សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចលុបចោលគម្រោងវិនិយោគនៅតំបន់ភ្នំខ្នងផ្សា ក្នុងភូមិសាស្ដ្រខេត្ដកំពង់ស្ពឺ។ ដោយការសម្រេចឲ្យលុបគម្រោងវិនិយោគនេះ ដោយសារមិនសមស្រប និងការពារផលប៉ះពាល់ដល់ការរកស៊ីរបស់ប្រជាសហគមន៍នៅតំបន់នោះ។
ថ្លែងនៅក្នុងពិធី “ ប្រគល់សញ្ញាបត្រជូនដល់និស្សិតវិទ្យាស្ថាន វ៉ាន់ដា” កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ សម្ដេចធិបតីនាយករដ្ឋមន្ដ្រីបានមានប្រសាសន៍ថា «ខ្ញុំឲ្យលុបប៉ុន្មានគម្រោងនៅលើនោះដែលការគិតគូររៀបចំវិនិយោគ ដល់ពេលយើងពិនិត្យជាក់ស្ដែងវាអត់សមស្រប។ ទុកអាហ្នឹងឲ្យសហគមន៍គេធ្វើទៅ។ កុំធ្វើការជំនួសសហគមន៍ ត្រូវបង្រៀនសហគមន៍ចេះរកស៊ី កុំយកអ្នករកស៊ីទៅធ្វើការជំនួសហគមន៍ហើយត្រឹមបង្កើតការងារ»។
សម្ដេចបន្ដថា «កន្លែងណាដែលសហគមន៍គាត់ចេះរកស៊ីបង្រៀនគាត់ ជួយគាត់ បង្កើតសមត្ថភាពគាត់ឲ្យចេះរកធុរកិច្ច។ យើងកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រឲ្យ យើងកសាងកន្លែងបន្ទប់ទឹក កន្លែងលក់អីឲ្យស្រួល ឲ្យគាត់គ្រប់គ្រង»។
សូមជម្រាបថា ខ្នងផ្សា គឺជាតំបន់ព្រៃភ្នំដ៏ធំមួយដែលស្ថិតនៅក្នុងភូមិតាំងបំពង តំបន់រលាក់កង់ជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ហើយជាទីតាំងប្រសព្វមុំបីដែលផ្សាភ្ជាប់ខេត្តចំនួនបីគឺ កោះកុង កំពុងស្ពឺ និងខេត្ដពោធិ៍សាត់។ ខ្នងផ្សា ជាតំបន់មួយដែលសម្បូរទៅព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗវាលស្រល់ដ៏ស្រស់ស្អាតនិងសម្បូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ៕