នៅក្នុងសង្គមខ្មែរតាំងពីបុរាណ យើងតែងតែទិញមាសទុកព្រោះមាសត្រូវបានគេចាត់ទុកជាទ្រព្យសុវត្ថិភាពដែលអាចមកប្រើប្រាស់ដោះស្រាយបញ្ហាក្នុងករណីត្រូវការលុយបន្ទាន់ផ្សេងៗ ជាពិសេសពេលមានវិបត្តិជាដើម។ ជាក់ស្ដែងពេលស្រុកទេសមានវិបត្តិអ្នកមានមាសគឺត្រូវប៉ាន់ជាងគេ។
យ៉ាងណាមិញ បងប្អូនមួយចំនួនដែលមានចំណូលទាបតែងតែគិតថា មាសថ្លៃហើយចង់បានលុយទិញមាសទុក មិនដឹងពេលបានអាចទិញមាសទុកដូចគេដូចឯង ខណៈចំណូលតិចហើយមាសសុទ្ធតែថ្លៃៗ។
បើតាមការលើកឡើងរបស់លោក ចិន ពន្លឺ អ្នកលក់មាស នៅហាងមាស ចែ ពៅ លក់គ្រឿងអលង្ការ បានឲ្យដឹងថានៅហាង ចែ ពៅ លក់គ្រឿងអលង្ការ បើបងប្អូនកាន់លុយចំនួន១០ម៉ឺនរៀលមកទិញមាស បងប្អូនអាចទិញមាសបាន១ហ៊ុន។ ត្រង់នេះលោកបានណែនាំថា បងប្អូនអាចទិញជាចិញ្ចៀនក៏បាន ទិញក្រវឹលក៏បានដោយស្រវឹលមួយគូរតម្លៃ១០ម៉ឺនរៀល ហើយក្រៅក៏នេះអ្នកក៏អាចទិញជាមាសសន្លឹកដោយមួយសន្លឹកមានតម្លៃ៥ម៉ឺនរៀល។
ត្រូវចាំថា បើចង់មានត្រូវគិតពីអនាគតឲ្យខ្លាំង ហើយរកលុយបានត្រូវចេះសន្សំនិងវិនិយោគដើម្បីអនាគតទៅសល់លុយ សល់ទ្រព្យ។ បើងាកមកការទិញមាសសន្សំទុកវិញ បើអ្នកមានចំណូលទាបនោះ អ្នកអាចទិញមាសសន្សំទុកម្ដងបន្តិចៗតាមលទ្ធភាពដើម្បីសល់ជាទ្រព្យឬដើមទុនសម្រាប់សម្រេចគោលដៅនាពេលខាងមុខដូចជាគោលដៅចេញរកស៊ីនិងវិនិយោគជាដើម។
គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃនេះហាងឆេងមាសនៅកម្ពុជាមានតម្លៃប្រមាណ២២៤ដុល្លារក្នុងមួយជី។ ហាងឆេងមាសនៅរយៈពេលចុងក្រោយនេះប្រែប្រួលតាមស្ថានភាពសេដ្ឋកិច្ច។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះព័ត៌មានពីទិន្នន័យទីផ្សារកាងារនៅអាមេរិកកើនឡើងបានរុញតម្លៃមាសឲ្យធ្លាក់ចុះយ៉ាងគំហុក មកត្រឹម១,៨៦៥ដុល្លារក្នុងមួយអោន តែមកដល់ពេលនេះមាសចាប់ផ្ដើមឡើងដល់១,៨៨៣ដុល្លារក្នុងមួយអោនវិញ។
នៅក្នុងស្ថានភាពសេដ្ឋកិច្ចមិនច្បាស់លាស់ មាសគឺជាទ្រព្យមួយដែលងាយស្រួលទិញលក់ដើម្បីដោះស្រាយបញ្ហាបន្ទាន់ដូចជាការត្រូវការលុយបន្ទាន់ ហើយអ្នកជំនាញមួយចំនួនបានណែនាំថានៅឆ្នាំ២០២៣នេះ អ្នកគួរបញ្ចូលមាសនៅក្នុងបញ្ជីវិនិយោគរបស់អ្នក។
ចង់ចេះប្រើលុយឲ្យមានប្រសិទ្ធភាព ប្រើលុយឲ្យចំណេញនិងវិនិយោគលុយដើម្បីបង្កើនទ្រព្យអាចតាមដាន Facebook page របស់ខ្ញុំ Toeuy Hong-ទឿយ ហុងឬចូលគ្រុបតេឡេក្រាម: https://t.me/toeuy_hong