កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតកម្ពុជាប្រចាំកាណាដា ដែលមាននិវេសនដ្ឋាននៅទីក្រុងញូវយ៉ក បានជួបពិភាក្សាការងារជាមួយលោក Stephane Fallecker, ប្រធានផ្នែកនាំចេញ ទីផ្សារអាស៊ីប៉ាស៊ីហ្វិក និងមជ្ឈិមបូព៌ា នៃ Investissment Quebec នៅទីក្រុងមុងរ៉េអាល់។

នាឱកាសជំនួបនេះ ឯកអគ្គរាជទូតបានកត់សម្គាល់ដោយពេញចិត្តចំពោះកំណើនកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជានិងកាណាដា ជាពិសេសការកើនឡើងនៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ហើយក៏បានលើកទឹកចិត្តដល់ធុរជនដែលមានមូលដ្ឋាននៅខេត្តកេប៊ិកឱ្យទៅធ្វើការវិនិយោគបន្ថែមទៀតនៅក្នុងវិស័យអាទិភាពរបស់កម្ពុជា រួមទាំងវិស័យអប់រំ សុខាភិបាល និងការកែឆ្នៃម្ហូបអាហារជាដើម។

កិច្ចប្រជុំបានបញ្ចប់ដោយភាគីទាំងពីរបានឯកភាពគាំទ្រគ្នាទៅវិញទៅមក ក្នុងការពង្រឹងកិច្ចសហការនានា ដើម្បីជំរុញកំណើនការវិនិយោគឯកជនឱ្យកាន់តែច្រើនបន្ថែមទៀត។


