្នាំ២០២២ អាចនិយាយបានថាជាឆ្នាំដែលបានការនិយោគបង្កើតរោងចក្រដំឡើងរថយន្ដច្រើននៅក្នុងប្រទេសកម្ពុជា។ ជាក់ស្ដែងបើយោងតាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងឆ្នាំ២០២២ នេះ មានក្រុមហ៊ុនធំៗទាំងក្នុងស្រុក និងក្រៅស្រុកចំនួន ៣ បានបោះទុនរាប់លានដុល្លារបង្កើតរោងចក្រដំឡើងរថយន្ដម៉ូឌែលល្បីៗដោយក្នុងនោះរួមមមាន៖
១. ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd គម្រោងបង្កើតរោងចក្រផ្គុំ និងតម្លើងរថយន្តតូយ៉ូតា ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ, រាជធានីភ្នំពេញ, មានទុនវិនិយោគចំនួន ៣៦,៧លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១៥០នាក់។
២. ក្រុមហ៊ុន GTV MOTOR CO., LTD គម្រោងបង្កើតរោងចក្រដំឡើងរថយន្ត ដែលមានទីតាំងវិនិយោគស្ថិតនៅអគារលេខ ៦ A និង ៦ B ផ្លូវជាតិលេ៣ ភូមិអង្រ្គង ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១៥,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៣៨កន្លែង។
៣. ក្រុមហ៊ុន K (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផ្គុំដំឡើងរថយន្ត អ៊ីស៊ូហ្ស៊ុ (ISUZU) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៧,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦៦កន្លែង៕
អត្ថបទ៖ កឹម ប៊ុនធឿន