ថ្មីៗនេះមានអថិជនរបស់ធនាគារABAជាច្រើនមានការងឿងឆ្ងល់ចំពោះការដកលុយតាមទូATM។ ដោយហេតុថាពួកគាត់ដកក្រដាសប្រាក់១០$ ២០$ និង៥០$លែងបាន បណ្ដាលឱ្យ មានមតិពីបងប្អូនជាច្រើនបានលើកឡើងពីបញ្ហារបស់ខ្លួន ព្រមទាំងមានអ្នកសំណូមពរឱ្យដាក់ក្រដាសប្រាក់ទាំងនោះវិញថែមទៀតផង។
ដើម្បីឆ្លើយតបទៅនឹងសេចក្ដីចង់ដឹងរបស់បងប្អូនថ្ងៃនេះ Business Cambodia បានធ្វើការសាកសួរលម្អិតទៅកាន់ភ្នាក់ងារផ្នែកសេវាកម្មរបស់ធនាគារ ABA ដើម្បីដឹងពីមូលហេតុនៃវិធានការដកប្រាក់ថ្មីតាមទូ ATMគ្រប់បញ្ជររបស់ ABA។
តាមពិតទៅគោលបំណងរបស់ថ្នាក់ដឹងនាំរបស់ធនាគារគឺចង់ធ្វើយ៉ាងណាឱ្យចំនួនទឹកប្រាក់នៅក្នុងទូ ATM នីមួយៗមានចំនួនច្រើនជាងមុន ដើម្បីបំពេញនូវតម្រូវការរបស់អ្នកប្រើប្រាស់។ ត្រង់ចំណុចនេះមានន័យថាអតិថិជនអាចដកលុយបានច្រើននឹងមានភាពងាយស្រួលជាងមុន។ ដោយឡែកខាងធនាគារក៏បានប្រាប់ដែរថា ចំពោះបងប្អូនណាដែលត្រូវការដកលុយបន្តិចបន្តួច(ក្រោម១០០$) សម្រាប់បំពេញតម្រូវការបងប្អូនអាចធ្វើការដកជាលុយខ្មែរដែលមានក្រដាស ៥ម៉ឺនរៀល។
ធនាគារធ្វើការលើកទឹកចិត្តទៅដល់ប្រជាពលរដ្ឋឱ្យចាយក្រដាសប្រាក់រៀលសម្រាប់ការចំណាយទូរទៅប្រចាំថ្ងៃ ហេតុនេះទើបសម្រេចដកក្រដាស១០$ ២០$ និង៥០$ ចេញពីទូ ATM។ សូមបញ្ជាក់ជូនផងដែរថាទោះជាបងប្អូនមានគណនីដុល្លារក៏អាចដកជាប្រាក់រៀលបានដែរ គ្រាន់តែមិនមានក្រដាសក្រោម៥ម៉ឺនរៀលឡើយ។
សរុបមកគោលបំណងធំៗទាំង២របស់ធនាគារABAគឺដើម្បីបំពេញតម្រូវការអតិថិជនឱ្យបានច្រើនជាងមុន ព្រមទាំងលើកទឹកចិត្តប្រជាជនឱ្យប្រើប្រាស់លុយរៀលសម្រាប់ការចំណាយប្រចាំថ្ងៃ។ ហេតុនេះសង្ឃឹមថាបងប្អូននឹងយល់ពីគោលការណ៍របស់ធនាគារហើយបត់បែនទៅតាមវិធានការជាក់ស្ដែង។
អត្ថបទដោយ៖ សូ សុខលី