កាលពីថ្មីៗនេះ ក្រសួងព័ត៌មាន បានចេញប្រកាសស្តីពី ការកំណត់អំពីបែបបទនីតិវិធី និងវិធានការក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ដោយនៅក្នុងនោះក្រសួងមិនអនុញ្ញាតផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង នៅតំបន់ទាំងនេះទៀតឡើយ។
ជាក់ស្តែង បើយោងតាមសេចក្តីប្រកាសរបស់ ក្រសួងព័ត៌មានបានឱ្យដឹងថា ចាប់ពីថ្ងៃនេះក្រសួងមិនអនុញ្ញាតឱ្យផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង គ្រប់ប្រភេទតាមគ្រប់ទម្រង់ និងគ្រប់មធ្យោបាយផ្សព្វផ្សាយចម្ងាយតិចជាង ២០០ម៉ែត្រ នៅជុំវិញបរិវេណទីតាំងមួយចំនួនជាអាទិ៍ គ្រឹះស្ថានសិក្សា គ្រឹះស្ថានសុខាភិបាល គ្រឹះស្ថានសាសនា រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត និងអាកាសយានដ្ឋានអន្តរជាតិផងដែរ។
ដូច្នេះហើយ លេខាធិការដ្ឋាន នៃ ក.គ.ផ.ស. វិស័យឯកជន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវអនុវត្តតាមប្រកាសនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕