លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមហ៊ុន OCIC បានលើកឡើងថា ក្រុមហ៊ុនមានគម្រោងសាងសង់ផ្លូវទឹកថ្មីដែលតភ្ជាប់ពីទីក្រុងរណបរបស់អាកាសយានដ្ឋានអន្ដរជាតិតេជោ TIA ភ្ជាប់ទៅកាន់គម្រោងព្រែកជីកហ្វូណនេតជោ ដើម្បីសម្រួលដល់ការទឹកដញ្ជូនទំនិញ។ ខណៈគម្រោងផ្លូវទឹកថ្មីនេះមានប្រវែងសរុប ១០ គីឡូម៉ែត្រ និងគ្រោងចំណាយទុន ១០០ លានដុល្លារ។
ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវអាកាសយានដ្ឋានអន្ដរជាតិតេជោ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ លោកអ្នកឧកញ៉ាបានបញ្ជាក់យ៉ាងដូច្នេះថា “យើងមានផែនការសាងសង់ផ្លូវទឹកដឹកជញ្ជូនថ្មីប្រវែង ១០ គីឡូម៉ែត្រ ដែលគ្រោងចំណាយទុនវិនិយោគចំនួន ១០០ លានដុល្លារអាមេរិក សម្រាប់ធ្វើការតភ្ជាប់ពីបឹងជើងលូងដែលនៅប៉ែកខាងត្បូងរបស់ TIA ទៅភ្ជាប់នឹងទន្លេបាសាក់ និងព្រែកជីកហ្វូណនតេជោ រហូតទៅដល់ក្រុងកែប ដែលជាច្រកសមុទ្ររបស់ប្រទេសកម្ពុជាយើង ដើម្បីឲ្យតំបន់ TIA ក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក” ។
លោកអ្នកឧកញ៉ា ពុង ឃាវសែ បានបន្ថែមថា ក្រុមហ៊ុន OCIC ក៏បានចាប់ផ្ដើមអភិវឌ្ឍនទីក្រុងរណបរបស់អាកាសយានដ្ឋាន រួមមានការសាងសង់លំនៅឋានតម្លៃសមរម្យ សម្រាប់បុគ្គលិកនៅ TIA និងមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សេងៗទៀតផងដែរ៕