នៅពេលឆាប់ៗខាងមុខកម្ពុជាអាចនឹងមានរោងចក្រផលិតគ្រឿងបង្គុំរថយន្តអគ្គិសនី ក្រោយមានក្រុមហ៊ុនដ៏ល្បីមួយរបស់កូរ៉េឈ្មោះ CAMKO INFRACORE បានបង្ហាញបំណងដាក់ទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តអគ្គិសនីសម្រាប់នាំចេញទៅកាន់ទីផ្សារពិភពលោក។
ថ្លែងនៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយនឹងឯកឧត្តម Chung Sye-kyun អតីតនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូរ៉េ និង គណៈប្រតិភូក្រុមហ៊ុន CAMKO MOTOR COMPANT LTD. និងក្រុមហ៊ុន CAMKO INFRACORE CO., LTD.។ ប្រតិភូក្រុមហ៊ុន CAMKO INFRACORE បានបង្ហាញទិសដៅក្នុងការដាក់ទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តអគ្គសនីនៅកម្ពុជា សម្រាប់នាំចេញទៅទីផ្សារពិភពលោក។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានស្នើសុំឱ្យឯកឧត្តម Chung Sye-kyun ជួយសម្របសម្រួល និងពិនិត្យលទ្ធភាពក្នុងការផ្សព្វផ្សាយអំពីសក្ដានុពលរបស់ប្រទេសកម្ពុជាបន្ថែមទៀតជូនដល់វិនិយោគិនកូរ៉េ ក្នុងគោលដៅដើម្បីពង្រីកសកម្មភាពវិនិយោគរវាងភាគីទាំងពីរថែមទៀតផង។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះក្រុមហ៊ុន CAMKO MOTOR កំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា លើការតម្លើងរថយន្តម៉ាក Hyundai និងផលិតខ្សែភ្លើងអគ្គិសនីសម្រាប់រថយន្ត ដើម្បីនាំចេញផងដែរ៕