ពិ.ការជើងតែមិនពិការគំនិត! លោក សំណាង ចាប់យករបរលក់ត្រីងៀត មួយខែអាចរកចំណូលបានខ្ទង់៣ពាន់ដុល្លារ
Sambat SokhlangSEPTEMBER 22 2023204 views

ថ្វីបើពិការជើងមែនពិតតែមិនពិការគំនិត លោក សំណាង តស៊ូពុះពារបង្កើតមុខរបរលក់ត្រីងៀតចិញ្ចឹមជីវិតតាំងពី២០គីឡូ រហូតលក់កើនមួយខែឡើងដល់ជាង ២តោន និងរកចំណូលបានក្នុងមួយខែៗខ្ទង់ ២,០០០ ទៅ ៣,០០០ដុល្លារ។

 

បើតាមការឱ្យដឹងរបស់លោក សំណាង  បច្ចុប្បន្នជាម្ចាស់សិប្បកម្មកែច្នៃត្រី សំណាង សុធា នៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប បានឱ្យដឹងថា លោកបានចាប់យករបរនេះតាំងតែឆ្នាំ ២០០៣ មកម្ល៉េះ ពោលបើគិតមកដល់ពេលនេះមានរយៈពេល ២០ឆ្នាំមកហើយ ដោយក្នុងនោះលោកមានផលិតនិងផ្គត់ផ្គង់ត្រីងៀត ត្រីប្រឡាក់ ប្រហុក និងផលិតត្រីកែច្នៃផ្សេងៗទៀត សម្រាប់ទីផ្សារក្នុងខេត្តសៀមរាបផ្ទាល់ និងរាជធានីភ្នំពេញ រួមជាមួយនឹងតាមបណ្តាលខេត្តក្បែរៗនោះ។ក្រៅពីការផ្គត់ផ្គង់នៅក្នុងស្រុកហើយ ផលិតផលរបស់លោកក៏មានឈ្មួញកណ្តាលនាំចេញក្រៅផ្លូវការទៅប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក ណូវែលហ្សេឡង់ និងអូស្រ្តាលី ជាដើម។

 

366077405 617797940500640 5858911589458345579 N

 

លោកបានបន្ថែមថា មូលហេតុដែលធ្វើឱ្យត្រីងៀតរបស់លោកទទួលបានការគាំទ្រខ្លាំងទាំងក្នុងនៅក្រៅប្រទេសបែបនេះគឺដោយសារតែ គុណភាពនៃផលិតផលនិងភាពសម្បូរបែបនៃប្រភេទត្រីងៀតនីមួយៗ ដោយគាត់បានប្រើប្រាស់ត្រីប្រភេទខុសៗគ្នា រួមមាន ត្រីរ៉ស់ ត្រីឌៀប ត្រីប្រា និងត្រីអណ្តែងជាដើម។ ហើយក្នុងមួយខែៗសិប្បកម្មអាចផលិតត្រីងៀតបានជាមធ្យមចំនួន ២តោន ចំណែកឯតម្លៃនៃត្រីងៀតមានចាប់ពីតម្លៃ ៦ដុល្លារដល់ ១៥ដុល្លារក្នុងមួយគីឡូក្រាម។

 

ប៉ុន្តែទន្ទឹមនឹងភាពជោគជ័យរីកចម្រើននៅក្នុងការរកស៊ីរបរត្រីងៀតនេះក៏ពិតមែន ប៉ុន្តែក្នុងនោះក៏នៅមានបញ្ហានិងផលលំបាកមួយចំនួនផងដែរ ដែលបញ្ហាប្រឈមមានដូចជា ការរៀបចំនិងអនាម័យនៅទីតាំងសិប្បកម្មនេះនៅខ្វះខាតសម្ភារបរិក្ខារមួយចំនួនដូចជាទូបង្កក ទូលាងដៃ ប្រព័ន្ធទឹកស្អាត បន្ទប់វេចខ្ចប់ និងបិទស្លាកសញ្ញា និងចំណេះដឹងផ្សេងៗពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ និងការនាំចេញជាដើម។

 

286786153 348821267390742 4324711571994023333 N

 

លុះក្រោយមក ដោយមានការគាំទ្រពីគម្រោងរបស់ CAPFish- Capture បានជួយឱ្យសិប្បកម្មរបស់លោក សំណាង  ទទួលបានការគាំទ្រជាច្រើនដូចជាបច្ចេកទេសលើការរៀបចំអភិវឌ្ឍន៍អាជីវកម្ម ការផ្សព្វផ្សាយ និងផ្សារភ្ជាប់ទីផ្សារ ស្លាកសញ្ញានិងការវេចខ្ចប់ ការធ្វើតេស្តគុណភាពផលិតផល និងបណ្តុះបណ្តាលបុគ្គលិកស្តីពីប្រព័ន្ធវិញ្ញាបនប័ត្រ CQS ។ ហើយនាពេលថ្មីៗនេះ សហគ្រាសទើបនឹងទទួលបានធុងក្លាសេ តុកាត់សាច់អ៊ីណុក  តុសម្រាប់វេចខ្ចប់ ម៉ាស៊ីនអ៊ុតឡូត៌ ទូលាងដៃសម្អាតដៃ ម៉ាស៊ីនផ្លុំកម្តៅ ទូក្លាសេ និងសម្ភារបរិក្ខាមួយចំនួនទៀត។

 

273165063 264390705833799 5185736279685000768 N

 

272798745 262536939352509 5706641567566859249 N

 

គួរបញ្ជាក់ផងដែរថា គម្រោង CAPFish- Capture គឺជាគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល ដែលផ្តោតសំខាន់ទៅលើ ៖

  • ការគាំទ្រផ្នែកសម្ភារបរិក្ខា ៖ សម្ភារបរិក្ខាដែលជួយសម្រួលក្នុងការអនុវត្តបច្ចេកទេសកែច្នៃរួមមាន ម៉ាស៊ីនកែច្នៃវេចខ្ចប់ ម៉ាស៊ីនសម្ងួត ម៉ាស៊ីនកាត់សាច់ ម៉ាស៊ីនសម្អាត ម៉ាស៊ីនកម្តៅ ម៉ាស៊ីនបង្កក ប្រព័ន្ធត្រជាក់ ឧបករណ៍អនាម័យ និងឧបករណ៍ផ្សេងៗទៀត ដូចដែលមានក្នុងបញ្ជីសម្ភារបរិក្ខារក្នុងពាក្យស្នើសុំ។
  • ការគាំទ្រផ្នែកបច្ចេកទេស ៖ផ្តោតសំខាន់លើការរៀបចំផែនការអាជីវកម្ម កែសម្អប្រតិបត្តិការអាជីវកម្ម អនុវត្ត អនុលោមភាពសុវត្ថិភាពម្ហូបអាហារ និងការភ្ជាប់ទីផ្សារ ។និងការគាំទ្រផ្នែកបច្ចេកទេសផ្តល់ដោយ អ្នកផ្តល់សេវាអភិវឌ្ឍន៍ធុរកិច្ច (BDS)ដែលបណ្តុះបណ្តាលដោយគម្រោង CAPFish – Capture ។

 

សម្រាប់ម្ចាស់អាជីវកម្មកែច្នៃជលផលដែលចង់ទទួលបានគម្រោងពី CAPFish Capture អាចធ្វើការសាកសួរព័ត៌មានលម្អិតបន្ថែមតាមរយៈ Email : CAPFish Capture -Cambodia@unido.org ឬតាមរយៈលេខទំនាក់ទំនង ០២៣ ៩០០ ៩៧៤ ៕

 

366217192 338449271842860 2667349852314236503 N

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia