កាន់តែងាយស្រួលជាងមុន ចាប់ពីថ្ងៃនេះតទៅសម្រាប់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែល ជាសិស្ស និសិ្សត អាជីវករ កម្មករ និងកម្មការីនី ដែលបានធ្វើចំណាកស្រុកពីតាមបណ្តាខេត្តនានា មក សិក្សា និងប្រកបមុខរបរប្រចាំថ្ងៃនៅរាជធានីភ្នំពេញ អាចធ្វើការស្នើសុំសេចក្ដីចម្លងសំបុត្រអក្រានុកូលដ្ឋាន គ្រប់ប្រភេទទាំងអស់នៅភ្នំពេញបានដោយមិនបាច់ពិបាកជិះត្រឡប់ទៅស្រុកទៀតនោះទេ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចុះថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៧ ។
យោងតាមសេចក្តីជូនដំណឹងដដែលខាងលើ បានឱ្យដឹងថា ដោយមើលឃើញថា មានប្រជាពលរដ្ឋមួយចំនួន ដែលបានធ្វើចំណាកស្រុកពីតាមបណ្តាខេត្តនានា មក សិក្សា និងប្រកបមុខរបរប្រចាំថ្ងៃនៅរាជធានីភ្នំពេញ ហើយត្រូវការស្នើសុំសេចក្ដីចម្លងសំបុត្រអក្រានុកូលដ្ឋាន គ្រប់ប្រភេទសម្រាប់យកទៅប្រើប្រាស់ តម្រូវឱ្យពួកគាត់ត្រលប់ទៅសុំសេចក្ដីចម្លងពីសាលាក្រុង ស្រុក នៃលំនៅឋាន ដែលគាត់បានចុះបញ្ជីកន្លងមក ដែលធ្វើឱ្យមានការលំបាក និងត្រូវចំណាយទាំងពេលវេលា និងសោហ៊ុយធ្វើដំណើរច្រើនផងនោះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃបានសម្រេចសម្រួលឱ្យមានការស្នើសុំឯកសារនានាពាក់ព័ន្ធបាននៅភ្នំពេញផ្ទាល់បាន ដោយមិនបាច់ជិះទៅស្រុកទៀតឡើយ។
ហើយចំពោះ ការស្នើសុំសេចក្ដីចម្លងសំបុត្រអត្រានុកូលដ្ឋានគ្រប់ប្រភេទសម្រាប់យក ទៅប្រើប្រាស់ សាមីខ្លួន ឬអាណាព្យាបាល ឬញាតិជានីតិជនដែលរស់នៅក្នុងផ្ទះជាមួយ អាចមកស្នើសុំចម្លង សំបុត្រអត្រានុកូលដ្ឋានគ្រប់ប្រភេទ នៅនាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ដែលមានអាសយដ្ឋាននៅផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ទល់មុខបុរី ប៉េង ហួត បឹងស្ងោរ) នៅរៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕